
ទីក្រុងសេប៊ូ៖ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាម៉េរិក លោក ភេត ហេកសិត (Pete Hegseth) បានស្នើឱ្យបង្កើត «ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការការពារជាតិអាម៉េរិក-អាស៊ាន» ថ្មីមួយ ក្នុងគោលបំណងពង្រឹងសន្តិសុខផ្លូវទឹក និងកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែស៊ីជម្រៅនៅក្នុងតំបន់។

សហរដ្ឋអាម៉េរិក បានស្វែងរកការបង្កើនដៃគូការពារជាតិតំបន់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយលើកឡើងពីតម្រូវការក្នុងការថែរក្សាអ្វីដែលខ្លួនហៅថា «ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ» ខណៈនាគរាជចិន កំពុងសម្ញែងកម្លាំងសាច់ដុំយោធាកាន់តែខ្លាំងនៅក្នុងតំបន់។ ថ្លែងមុនជំនួបជាមួយប្រមុខការពារជាតិមកពីអាស៊ាននៅទីក្រុងសេប៊ូ លោក ហេសសិត បានកោតសរសើរអ្វីដែលលោកហៅថា «ភាពប្រាកដនិយម និង ស្នេហាជាតិប្រកបដោយមោទនភាពរបស់តំបន់នេះ»។ លោកបានថ្លែងថា៖«យើងមិនអាចយល់ស្របលើគ្រប់បញ្ហាទាំងអស់ឡើយ ហើយយើងក៏មិនចាំបាច់ធ្វើបែបនោះដែរ»។

លោក ហេកសិត សង្កត់ធ្ងន់ថា៖ «ស្របពេលយើងសម្លឹងមើលទៅអនាគតក្នុងតំបន់នេះ ខ្ញុំចង់ឱ្យយើងកាន់តែមានមហិច្ឆតាបន្ថែមទៀត... យើងស្នើឱ្យធ្វើការជាមួយគ្នាដើម្បីអភិវឌ្ឍក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការការពារជាតិអាម៉េរិក-អាស៊ាន។ វាជាក្របខ័ណ្ឌអនុវត្តជាក់ស្តែងដែលណែនាំកិច្ចសហប្រតិបត្តិការរបស់យើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ខ្ញុំសូមកត់សម្គាល់ថា ប៉ុន្មានឆ្នាំខាងមុខនេះគឺមានសារសំខាន់បំផុត»។ លោកក៏បានអំពាវនាវឱ្យមានការពង្រឹងការយល់ដឹងអំពីដែនសមុទ្ទ និងកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់ក្នុងចំណោមកងទ័ពជើងទឹកផងដែរ។

រដ្ឋមន្រ្តីក្រសួងសង្គ្រាមអាម៉េរិករូបនេះ បានបន្ថែមថា៖«ទាំងនេះ ជាការបង្ហាញជាក់ស្តែងពីអ្វីដែលដៃគូប្រាកដប្រជាហ្វឹកហ្វឺន រៀនសូត្រ រៀបចំផែនការជាមួយគ្នា និងកសាងទំនុកចិត្តព្រមទាំងសមត្ថភាពចាំបាច់ដើម្បីបង្ការជម្លោះ»។ សូមជម្រាបថា ហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធិរបស់អាម៉េរិក បានប្រឈមមុខដាក់គ្នាជាយូរឆ្នាំមកហើយជាមួយរដ្ឋធានីប៉េកាំង ជុំវិញតំបន់ជម្លោះនៅសមុទ្ទចិនខាងត្បូង។ រដ្ឋធានីម៉ានីល បានបញ្ជាក់នៅខែតុលានេះថា វត្តមានយោធា និងឆ្មាំសមុទ្ទរបស់ចិននៅក្នុងតំបន់ជម្លោះនៃផ្លូវទឹកដ៏សំខាន់នេះ បានកើនឡើងទ្វេដង៕



