
រាជធានីភ្នំពេញ៖ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទកម្ពុជា បានកោតសរសើរ និងអរគុណចំពោះការលះបង់ ការទទួលខុសត្រូវ ប្រកបដោយវិជ្ជាជីវៈរបស់សមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលឃ្លាតឆ្ងាយពីគ្រួសារ និងប្រទេសកំណើត ដើម្បីចូលរួមកសាងសន្តិភាព ស្ថិរភាព និងប្រក្រតីភាពឡើងវិញ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាពិសេសក្នុងតំបន់អាស៊ានទាំងមូល...។

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ថ្លែងនៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្នុងពិធីប្រគល់បណ្ណសរសើរជូនសមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ាន មកពីប្រទេសវៀតណាម ចំនួន២រូប គឺលោកវរសេនីយ៍ឯក ង៉ូ ស៊ុនជឿង និងលោកវរសេនីយ៍ឯកបម្រុង បៀវ ស៊ុនយឿង ដែលបានបញ្ចប់អាណត្តិបេសកកម្មប្រចាំនៅកម្ពុជា។ លោកអគ្គមេបញ្ជាការ បានរំលេចថា៖«ក្នុងបរិបទដែលកម្ពុជាកំពុងប្រឈមបញ្ហាជម្លោះជាមួយប្រទេសថៃ ការចូលរួមរបស់វៀតណាមក្នុងនាមជាអ្នកសង្កេតការណ៍អាស៊ាន បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមក្នុងការស្វែងរកសន្តិភាព ស្ថិរភាព និងការរក្សាមជ្ឈភាពរបស់អាស៊ាន»។ ក្នុងន័យនេះ លោកអគ្គមេបញ្ជាការ បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់បណ្តាប្រទេសសមាជិកអាស៊ាន ដែលបានបង្ហាញពីសាមគ្គីភាព ឯកភាព និងការប្តេជ្ញាចិត្តរួមក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ស្របពេលស្ថានការណ៍ពិភពលោក កំពុងប្រឈមនឹងភាពតានតឹង និងស្មុគស្មាញ។

ទន្ទឹមនឹងនេះ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ និងកងទ័ពប្រជាជនវៀតណាម ដែលបានគាំទ្រការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ និងបានបញ្ជូននាយទាហានមកបំពេញបេសកកម្មជាក្រុមអ្នកសង្កេតការណ៍អាស៊ាននៅកម្ពុជា ក្នុងស្មារតីសាមគ្គីភាព និងទំនួលខុសត្រូវរួមរបស់គ្រួសារអាស៊ាន។ លោកមេទ័ព គូសរំលេចបន្ថែមពីចំណងមិត្តភាពកម្ពុជា-វៀតណាម ដែលជាប្រទេសជិតខាងគ្នា មានប្រវត្តិសហការជួយគ្នាទៅវិញទៅមក ទាំងក្នុងសម័យសង្គ្រាម និងសន្តិភាព៕





