នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្តេជ្ញានាំយកភូមាចូលក្នុងគ្រួសារអាស៊ានវិញ
N
Nary Vann
•
08 តុលា 2026 12:18 PM

រាជធានីគូឡាឡាំពួរ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានថ្លែងថា រាជរដ្ឋាភិបាលរបស់លោក នឹងធ្វើគ្រប់បែបយ៉ាង ដើម្បីធ្វើការជាមួយប្រទេសភូមា ឬមីយ៉ាន់ម៉ា និងធានាថា ប្រទេសដែលកំពុងឆ្លងកាត់សង្គ្រាមស៊ីវិលមួយនេះ អាចធ្វើសមាហរណកម្មពេញលេញឡើងវិញ នៅក្នុងប្លុកអាស៊ាន បន្ទាប់ពីជំនួបជាមួយមេដឹកនាំគាំទ្រដោយយោធាភូមា លោក មីន អ៊ុងឡាំង នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។

អតីតប្រធានក្រុមប្រឹក្សាយោធា លោក មីន អ៊ុងឡាំង បាននិងកំពុងបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងស្វែងរកការទទួលស្គាល់ និងភាពស្របច្បាប់ជាអន្តរជាតិ បន្ទាប់ពីរូបលោកត្រូវបានតែងតាំងជាប្រធានាធិបតីកាលពីខែមេសា ក្រោយការបោះឆ្នោតមួយដែលត្រូវបានប្រជាជាតិលោកខាងលិច និងក្រុមសិទ្ធិមនុស្សរិះគន់ថា មិនស្របច្បាប់។ ទោះបីជាអាស៊ានធ្លាប់បានហាមឃាត់រូបលោកពីកិច្ចប្រជុំកំពូលតាំងពីឆ្នាំ២០២១ ក៏ដោយ ប៉ុន្តែបណ្តាប្រទេសជាសមាជិកមួយចំនួន រួមមាន៖ កម្ពុជា ឡាវ ថៃ និងវៀតណាម បានចាប់ផ្តើមស្តារទំនាក់ទំនងឡើងវិញជាបន្តបន្ទាប់។​ លោក អាន់វ៉ា បានគូសបញ្ជាក់ថា ទោះជាមានការព្រួយបារម្ភអំពីលទ្ធិប្រជាធិបតេយ្យនៅភូមាក៏ដោយ ប៉ុន្តែភាពខុសគ្នានៃនយោបាយត្រូវតែត្រូវបានគោរព ដោយលោកបានបន្ថែមថា ម៉ាឡេស៊ី នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទទួលយកភូមាជាផ្នែកមួយនៃសហគមន៍អាស៊ានឡើងវិញ។

​ទន្ទឹមនឹងកិច្ចពិភាក្សានយោបាយ លោក អាន់វ៉ា ក៏បានសម្ដែងការអរគុណចំពោះ លោក មីន អ៊ុងឡាំង ដែលបានយល់ព្រមទទួលយកប្រជាជនភូមាចំនួន១០៤៩៣នាក់ត្រឡប់ទៅប្រទេសវិញ។ ម៉ាឡេស៊ី បញ្ជាក់ថា ខ្លួនមិនអាចបន្តទទួលយកជនភៀសខ្លួនពីភូមាបានទៀតទេ ដោយសារតែពួកគេបានក្លាយជាបន្ទុកផ្នែកហិរញ្ញវត្ថុ និងជាហានិភ័យផ្នែកសន្តិសុខជាតិ។ កាលពីខែមុន ម៉ាឡេស៊ីបានបញ្ជូនជនជាតិភូមាប្រមាណ១៥០០នាក់ តាមនាវាជើងទឹកត្រឡប់ទៅវិញ ទោះបីជាមានការព្រមានពីអង្គការសហប្រជាជាតិ និងក្រុមសិទ្ធិមនុស្សអំពីគ្រោះថ្នាក់នៃសង្គ្រាមស៊ីវិលក៏ដោយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត