
រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣វិច្ឆិកានេះ បានបង្ហោះសារបង្ហាញពីការសោកស្ដាយ បន្ទាប់ពីបានឃើញវីដេអូជុំវិញករណីស្ត្រីម្នាក់ ត្រូវបានបុរសមួយក្រុមចោមរោមរំខាន និងប៉ះពាល់រាងកាយ នៅពេលគាត់ចូលទៅលក់ម្ជូរ និងផ្លែឈើខ្ចប់ នៅក្នុងកម្មវិធីរាំកម្សាន្តមួយ...។

លោកមានប្រសាសន៍ថា មិនថានៅក្នុងសង្គមខ្មែរ ឬនៅប្រទេសណាក៏ដោយ ការបៀតបៀនរាងកាយ ឬការប្រើកាយវិការ និងពាក្យសម្ដីប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរអ្នកដទៃ ជាពិសេសលើស្ត្រី និងយុវតី គឺជាអំពើខុសឆ្គងធ្ងន់ធ្ងរទាំងខាងសីលធម៌ និងផ្លូវច្បាប់ ដែលសង្គមស្អប់ខ្ពើម។ លោកចោទជាសំណួរថា៖ តើអំពើខ្វះការគោរពបែបនេះ ត្រូវបានចាត់ទុកថា ជារឿងធម្មតាឬ? តើស្ត្រី ឬយុវតីដែលប្រកបមុខរបរលក់ដូរតូចតាច ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពនៅតាមរោងពិធី ឬអាហារដ្ឋាន ដែលមានការទទួលទានគ្រឿងស្រវឹង សុទ្ធតែត្រូវបង្ខំចិត្តស៊ូទ្រាំទទួលយកសកម្មភាពបៀតបៀនទាំងនេះ មែនទេ? លោកឧបនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា ខ្មែរយើងតែងលើកតម្កើង និងគោរពស្ត្រីណាស់ ព្រោះស្ត្រី គឺជាមាតា និងជាសសរទ្រូងដ៏សំខាន់ក្នុងគ្រួសារ និងសង្គមជាតិ។

លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានផ្ញើសារដាស់តឿន និងលើកទឹកចិត្តដល់បុរសទាំងអស់ សូមរក្សាឱ្យបាននូវភាពថ្លៃថ្នូរ រៀបចំខ្លួនទាំងកាយ វាចា និងចិត្ត ឱ្យបានសមរម្យ ជាពិសេស រាល់ពេលមាន[វត្តមាន]ស្ត្រី និងយុវតី នៅគ្រប់កាលៈទេសៈក្នុងជីវភាពសង្គម។ បន្ទាប់ពីវីដេអូឃ្លីបនេះ ត្រូវបានគេបង្ហោះលើបណ្តាញសង្គម កាលពីយប់ថ្ងៃទី១២វិច្ឆិកា ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ក៏បានចេញមកប្រកាសថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះសកម្មភាពរបស់បុរសមួយក្រុម ដែលមើលទៅមានលក្ខណៈមើលងាយ បៀតបៀន និងប៉ះពាល់ដល់រាងកាយ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីម្នាក់ ដែលប្រកបរបរលក់ផ្លែឈើនោះ។ លោកស្រី អុង សុភាវី រដ្ឋលេខាធិការ និងប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានចេញលិខិតបង្ហាញការសោកស្ដាយ និងក្ដីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះព័ត៌មាន និងវីដេអូ ដែលកំពុងផ្សព្វផ្សាយលើបណ្តាញសង្គម និងហៅទង្វើទាំងនេះ ផ្ទុយនឹងសីលធម៌សង្គម និងការគោរពតម្លៃមនុស្ស ហើយមិនអាចយកការលេងសើច ឬការកម្សាន្តមកធ្វើជាលេសបានឡើយ។

លោកស្រីអះអាងថា ស្ត្រីគ្រប់រូប ទោះបីប្រកបរបរ ឬមានស្ថានភាពជីវភាពបែបណាក៏ដោយ សុទ្ធតែមានសិទ្ធិទទួលបានការគោរព ការការពារ និងការប្រកបរបរ ចិញ្ចឹមជីវិតដោយសុវត្ថិភាព។ ប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ ពិនិត្យស្រាវជ្រាវ និងបញ្ជាក់អង្គហេតុឱ្យបានច្បាស់លាស់ ដើម្បីចាត់វិធានការតាមច្បាប់ និងនីតិវិធីជាធរមាន ប្រកបដោយភាព ត្រឹមត្រូវ និងយុត្តិធម៌។ លោកស្រី ក៏ស្នើឱ្យមានការយកចិត្តទុកដាក់ចំពោះសុវត្ថិភាព សុខុមាលភាព និងតម្រូវការជំនួយរបស់ស្ត្រីរូបនោះ ដោយគោរពឆន្ទៈ ឯកជនភាព និងសេចក្តីថ្លៃថ្នូរ។ លោកស្រីក៏បានអំពាវនាវដល់សាធារណជន ចូលរួមប្រឆាំងនឹងទង្វើបៀតបៀន និងការរើសអើងលើស្ត្រី ព្រមទាំងជៀសវាងការចែកចាយរូបភាព វីដេអូ ឬការបញ្ចេញមតិដែលបង្កការអាម៉ាស បន្ទោស ឬធ្វើឱ្យស្ត្រីរូបនោះរងការឈឺចាប់បន្ថែម៕




