សហរដ្ឋអាម៉េរិក និងអាស៊ាន ទាមទារឱ្យដោះលែងលោកស្រី អ៊ុងសាន ស៊ូជី ដោយឥតលក្ខខណ្ឌ
N
Nary Vann
07 សីហា 2026 04:00 PM

អាស៊ាន៖ ក្រសួងការបរទេសសហរដ្ឋអាម៉េរិក និងហ្វីលីពីន ជាប្រធានប្តូរវេននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចេញមុខទាមទារជាថ្មីនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នេះ ឱ្យមានការដោះលែងលោកស្រី អ៊ុងសាន ស៊ូជី អតីតមេដឹកនាំស៊ីវិលភូមា ឬមីយ៉ាន់ម៉ា និងអ្នកទោសនយោបាយផ្សេងទៀត ដោយឥតលក្ខខណ្ឌ។

លោកស្រី អ៊ុងសាន ស៊ូជី
លោកស្រី អ៊ុងសាន ស៊ូជី

ការអំពាវនាវនេះបានកើតឡើង បន្ទាប់ពីតំណាងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បានចូលជួបពិភាក្សា និងសួរសុខទុក្ខលោកស្រី អ៊ុងសាន ស៊ូជី ដោយផ្ទាល់កាលពីដើមសប្តាហ៍ បន្ទាប់ពីមានការបារម្ភយ៉ាងខ្លាំងលើសុខភាព និងសុវត្ថិភាពរបស់ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពវ័យ៨១ឆ្នាំរូបនេះ ចាប់តាំងពីលោកស្រីត្រូវបានយោធាឃុំខ្លួនក្នុងរដ្ឋប្រហារឆ្នាំ២០២១ មក។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ទាំងអាស៊ាន និងសហរដ្ឋអាម៉េរិក បានសម្ដែងការស្វាគមន៍ចំពោះជំនួបរបស់ ICRC ហើយសង្ឃឹមថា នេះជាចំណុចចាប់ផ្តើមនៃការទទួលបានសិទ្ធិចូលជួបជាទៀងទាត់ និងការថែទាំសុខភាពដល់រូបលោកស្រី និងអ្នកទោសនយោបាយទាំងអស់។ បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់ពីសារសំខាន់នៃការបើកកិច្ចសន្ទនាសន្តិភាពប្រកបដោយបរិយាបន្ន ព្រមទាំងការផ្ដល់សិទ្ធិឱ្យប្រធានបេសកជនពិសេសអាស៊ាន ចូលជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធទាំងអស់នៅភូមា អនុលោមតាមកិច្ចព្រមព្រៀងសន្តិភាព៥ចំណុចផងដែរ។ គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន គឺជាប្រធានប្តូរវេនអាស៊ានសម្រាប់ឆ្នាំ២០២៦នេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត