ប្រមុខការពារជាតិអូស្ត្រាលី៖ ការពង្រីកវត្តមានយោធារបស់ចិន កំពុងបង្កើតសម្ពាធក្នុងតំបន់អាស៊ីអាគ្នេយ៍
ហៀប ស៊ីថេត
•
2 ថ្ងៃមុន

ទីក្រុងសេប៊ូ៖ រដ្ឋមន្ត្រីការពារជាតិ និងជានាយករដ្ឋមន្ត្រីស្តីទីអូស្ត្រាលី លោក រីឆាដ ម៉ាឡេស (Richard Marles) បានថ្លែងនៅថ្ងៃព្រហស្បតិ៍ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ថា ការពង្រីកកម្លាំងយោធារបស់ប្រទេសចិន កំពុងបង្កើតឱ្យមានសម្ពាធនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ាន ហើយលោកបានជំរុញឱ្យប្រទេសសម្ព័ន្ធមិត្ត និងដៃគូនានា ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ។

លោក ម៉ាឡេស បានប្រាប់អ្នកសារព័ត៌មាននៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅក្នុងទីក្រុងសេប៊ូ ប្រទេសហ្វីលីពីនថា៖«យើងកំពុងមើលឃើញចិនកសាងកម្លាំងយោធាដ៏ធំជាងគេបង្អស់ ដែលពិភពលោកមិនធ្លាប់ជួបប្រទះ ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី២មក»។ លោកបានបន្ថែមថា ចិនមិនបានផ្តល់ការពន្យល់ច្បាស់លាស់អំពីមូលហេតុនៃការធ្វើបែបនេះឡើយ ហើយសកម្មភាពទាំងអស់នេះកំពុងបង្កឱ្យមានសម្ពាធ និងជាបញ្ហាប្រឈមសម្រាប់ប្រទេសអូស្ត្រាលី។ លោកបានគូសបញ្ជាក់ថា អូស្ត្រាលី គឺពឹងផ្អែកលើការរក្សាសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើវិធានច្បាប់ ដើម្បីធានាបាននូវសិទ្ធិ និងភាពស្មើគ្នាក្នុងតំបន់។

សូមជម្រាបថា រដ្ឋធានីប៉េកាំង បានដាក់ពង្រាយនាវាឆ្មាំសមុទ្ទ នាវាយោធា និងនាវាផ្សេងៗរាប់រយគ្រឿង ដើម្បីល្បាតនៅតំបន់ជម្លោះក្នុងសមុទ្ទចិនខាងត្បូង ដែលខ្លួនទាមទារសិទ្ធិស្ទើរតែទាំងស្រុង ទោះបីជាមានសេចក្តីសម្រេចពីតុលាការអន្តរជាតិថា គ្មានមូលដ្ឋានផ្លូវច្បាប់ក៏ដោយ។ លើសពីនេះ កាលពីខែកក្កដាកន្លងទៅ អូស្ត្រាលីបានតវ៉ាចំពោះការសាកល្បងមីស៊ីលដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិននៅប៉ាស៊ីហ្វិកខាងត្បូង ដោយហៅការបាញ់នោះថា ជាសកម្មភាពបង្កអស្ថិរភាព។ លោក ម៉ាឡេស បានបញ្ជាក់ថា៖«ឥឡូវនេះ ជាពេលវេលាដែលត្រូវពង្រឹងទំនាក់ទំនងទ្វេដង ជាមួយមិត្តភក្តិ និងអ្នកជិតខាង ហើយធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីផ្តល់នូវសន្តិសុខរួមរបស់យើង»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត