តក់ស្លុតខ្លាំង! អ៊ីស្រាអែល ទម្លាក់គ្រា.ប់ត្រូវចំមន្ទីរពេទ្យ ផ្តា.ច់ជីវិតមនុស្សអស់៥នាក់ និងរបួ.ស២០នាក់ នៅតំបន់ហ្កាហ្សា
Mao Sopha
•
4 ម៉ោងមុន

តំបន់ហ្កាហ្សា៖ សម្រាកពីការប្រយុទ្ធជាមួយអ៊ីរ៉ង់ តែអ៊ីស្រាអែល មិនទាន់បន្ធូរដៃជាមួយពួកហាម៉ាសនៅតំបន់ហ្កាហ្សា រដ្ឋប៉ាឡេស្ទីន នោះទេ។ កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារតាមជើងអាកាសយ៉ាងព្រឺព្រួចដូចរាល់ដង ហើយបានទម្លាក់គ្រាប់លើទីតាំងនានា ដោយក្នុងនោះ ក៏ត្រូវចំមន្ទីរពេទ្យមួយកន្លែងផងដែរ ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា បណ្ដាលឱ្យមនុស្សយ៉ាងតិច៥នាក់បាត់បង់ជីវិតយ៉ាងអាណោចអាធម្ម និង២០នាក់រងរបួស នៅព្រឹកព្រលឹមថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦...។ 

សារព័ត៌មាន Reuters បានដកស្រង់សម្តីអ្នកនាំពាក្យអង្គភាពការពារជនស៊ីវិលនៅតំបន់ហ្កាហ្សា លោក ម៉ាមូដ បាសាល់ (Mahmoud Basal) ទៅចុះផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ការវាយប្រហាររបស់អ៊ីស្រាអែល ត្រូវចំផ្នែកវះកាត់នៃមន្ទីរពេទ្យឈ្មោះ ណាសឺ (Nasser) ធ្វើឱ្យអគារមន្ទីរពេទ្យនេះ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ក្រុមគ្រូពេទ្យ អះអាងថា ក្នុងចំណោមអ្នកស្លាប់ មានគ្រូពេទ្យម្នាក់ជំនាញផ្នែកវះកាត់ ឈ្មោះ រ៉េហ្ស៊ិក អាប៊ូហ្ស៊ីរ៉ា (Rezik Abushira)។ ការវាយប្រហារនេះ កើតឡើងចំពេលបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស (Hamas) នៅតំបន់ហ្កាហ្សា នៅតែបន្តមានផុយស្រួយ និងមិនសូវមានប្រសិទ្ធភាពប៉ុន្មានឡើយ (មានបទឈប់បាញ់ តែជាក់ស្តែង នៅតែប្រយុទ្ធគ្នាដដែល)។

អ៊ីស្រាអែល និយាយការពារខ្លួនថា ការបង្កើនការវាយប្រហារលើតំបន់ហ្គាហ្សា គឺដោយសារក្រុមហាម៉ាស កំពុងព្យាយាមប្រមូលកម្លាំងឡើងវិញ និងប្រឹងប្រែងបំពេញអាវុធក្នុងឃ្លាំងរបស់ខ្លួន។ ក្រុមហាម៉ាស់ ឆ្លើយតបថា ខ្លួននៅតែប្តេជ្ញាអនុវត្តបទឈប់បាញ់ ហើយចោទប្រកាន់ត្រឡង់ទៅអ៊ីស្រាអែលវិញថា កំពុងព្យាយាមធ្វើឱ្យកិច្ចព្រមព្រៀងនេះបរាជ័យ។ បើតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅខែតុលា ឆ្នាំ២០២៥មក មានជនជាតិប៉ាឡេស្ទីនយ៉ាងតិច១,៦ពាន់នាក់ បានស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល។ ចំណែងខាងអ៊ីស្រាអែលវិញ ធ្លាប់បង្ហាញរបាយការណ៍ថា កងទ័ពខ្លួន៤នាក់ បានស្លាប់ក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់នេះ។ 

បើគិតតាំងពីមុនបង្កើតបទឈប់បាញ់ មានមនុស្សស្លាប់ច្រើនណាស់ ក្នុងការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មកដល់ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ជនជាតិប៉ាឡេស្ទីនជាង៧,៤ម៉ឺននាក់ បានស្លាប់ដោយសារការវាយលុករបស់អ៊ីស្រាអែល ហើយនៅអ៊ីស្រាអែល មានមនុស្សប្រមាណ១,២ពាន់នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់ក្រុមហាម៉ាស់។ នេះជារបាយការណ៍ ដែលបង្ហាញទៅវិញទៅមក ពីខាងប៉ាឡេស្ទីន និងពីខាងអ៊ីស្រាអែលនាពេលកន្លងមក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត