មហាជនរួមទាំងមន្ត្រី ស្នើសុំសមត្ថកិច្ចចាត់វិធានការច្បាប់ លើបុគ្គលបៀតបៀនអ្នកលក់ម្ជូរ ខណៈការរិះគន់កំពុងផ្ទុះពេញបណ្តាញសង្គម
ហាក់ អ៊ីឌី
•
5 ម៉ោងមុន

រាជធានីភ្នំពេញ៖ បន្ទាប់ពីវីដេអូឃ្លីបមួយបង្ហោះលើបណ្តាញសង្គម បង្ហាញពីសកម្មភាពបុរសម្នាក់ ធ្វើទង្វើមិនគួរគាប្បីតាមរយៈការបៀតបៀនស្ត្រីអ្នកលក់ម្ជូរ និងផ្លែឈើ បង្កឱ្យមានការរិះគន់ដូចទឹកបាក់ទំនប់ ពេលនេះ មហាជនបានស្នើអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការច្បាប់លើបុរសរូបនោះ ព្រោះជាគំរូអាក្រក់ដល់សង្គម និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ទោះបីជានារីរូបនោះ លក់ម្ជូរតាមចិញ្ចើមផ្លូវក៏ដោយ...។

មហាជន ដែលបានមើលវីដេអូឃ្លីបនោះ បានបញ្ចេញមតិរិះគន់ និងចែកចាយបន្តលើបណ្តាញសង្គម ដើម្បីស្នើឱ្យសមត្ថកិច្ចជួយអន្តរាគមន៍លើទង្វើអសីលធម៌នៃក្រុមបុរសទាំងនោះ។ វីដេអូឃ្លីប បង្ហោះនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបង្ហាញឱ្យឃើញពីសកម្មភាពមិនសមរម្យរបស់បុរសមួយក្រុម នៅក្នុងពិធីមង្គលការមួយកន្លែង ដោយពួកគេបានប្រព្រឹត្តអំពើបៀតបៀនរាងកាយទៅលើយុវតីម្នាក់ ជាអ្នកលក់ម្ជូរ។ យ៉ាងណា រូបភាពនៃទង្វើខ្វះសីលធម៌ និងរំលោភបំពានសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី នៅទីសាធារណៈនេះ ត្រូវបានបង្ហោះចែកចាយពាសពេញបណ្ដាញសង្គម ធ្វើឱ្យមហាជនមិនពេញចិត្តជាខ្លាំង និងចាត់ទុកជាគំរូដ៏អាក្រក់មួយនៅក្នុងសង្គម។ 

មហាជនបានអំពាវនាវដល់កម្លាំងសមត្ថកិច្ចជំនាញ ឱ្យចុះអនុវត្តច្បាប់ និងនាំខ្លួនបុគ្គលទាំងនោះ មកផ្តន្ទាទោស ដើម្បីផ្តល់ភាពយុត្តិធម៌ជូនជនរងគ្រោះ។ ជាមួយគ្នានេះដែរលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានស្នើឱ្យសមត្ថកិច្ចអនុវត្តច្បាប់ មានវិធានការ។ លោកស្រីបានសង្កត់ធ្ងន់ថា ស្ត្រីគ្រប់រូប មានសិទ្ធិប្រកបរបរដោយសុវត្ថិភាព និងទទួលបានការគោរពសេចក្តីថ្លៃថ្នូរ។ កុំយកពាក្យថា «លេងសើច» មកបិទបាំងការបំពាន។ ទន្ទឹមនេះ លោក នុត សាវនា ប្រធានពន្ធនាគារ ម១ ក៏បានបង្ហោះសំណេរលើបណ្ដាញសង្គមដូចគ្នាដែរ ដែលខ្លឹមសារបញ្ជាក់យ៉ាងដូច្នេះថា៖«ការមើលងាយ បៀតបៀនស្ត្រីភេទ ជាទង្វើអសីលធម៌ ជាបទល្មើសព្រហ្មទណ្ឌ ដែលពួកអាស្វាមួយហ្វូងនេះ ត្រូវទទួលខុសត្រូវ»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត