
បន្ទាយមានជ័យ៖ ក្រសួងការពារជាតិកម្ពុជា បន្តជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ឧសភា ឆ្នាំ២០២៦នេះ ដោយបេសកកម្មបានគូសបញ្ជាក់ពីភាពចាំបាច់ ក្នុងការចាប់ផ្តើមការងារវាស់វែងខណ្ឌសីមាព្រំដែន ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) និងអះអាងជាថ្មីពីការប្តេជ្ញារបស់កម្ពុជា ក្នុងការគោរពកិច្ចព្រមព្រៀងសន្តិភាព និងរក្សាស្ថិរភាពយូរអង្វែងតាមព្រំដែន...។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បញ្ជាក់ថា ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករងនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយកនៃនាយកដ្ឋានទាក់ទងអន្តរជាតិ ជាអ្នកសម្របសម្រួលជូនក្រុម AOT ដែលដឹកនាំដោយប្រធានបេសកកម្មហ្វីលីពីន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ បើតាមក្រសួងការពារជាតិ ទីតាំងនោះ គឺជាកន្លែងដែលទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ហើយធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនគ្រួសារ មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបាននៅឡើយ។

ជាមួយគ្នានេះ ដំណើរទៅដល់របស់ក្រុម AOT ក៏ធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់កម្ពុជា-ថៃ ដែលបានចូលជាធរមាន។ លោកស្រី ម៉ាលី សុជាតា សង្កត់ធ្ងន់ថា៖«[..]ការចុះសង្កេតការណ៍ របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅទីតាំងដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់ខាងលើ គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមា ដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត[..]»។ ការវាស់វែងខ័ណ្ឌសីមា ដែលស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដូចមានចែងនៅក្នុងចំណុចទីបី នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជា អាចវិលត្រលប់ទៅលំនៅឋានវិញ ដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។

ម្ដងហើយ ម្ដងងទៀត រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតភាពនៃការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមកម្ពុជា-ថៃ, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដែលសម្រេចបានកាលពីឆ្នាំ២០២៥ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង៕





