ជប៉ុនចង់ដើរតួនាទីធំជាងមុន ក្នុងជំហរសន្តិសុខអាស៊ីអាគ្នេយ៍
ហៀប ស៊ីថេត
•
13 វិច្ឆិកា 2026 10:15 AM

រដ្ឋធានីហ្សាការតា៖ ប្រទេសជប៉ុន​បានសន្យាថា នឹងរក្សាតម្លាភាព និងបើកចំហចំពោះកិច្ចសន្ទនា នៅពេលពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ខណៈការបន្ធូរបន្ថយនៃការរឹតត្បិតលើការនាំចេញអាវុធរបស់រាជធានីតូក្យូ អាចជំរុញឱ្យមានការរត់ប្រណាំងប្រជែងសព្វាវុធនៅក្នុងតំបន់ដែលមាន១១ប្រទេសជាសមាជិកមួយនេះ...។

លោក កូជី យ៉ូនេតានី (Koji Yonetani) ឯកអគ្គរាជទូតជប៉ុនប្រចាំអាស៊ាន បានអះអាងថា វិធីសាស្ដ្ររបស់រាជធានីតូក្យូចំពោះសន្តិសុខតំបន់ នៅតែប្រកាន់ខ្ជាប់នូវគោលការណ៍ដែលមានតាំងពីយូរមកហើយ។ លោកបានថ្លែងមុនកិច្ចប្រជុំកំពូលអាស៊ាន នៅរដ្ឋធានីម៉ានីល ថា៖«ទិសដៅក្រោយសង្គ្រាមរបស់ជប៉ុន ក្នុងនាមជាជាតិស្រឡាញ់សន្តិភាព នៅតែមិនប្រែប្រួលដាច់ខាត។ ការប្តេជ្ញាចិត្តរបស់យើង ចំពោះនីតិរដ្ឋ តម្លាភាព និងការគោរពអធិបតេយ្យភាព គឺមោះមុត និងរឹងមាំ»។ លោក យ៉ូនេតានី បន្ថែមថា ក្របខណ្ឌផ្ទេរបរិក្ខារការពារជាតិរបស់ជប៉ុន ដំណើរការក្រោមរង្វង់ការពារជាតិដ៏តឹងរ៉ឹង ហើយមានគោលបំណងពង្រឹងសន្តិសុខតំបន់ តាមរយៈការកសាងសមត្ថភាពដៃគូ។ លើសពីនេះ លោក យ៉ូនេតានី បានដកស្រង់ពាក្យរបស់លោក ស៊ីនជីរ៉ូ កូអ៊ីស៊ូមី (Shinjiro Koizumi) រដ្ឋមន្ត្រីការពារជាតិជប៉ុន ដែលបានសង្កត់ធ្ងន់លើសារសំខាន់នៃការសន្ទនា និងបានស្នើសុំពន្យល់ពីការផ្លាស់ប្ដូរគោលនយោបាយការពារជាតិរបស់ជប៉ុន ដល់បណ្តាប្រទេសដទៃ។ 

លោក កូជី យ៉ូនេតានី (Koji Yonetani)
លោក កូជី យ៉ូនេតានី (Koji Yonetani)

ជប៉ុន ក៏កំពុងបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្ទជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ខណៈសមុទ្ទចិនខាងត្បូង នៅតែជាដុំថ្មក្ដៅមួយកំពុងជះចំហេះក្លាយជារងើក ដែលអាចនឹងលេចចេញអណ្តាតភ្លើង នៅពេលណាមួយ។ ជាក់ស្តែង លោក យ៉ូនេតានី បានសង្កត់ធ្ងន់ថា៖«ជប៉ុននៅតែមានក្ដីបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាព និងការប៉ុនប៉ងម្ខាងៗ ជាពិសេស ក្នុងការប្តូរ​ស្ថានភាពដើមដោយកម្លាំងយោធា ឬការបង្ខិតបង្ខំ នៅសមុទ្ទចិនខាងត្បូង។ ជប៉ុនប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងបែបនេះ»។ សូមជម្រាបថា ជប៉ុនបានពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្ទ តាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍ជាផ្លូវការ (ODA) និងជំនួយសន្តិសុខជាផ្លូវការ (OSA) រួមមាន ការផ្ដល់នាវាល្បាត ការពង្រឹងសមត្ថភាពឆ្មាំសមុទ្ទ និងការកែលម្អការសម្របសម្រួលជាមួយអាជ្ញាធរដែនសមុទ្ទ និងការពារជាតិក្នុងតំបន់។

«សណ្តាប់ធ្នាប់ដែនសមុទ្ទសេរី និងបើកចំហ ដែលផ្អែកលើនីតិរដ្ឋ ផ្តល់ផលប្រយោជន៍ដល់គ្រប់ប្រទេសជាតិទាំងអស់[..]» នេះជាសម្តីរបស់លោក យ៉ូនេតានី។ សូមរំឭកថា កាលពីខែមេសា ជប៉ុនបានប្រកាសកំណែទម្រង់ធំ លើវិធានស្តីពីការលក់អាវុធទៅបរទេស ដែលបើកផ្លូវឱ្យមានការនាំចេញនាវាចម្បាំង មីស៊ីល និងបរិក្ខារសឹកយោធាផ្សេងៗទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត