
រាជធានីបាងកក៖ តម្រួតនគរបាលថៃ បានឃាត់ខ្លួនមេខ្លោងម្ចាស់គេហទំព័រល្បែងអនឡាញជនជាតិចិនម្នាក់ មានលុយនៅតាមអនឡាញជាង៥០ពាន់លានបាត (លុយថៃ) ឬស្មើនឹងប្រហែលជិត១,៥ពាន់លានដុល្លារអាម៉េរិក ដែលប្រែក្លាយខ្លួន ពីអ្នកលេងធម្មតា ទៅឱ្យថៅកែល្បែងស៊ីសង...។

សារព័ត៌មាន Thairath ចេញផ្សាយនៅរសៀលថ្ងៃព្រហស្បតិ៍ទី១២ ខែវិច្ឆិកានេះថា តម្រួតនគរបាលស៊ើបអង្កេតអន្តោប្រវេសន៍ផ្នែកទី១ បានចាប់ខ្លួនមេខ្លោងល្បែងស៊ីសងតាមអនឡាញជនជាតិចិនម្នាក់ ជាអ្នករៀបចំល្បែងភ្នាល់បាល់ទាត់ និងល្បែងស៊ីសងផ្សេងៗ តាមអនឡាញដ៏ធំបំផុតមួយ។ ជនជាតិចិនម្នាក់នេះ ធ្លាប់ជាអ្នកលេងល្បែងម្នាក់ មុននឹងវិវឌ្ឍខ្លួន ក្លាយជាម្ចាស់អាជីវកម្មល្បែងភ្នាល់បាល់តាមអនឡាញ ដែលបានសម្ងំលាក់ខ្លួន នៅក្នុងខុនដូប្រណីតមួយកន្លែង ស្ថិតក្នុងតំបន់សុខុមវីត-ឯកម៉ៃ (สุขุมวิท-เอกมัย) ខណៈអាជីវកម្មនេះ មានទំហំទឹកប្រាក់ចរាចរណ៍ លើសពី៥០ពាន់លានបាត។ ប្រតិបត្ដិការបង្ក្រាបនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ក្រោមការដឹកនាំពីលោកឧត្ដសេនីយ៍ទោ នព្វសិន ពលសវត្ថិ (นพสิน พูลสวัสดิ์) នាយការិយល័យប៉ូលិសអន្ដោប្រវេសន៍ និងសមត្ថកិច្ចផ្សេងៗទៀត។

អាជ្ញាធរថៃ បានផ្ដោតលើការបង្ក្រាបទុនបរទេស ជាប់ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ ក៏ដូចជាបុគ្គលដែលបានលាក់ខ្លួន គេចពីការរកឃើញនៅក្នុងប្រទេសថៃ។ សកម្មភាពបែបនេះ ធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានពីស្ថានទូតចិនប្រចាំនៅរាជធានីបាងកក អំពីជនជាតិចិនម្នាក់ ជាមេខ្លោង នៃគេហទំព័រល្បែងស៊ីសងអនឡាញដ៏ធំមួយ។ បុគ្គលរូបនេះ បានរត់គេចពីដីកាតាមចាប់ខ្លួនរបស់ចិន ហើយកំពុងស្នាក់នៅក្នុងប្រទេសថៃ។ ប៉ូលិសថៃ បានកំណត់អត្ដសញ្ញាណមេខ្លោងល្បែងអនឡាញ ឈ្មោះ លីវ នីង (Liu Ning) អាយុ៤១ឆ្នាំ ជាជនជាតិចិន ដែលប្រទេសចិនតាមច្បាប់ខ្លួន ពីបទ«បើកដំណើរការល្បែងស៊ីសងដោយខុសច្បាប់»។ មេល្បែងស៊ីសងម្នាក់នេះ តែងតែទិញស្បៀងអាហារ យកទៅរក្សាទុកនៅក្នុងខុនដូប្រណីតមួយ នៅតំបន់សុខុមវីត-ឯកម៉ៃ ហើយគាត់កម្រនឹងចេញពីកន្លែងស្នាក់នៅរបស់គាត់ណាស់។

តម្រួតនគរបាលថៃ បានឱ្យដឹងថា នៅក្នុងអំឡុងសាកសួរនោះ ជនសង័្សយ បានទទួលស្គាល់ម្ចាស់គេហទំព័រល្បែងស៊ីសងអនឡាញ Huangguan ដោយមានគណនីអ្នកប្រើប្រាស់រហូតដល់ជាង៤០០០ និងមានប្រាក់តាមអនឡាញលើសពី៥០ពាន់លានបាត។ ប៉ុន្ដែពីដំបូងឡើយ គាត់គ្រាន់តែជាអ្នកគាំទ្របាត់ទាត់ម្នាក់ ដែលបានដាក់ប្រាក់ទៅនៅក្នុងល្បែងភ្នាល់បាល់ទាត់ ហើយក្រោយមក ក្លាយជាដៃគូដ៏ធំ និងជាម្ចាស់គេហទំព័រល្បែងភ្នាល់បាល់ទាត់ដ៏ធំបំផុតមួយ។ លុះក្រោយមក គាត់បានរត់ភៀសខ្លួន និងសម្ងំលាក់ខ្លួននៅក្នុងប្រទេសថៃ ដោយទទួលបានទិដ្ឋាការស្របច្បាប់ និងរស់នៅយ៉ាងស្ងៀមស្ងាត់ នៅក្នុងប្រទេសអាស៊ានមួយនេះ ដើម្បីគេចពីការតាមចាប់ខ្លួនរបស់ប្រទេសចិន៕


