កម្ពុជាបន្តនាំក្រុម AOT ចុះសង្កេតការណ៍នៅច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ (ភ្នំដី) ក្រោយថៃ បិទដោយឯកតោភាគី
S
Soriya Sou
•
5 ម៉ោងមុន

ក្រុងបាត់ដំបង៖ កាលពីវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្ពុជាបានបន្តសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន ប្រចាំព្រះរាជាណាចក្រកម្ពុជា (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ (ភ្នំដី) ស្ថិតនៅក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង...។

ច្រកអន្តរជាតិគីឡូ១៣ ឬភ្នំដី ត្រូវបានបិទចាប់តាំងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ មកម្ល៉េះ ពោលគឺបន្ទាប់ពីភាគីថៃ សម្រេចបិទដោយឯកតោភាគី។ ដំណើរចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ នៅតំបន់ខាងលើពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ ក្នុងសេចក្តីប្រកាសរួមរវាងកម្ពុជា-ថៃ ព្រមទាំងរាយការណ៍ពីស្ថានភាព តាមបណ្តោយកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន។ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ អះអាងថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

មុនចុះទៅច្រកអន្តរជាតិគីឡូ១៣ ឬភ្នំដី ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី៨ វិច្ឆិកាកន្លងទៅ ក្រុម AOT បានចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក ស្ថិតនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលគិតមកទល់ពេលនេះ ពួកគាត់នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋាន និងប្រកបរបរចិញ្ចឹមជីវិតដូចដើមវិញបាននៅឡើយ ដោយសារ ការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃ។ បច្ចុប្បន្ន យោធាថៃ បានបន្តកាន់កាប់នៅតំបន់មួយចំនួនរបស់កម្ពុជា ដោយបានរាយបន្លាលួស ដាក់ទូកុងតឺន័រ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួមទាំងបានបំផ្លិចបំផ្លាញផ្ទះសម្បែងពលរដ្ឋអស់ជាច្រើន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត