
រាជធានីភ្នំពេញ៖ ប្រទេសកម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) នាចុងសប្តាហ៍នេះ ដោយមានបេក្ខជនមកពីទ្វីបអាហ្វ្រិកចំនួន ៣រូប និងអឺរ៉ុប១រូប កំពុងស្វែងរកជ័យជម្នះ ក្នុងការប្រកួតប្រជែងដណ្តើមតំណែងជាអគ្គលេខាធិការថ្មីនៃប្លុកក្រុមប្រទេសនិយាយភាសាបារាំង...។

បេក្ខជនសរុប៤រូប ត្រូវបានដាក់ឱ្យឈរឈ្មោះ រួមមាន៖ មកពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ(DRC), ម៉ូរីតានី (Mauritania), រវ៉ាន់ដា (Rwanda) ដែលជាម្ចាស់តំណែងបច្ចុប្បន្ន កំពុងស្វែងរកឱកាសរក្សាកៅអីរបស់ខ្លួន, និងរ៉ូម៉ានី។ សហភាពអាហ្វ្រិក បានប្រកាសគាំទ្របេក្ខជនអាហ្វ្រិកទាំង៣រូប ប៉ុន្តែបានអំពាវនាវឱ្យមានការរួបរួមគ្នាជាធ្លុងមួយ សម្រាប់អាហ្វ្រិក ជាអ្វីដែលមិនទាន់សម្រេចបាន និងទំនងជាមិនអាចសម្រេចបាននោះឡើយ។ យ៉ាងណា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងរវ៉ាន់ដា នឹងឈានជើងចូលទៅក្នុងសមរភូមិការទូតនេះ ដើម្បីប្រជែងដណ្តើមតំណែងដឹកនាំជាអគ្គលេខាធិការថ្មី ដោយភាគីទាំង២ សុទ្ធតែបានដាក់បេក្ខជនប្រកួតប្រជែងរៀងៗខ្លួន។ ការប្រកួតប្រជែងនេះ កើតឡើងចំពេលមានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រវាងប្រទេសកុងហ្គោ និងក្រុមឧទ្ទាម AFC/M23 ដែលបច្ចុប្បន្ន ដឹកនាំដោយអតីតប្រធានាធិបតី លោក ចូសេហ្វ កាប៊ីឡា (joseph kabila) ក្រោមចលនារណសិរ្សដើម្បីស្ថាបនាប្រទេសជាតិឡើងវិញ។

លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) នៃប្រទេសរវ៉ាន់ដា ដែលជាអគ្គលេខាធិការកំពុងកាន់តំណែង កំពុងបន្តស្វែងរកអាណត្តិទី៣ របស់លោកស្រី។ លោកស្រី ត្រូវប្រឈមមុខនឹងការប្រកួតប្រជែងជាមួយលោកស្រី ជូលៀណា លូមុំបា (Juliana Lumumba) មកពីសាធារណរដ្ឋកុងហ្គោ ដែលជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងជាកូនស្រីរបស់មេដឹកនាំទាមទារឯករាជ្យ និងជានាយករដ្ឋមន្ត្រីទីមួយរបស់ប្រទេស គឺលោក ប៉ាទ្រីស លូមុំបា (Patrice Lumumba)។ ជាមួយនឹងចំនួនប្រជាជនប្រមាណ១០០លាននាក់ កុងហ្គោ គឺជាប្រទេសនិយាយភាសាបារាំងធំជាងគេបំផុត នៅលើពិភពលោក។ ជាមួយគ្នា ប្រទេសម៉ូរីតានី ក៏បានដាក់បេក្ខជនរបស់ខ្លួនផងដែរ ទោះបីជាមានភាគរយតិចក៏ដោយ។ ចំណែកឯ ប្រទេសរ៉ូម៉ានី បានបញ្ជូនអតីតនាយករដ្ឋមន្ត្រីរបស់ខ្លួន មកចូលរួមប្រកួតប្រជែងផងដែរ។ សម្រាប់ប្រទេសរវ៉ាន់ដា ការបន្តរក្សាកៅអីអគ្គលេខានៃប្លុកនេះ បាន គឺជាកិត្យានុភាព និងមានឥទ្ធិពល។ ចំណែកឯសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោវិញ ការឈ្នះតំណែងនេះ នឹងក្លាយជាជ័យជម្នះដ៏សំខាន់នៃកម្រិតនយោបាយលើប្រទេសជិតខាងរបស់ខ្លួន។ គួរបញ្ជាក់ថា កិច្ចប្រជុំកម្រិតកំពូលនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងប្រទេសកម្ពុជា៕




