កងទ័ពថៃគ្រប់គ្រងភូមិខ្មែរតាមព្រំដែន ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះទៅផ្ទៀងផ្ទាត់រាយការណ៍ពីស្ថានភាព
អុន សម្ផស្ស
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បានបន្តសម្របសម្រួលនាំក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ចុះទៅពិនិត្យជាក់ស្តែង នូវស្ថានភាពតំបន់មួយចំនួនដែលកងទ័ពថៃកំពុងកាន់កាប់ដោយខុសច្បាប់ ស្ថិតនៅភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ...។

អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ក្រោមការដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ធារណរដ្ឋហ្វីលីពីន បានចុះទៅសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ អ្នកសង្កេតការណ៍អាស៊ាន បានត្រួតពិនិត្យទង្វើកងទ័ពថៃដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន និងធ្វើផ្លូវលើទឹកដីកម្ពុជា ព្រមទាំងកាន់កាប់ដោយខុសច្បាប់នៅច្រកអូរស្មាច់ ក្នុងតំបន់អូរខ្លាឃ្មុំ ដែលបណ្ដាលឱ្យប្រជាពលរដ្ឋខ្មែរ៩៨គ្រួសារ(ស្ត្រី១៩០នាក់) ក្នុងនោះ មានកុមារចំនួន១០១នាក់ ធ្លាប់រស់នៅទីនោះមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានពួកគាត់វិញបាន។ 

ក្រសួងការពារជាតិ ចាត់ទុកសកម្មភាពចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធ្វើរបាយការណ៍នៅទីតាំងរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាននេះ គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមា ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋកម្ពុជា អាចវិលត្រលប់ទៅលំនៅឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។ ដូចរាល់ដងកម្ពុជាតាមរយៈក្រសួងការពារជាតិ អះអាងមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំង និងការកាន់កាប់ភ្ជាប់ទឹកដីដោយខុសច្បាប់តាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (fait accompli) នោះឡើយ និងបន្តធ្វើការតវ៉ាជាផ្លូវការទៅកាន់ភាគីថៃ នូវរាល់សកម្មភាពជាឯកតោភាគី សកម្មភាពរំលោភបំពានណាមួយរបស់ភាគីថៃ មកលើបូរណភាពទឹកដីស្របច្បាប់កម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត