សមត្ថកិច្ចចាប់ខ្លួនបុគ្គលិក Food Panda ក្រោយធ្វើសកម្មភាពបំពានរាងកាយស្ត្រីតាមដងផ្លូវ
ហាក់ អ៊ីឌី
•
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ នៅទីបំផុត កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនបុរសម្នាក់ ដែលជាបុគ្គលិកដឹកជញ្ជូនអាហាររបស់ក្រុមហ៊ុន Food Panda បន្ទាប់ពីបុគ្គលរូបនេះ ធ្វើសកម្មភាពបៀតបៀនបំពានរាងកាយស្ត្រី តាមដងផ្លូវ រហូតផ្ទុះការរិះគន់យ៉ាងខ្លាំង នៅលើបណ្តាញសង្គម...។ 

ប្រតិបត្តិការឃាត់ខ្លួនបុគ្គលិក Food Panda នេះ​ ធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីស្ត្រីរងគ្រោះ និងឃើញវីដេអូដែលត្រូវបានចែករំលែកតៗគ្នា លើបណ្តាញសង្គម។ ភ្លាមៗ..កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនល្មើសឈ្មោះ រិទ្ធ សុភារុន អាយុ២១ឆ្នាំ មុខរបរជាអ្នកដឹកជញ្ជូនអាហារ (Food Panda) បញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីធ្វើការសាកសួរ។ 

ក្រោយការឃាត់ខ្លួន និងសាកសួរ ជនសង្ស័យបានសារភាពអំពីសកម្មភាព ដែលខ្លួនបានប្រព្រឹត្តពិតប្រាកដមែន។ គួររម្លឹកថា កាលពីយប់ថ្ងៃទី១១ម្សិលមិញ មុនពេលកើតហេតុ អំលុងពេលមានភ្លៀងធ្លាក់ ជនសង្ស័យជិះម៉ូតូធ្វើជាវង្វេងផ្លូវហើយសួរនាំ ស្ត្រីរងគ្រោះ ដោយឃើញឱកាសល្អ ជនល្មើសបានធ្វើសកម្មភាពលូកដៃស្ទាបរាងកាយផ្នែកខាងក្រោមស្ត្រីរងគ្រោះ បន្ទាប់មក ក៏ជិះម៉ូតូគេចខ្លួនបាត់តែម្ដង។ បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត