រដ្ឋមន្រ្តីមហាផ្ទៃ បញ្ជាទៅមន្រ្តីថ្នាក់ក្រោមជាតិត្រូវស្អាតស្អំ និងឆ្លើយតបសំណើពលរដ្ឋឱ្យទាន់ពេល
S
Sreyleak Yith
14 កុម្ភៈ 2025 05:00 PM

រាជធានីភ្នំពេញ៖​​ លោកឧបនាយករដ្ឋមន្ត្រី​​ ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាស់តឿនដល់មន្រ្តីក្រោមឱវាទ ត្រូវបន្តពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ឱ្យមានសមត្ថភាព ​ម្ចាស់ការ ​រឹងមាំ ស្អាតស្អំ និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព និងឆ្លើយតបឱ្យទាន់ពេលវេលានូវសំណូមពរនានារបស់ពលរដ្ឋ…។

លោក​​ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
លោក​​ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ការក្រើនរំឭកនេះ ធ្វើទ្បើងក្នុងឱកាស​ ​​លោក​​ឧបនាយករដ្ឋមន្ត្រី ចូលរួមសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥​​ កាលពីថ្ងៃទី១៣កុម្ភៈម្សិលមិញ។ លោកបានគូសបញ្ជាក់ថា​​​៖«រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធនានា ត្រូវរួសរាន់ពន្លឿនការធ្វើទំនើបកម្មនីតិវិធីផ្តល់សេវាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានវិទ្យា ប្រព័ន្ធឌីជីថល និងតាមប្រព័ន្ធអនឡាញជូនប្រជាពលរដ្ឋ»។ អាជ្ញាធរមូលដ្ឋានត្រូវចូលរួមសហការជាមួយស្ថាប័នមានសមត្ថកិច្ចក្នុងការបន្តជំរុញយុទ្ធនាការ ប្រយុទ្ធប្រឆាំងការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅតាមមូលដ្ឋានរៀងៗខ្លួន និងត្រូវបំផុសចលនាប្រជាពលរដ្ឋឱ្យចូលរួមកសាង ភូមិ-ឃុំ-សង្កាត់ គំរូគ្មានគ្រឿងញៀន។

លោក​​ឧបនាយករដ្ឋមន្ត្រី​​បន្ថែមថា គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ត្រូវបន្តពង្រឹងការអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនឱ្យបានសកម្ម និងមានប្រសិទ្ធភាពបន្ថែមទៀត ក្នុងការគ្រប់គ្រងសភាពការណ៍ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅក្នុងផែនសមត្ថកិច្ច​ រ​បស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។ ជាមួយគ្នា​ លោកក៏បានស្នើដល់មន្រ្តីពន្ធនាគារ ត្រូវជំរុញ និងលើកកម្ពស់ការគ្រប់គ្រងជនជាប់ឃុំស្របតាមស្តង់ដារបច្ចេកទេស ដែលធានាទាំងសន្តិសុខផ្លូវកាយ និងផ្លូវចិត្ត សុខភាព អនាម័យ សុវត្ថិភាពក្នុងពន្ធនាគារ និងផ្តល់ការអប់រំកែប្រែស្ដារនីតិសម្បទាបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរដល់ទណ្ឌិត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត