ក្រុម AOT បន្តចុះសង្កេតការណ៍នៅច្រកព្រំដែនប៉ោយប៉ែត ពិនិត្យទីតាំងអាជីវកម្មពលរដ្ឋដែលត្រូវថៃទម្លាក់គ្រាប់បំផ្លាញ
S
Soriya Sou
2 ម៉ោងមុន

ក្រុងប៉ោយប៉ែត៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT) ដឹកនាំដោយប្រធានបេសកកម្មហ្វីលីពីន បន្តចុះសង្កេតការណ៍នៅចំណុចច្រកទា្វរព្រំដែនអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់រវាងកម្ពុជា-ថៃ ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥…។

អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានឱ្យដឹងថា ការចុះសង្កេតការណ៍របស់ក្រុម AOT ប្រចាំកម្ពុជា នៅចំណុចច្រកទា្វរព្រំដែនអន្តរជាតិប៉ោយប៉ែត គឺដើម្បីផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាពិសេស ត្រង់ចំណុចទីតាំងប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ដែលបានទទួលរងការខូចខាត និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុត ហើយរហូតមកដល់ពេលនេះ ពុំទាន់អាចស្តារប្រកបអាជីវកម្មចិញ្ចឹមជីវិតបានវិញនៅឡើយទេ។ មិនទាន់អាចស្ដារអាជីវកម្មវិញបាន គឺដោយសារតែទីតាំងនេះ ត្រូវបានកងកម្លាំងយោធាថៃ វាយប្រហារតាមរយៈការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 កាលពីខែធ្នូ ឆ្នាំ២០២៥។ ទីតាំងនេះ ចូលជ្រៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដែលមានចម្ងាយប្រមាណ៨,២គីឡូម៉ែត្រ ពីច្រកអន្តរជាតិប៉ោយប៉ែត។

អ្នកនាំពាក្យការពារជាតិ បានបញ្ជាក់ជាថ្មី ពីការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា ដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ អ្នកនាំពាក្យដដែល បានសង្កត់ធ្ងន់ទៅលើសារសំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ស្របតាមកិច្ចព្រមព្រៀង និងសេចក្តីថ្លែងការណ៍រួមវាងកម្ពុជា និងថៃ សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត