
ក្រុងសៀមរាប៖ ប្រាង្គប្រាសាទឥដ្ឋលេខ១៣ នៅលើភ្នំបាខែង ពេលនេះ បានបញ្ចប់ការជួសជុលរួចរាល់១០០ភាគរយហើយ។ ការជួសជួសនេះដែរ គឺដោយក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១២វិច្ឆិកា...។

អ្នកស្រី ឈុន រតនា មន្ត្រីជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា គូសបញ្ជាក់ថា ប្រាង្គឥដ្ឋលេខ១៣ គឺជាប្រាសាទដែលនៅមានសល់តួរាងល្អជាងគេចាប់តាំងពីខឿនរហូតដល់កំពូល ក្នុងចំណោមប្រាង្គប្រាសាទឥដ្ឋចំនួន៤៤ ស្ថិតនៅជុំវិញភ្នំបាខែង។ គម្រោងជួសជុល ប្រាង្គឥដ្ឋលេខ១៣ បានបែងចែកជាពីរដំណាក់កាលធំៗដូចជា ដំណាក់កាលទី១ ផ្តោតសំខាន់ទៅលើការជួសជុល និងពង្រឹងគ្រឹះខឿនថ្មបាយក្រៀម និងតួប្រាសាទផ្នែកខាងក្រោម។ អ្នកជំនាញរកឃើញថា ខឿនរបស់ប្រាសាទនេះ មានថ្មបាយក្រៀមចំនួន៦ស្រទាប់ និងកម្រាលថ្មភក់ចំនួន១ស្រទាប់ទៀត ដែលជាបង្អែកយ៉ាងសំខាន់សម្រាប់ទ្រទ្រង់តួប្រាសាទ។ រីឯ ដំណាក់កាលទីពីរ ក្រុមការងារបានជួសជុលបន្ត ចាប់ពីរួតទីពីររហូតទៅដល់រួតកំពូល មានកម្ពស់ប្រមាណ៦ម៉ែត្រ។ ការងារជួសជុលនេះ បានផ្តោតលើការសម្អាតដី កម្ចាត់កណ្តៀរ សត្វល្អិត ដកឫសឈើ និងកូនរុក្ខជាតិ ដែលចាក់ចូលជ្រៅទៅក្នុងរចនាសម្ព័ន្ធរបស់ប្រាសាទ ដែលបង្កឱ្យមានបញ្ហាជម្រាបទឹក និងធ្វើឱ្យឥដ្ឋពុកផុយហែកញែកចេញពីគ្នា។

មន្ត្រីជំនាញរូបនេះបន្ថែមថា គោលការណ៍គ្រឹះនៃការជួសជុលប្រាសាទឥដ្ឋលេខ១៣ គឺថែរក្សាទម្រង់ និងរចនាសម្ព័ន្ធដើម ដោយមិនបន្ថែមរចនាសម្ព័ន្ធថ្មីទេ។ កន្លងមក ប្រាង្គឥដ្ឋលេខ១៣ មានការទ្រុឌទ្រោមខ្លាំង ដោយមិនអាចឈរខ្លួនឯងបានទេ។ ក្រុមអ្នកអភិរក្ស បានព្យាយាមជួយសង្គ្រោះប្រាសាទនេះ ដោយយកឈើទៅជួយទល់ទ្រ ព្រមទាំងរុំព័ទ្ធខ្សែកាប ជុំវិញតាំងពីក្រោមរហូតដល់ទៅកំពូល។ ប៉ុន្តែបច្ចុប្បន្ន ប្រាង្គឥដ្ឋលេខ១៣ មិនត្រឹមតែអាចឈររឹងមាំបានឡើងវិញប៉ុណ្ណោះទេ គឺថែមទាំងមានសោភ័ណភាពស្រស់ស្អាតជាងមុន៕




