រដ្ឋមន្រ្តីមហាផ្ទៃ ណែនាំមន្ត្រីនគរបាលត្រូវតែទទួលបណ្ដឹងពលរដ្ឋ ទោះផុតម៉ោងធ្វើការក៏ដោយ
S
Soriya Sou
14 ម៉ោងមុន

រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់មន្ត្រីនគរបាលដែលមានសមត្ថកិច្ច ត្រូវតែទទួលពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋជាដាច់ខាត បើទោះផុតម៉ោងធ្វើការហើយក៏ដោយ…។

លោកឧបនាយករដ្ឋមន្រ្តី ស សុខា ចាត់ទុកការទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ គឺជារឿងសំខាន់។ លោកមានប្រសាសន៍ថា៖«ពលរដ្ឋមកដាក់ពាក្យបណ្ដឹង មានន័យថា គាត់ត្រូវការយើងហើយ! គាត់ខំជិះម៉ូតូរាប់ម៉ោងដើម្បីមកដាក់ពាក្យបណ្ដឹង ហើយបើយើងមិនទទួលគាត់ទៀត តើឱ្យគាត់ទៅពឹងអ្នកណា? ដូច្នេះ អត់ចាំថ្ងៃស្អែក ឬថាផុតម៉ោងធ្វើការទេ យើងទទួលយកសិនមក ចាំស្អែកចាត់វិធានការក៏បាន ប៉ុន្តែសំខាន់គឺទទួលយកបណ្ដឹងរបស់ប្រជាពលរដ្ឋ»។ ប្រសាសន៍ណែនាំរបស់លោកឧបនាយករដ្ឋមន្រ្តី ស សុខា ត្រូវបានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្រោយពីលោកសង្កេតឃើញមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលមួយចំនួន មិនព្រមទទួលពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ដោយអះអាងថា ផុតម៉ោងធ្វើការ ដែលវាបានបង្កជាផលវិបាកដល់ប្រជាពលរដ្ឋ។ ករណីនេះ ក៏ធ្លាប់ត្រូវបានប្រជាពលរដ្ឋលើកឡើង និងរិះគន់ជាហូរហែរផងដែរ។

ក្នុងនាមជាអ្នកបម្រើសេវាដល់ប្រជាពលរដ្ឋ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានណែនាំឱ្យមន្រ្តីនគរបាលទាំងអស់ខិតខំប្រឹងប្រែងធ្វើការ និងសូមរក្សាឱ្យបាននូវកាយវិការ និងពាក្យសម្ដីល្អទន់ភ្លន់។ កាលពីចុងខែមិថុនា កន្លងទៅ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានចេញបទបញ្ជា ចំពោះរាល់ប៉ុស្តិ៍នគរបាលរដ្ឋបាលណា ដែលមិនយកចិត្តទុកដាក់នៅក្នុងមូលដ្ឋាន ជាពិសេស មិនទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ប្រកាន់ភូមិសាស្ដ្ររុញដាក់គ្នាទៅវិញទៅមក មិនទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួន បើស្រាវជ្រាវរកឃើញកំហុសឆ្គងពិតប្រាកដ មន្រ្តីនោះ នឹងរងពិន័យរបស់កងកម្លាំងនគរបាលជាតិ។

សូមរំឭកថា តាមការពន្យល់របស់លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការទទួលពាក្យបណ្ដឹង ឬការប្តឹងផ្តល់ណាមួយរបស់ប្រជាពលរដ្ឋ ដែលត្រូវការពឹងពាក់ពីអាជ្ញាធរ ឬសមត្ថកិច្ច គឺមិនបានកំណត់ពីពេលវេលានោះទេ ទោះយប់ ឬថ្ងៃ ពោលគឺ២៤ម៉ោង ដែលប៉ុស្តិ៍នគរបាលទាំងអស់ បានចាត់វេនប្រចាំការ ដើម្បីរង់ចាំទទួលនូវពាក្យបណ្ដឹង ទាំងបណ្ដឹងលាយលក្ខណ៍អក្សរ និងបណ្តឹងផ្ទាល់មាត់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត