
រាជធានីភ្នំពេញ៖ ក្នុងបរិបទដែលវិស័យទេសចរណ៍កម្ពុជា កំពុងប្រឈមនឹងការប្រែប្រួលដោយសារស្ថានភាពតំបន់ និងអន្តរជាតិ ព្រមទាំងរងសម្ពាធនៃការប្រកួតប្រជែងកាន់តែខ្លាំង រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ និងវិស័យឯកជន បានបង្កើនកិច្ចសហការគ្នាយ៉ាងសកម្ម ដើម្បីស្តារ និងពង្រឹងទំនុកចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិ ពង្រីកទីផ្សារទេសចរណ៍ និងបង្កើនភាពទាក់ទាញរបស់កម្ពុជា លើឆាកអន្តរជាតិ...។

យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ កាលពីពេលថ្មីៗបង្ហាញថា រយៈពេល៩ខែ ឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន២,៤៦លាននាក់ ធ្លាក់ចុះជាង៤០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ការធ្លាក់ចុះយ៉ាងគំហុកនេះ ធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជាតិ និងបង្កឱ្យប្រតិបត្តិករទេសចរណ៍ អាជីវករ និងប្រជាជន ដែលពឹងផ្អែកលើវិស័យនេះ ជួបប្រទះការលំបាក ទាមទារឱ្យរដ្ឋ និងភាគីពាក់ព័ន្ធ ដាក់ចេញវិធានការដោះស្រាយបន្ទាន់។ កាលពីថ្ងៃទី១១វិច្ឆិកា ឆ្នាំ២០២៦ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានដឹកនាំកិច្ចប្រជុំមួយ ដោយមានការអញ្ជើញចូលរួមពីស្ថាប័នរដ្ឋពាក់ព័ន្ធ និងផ្នែកឯកជន ដើម្បីពិនិត្យលទ្ធផលការងារ វាយតម្លៃស្ថានភាពទេសចរណ៍ នាពេលបច្ចុប្បន្ន ជាពិសេស បានពិភាក្សាយ៉ាងស៊ីជម្រៅលើនិន្នាការថមថយនៃសកម្មភាពទេសចរណ៍។

ក្រោយពីពិភាក្សាគ្នាយ៉ាងល្អិតល្អន់ អង្គប្រជុំបានឯកភាពគ្នា ជំរុញទិសដៅយុទ្ធសាស្ត្រអាទិភាពចំនួន៤ ដែលមានលក្ខណៈប្រទាក់ក្រឡា និងបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ រួមមាន៖ ១.ការធ្វើពិពិធកម្មទីផ្សារទេសចរណ៍អន្តរជាតិ តាមរយៈការកំណត់ទីផ្សារគោលដៅអាទិភាពឱ្យបានច្បាស់លាស់។ ២.ជំរុញការតភ្ជាប់ជើងហោះហើរត្រង់ឱ្យបានកាន់តែច្រើន តាមរយៈការជំរុញកិច្ចសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ អាកាសយានដ្ឋាន ក្រុមហ៊ុនការីទេសចរណ៍ និងដៃគូពាក់ព័ន្ធ។ ៣.ពង្រីកការផ្សព្វផ្សាយទេសចរណ៍កម្ពុជា «លើសពីអង្គរវត្ត និងជំរុញការទស្សនាកម្ពុជាឱ្យបានពេញមួយឆ្នាំ» ទាំងនៅរដូវកាលភ្ញៀវច្រើន និងរដូវកាលបៃតង។

៤.ការស្តារទំនុកចិត្ត និងលើកកម្ពស់កិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ តាមរយៈការបង្កើនការផ្សព្វផ្សាយព័ត៌មានវិជ្ជមានប្រកបដោយភាពជឿជាក់ និងមានមូលដ្ឋានច្បាស់លាស់ ដោយផ្តោតលើសុវត្ថិភាព គុណភាពសេវាកម្ម បដិសណ្ឋារកិច្ច និងបទពិសោធពិតរបស់ភ្ញៀវទេសចរ ដើម្បីពង្រឹងរូបភាពកម្ពុជា ជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព ផ្តល់ភាពកក់ក្ដៅ និងមានភាពទាក់ទាញ។ លោក ហួត ហាក់ គូសបញ្ជាក់ថា៖«រដ្ឋ និងឯកជន ត្រូវរួមកម្លាំងជាធ្លុងមួយ ប្រែក្លាយបញ្ហាប្រឈមជាឱកាស ដើម្បីស្តារទំនុកចិត្ត ពង្រឹងភាពប្រកួតប្រជែង និងជំរុញកំណើនទេសចរណ៍កម្ពុជាឡើងវិញ»។ រដ្ឋ និងវិស័យឯកជន ត្រូវបន្តធ្វើការរួមគ្នាក្នុងស្មារតីសាមគ្គីភាព ឯកភាព និងកិច្ចសហប្រតិបត្តិការល្អ ស្របតាមអភិក្រម«ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» សំដៅបន្តជំរុញសន្ទុះដល់វិស័យទេសចរណ៍ និងបន្តរក្សានូវភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់៕





