ប្រធានប្ដូរវេនហ្វីលីនពីន ហាមឃាត់មេដឹកនាំរដ្ឋប្រ.ហារយោធាភូមា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន
S
Sinuon Nop
•
6 ម៉ោងមុន

រដ្ឋធានីម៉ានីល៖ មេដឹកនាំរដ្ឋប្រហារយោធាភូមា ឬមីយ៉ាន់ម៉ា លោកឧត្ដមសេនីយ៍ មីន អ៊ុងឡាំង (Min Aung Hlaing) នៅតែមិនត្រូវបានអនុញ្ញាតឱ្យចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសហ្វីលីពីន នាសប្តាហ៍ក្រោយ ថ្វីបើលោកបានប្រែកាយក្លាយជាប្រធានាធិបតីភូមា កាលពីដើមឆ្នាំ២០២៦ បន្ទាប់ពីការបោះឆ្នោតក្រោមការគ្រប់គ្រងរបស់របបយោធាយ៉ាងណាក៏ដោយ...។

ប្រធានាធិបតីហ្វីលីពីន លោក ហ្វ័រឌីណង់ដ៍ ម៉ាកូស ប្រធានអាស៊ានប្ដូរវេន
ប្រធានាធិបតីហ្វីលីពីន លោក ហ្វ័រឌីណង់ដ៍ ម៉ាកូស ប្រធានអាស៊ានប្ដូរវេន

សារព័ត៌មានភូមា Myanmar Now បានចេញផ្សាយដំណឹងនេះនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១២ ខែវិច្ឆិកានេះថា ប្រទេសហ្វីលីពីន ដែលធ្វើជាប្រធានអាស៊ានប្ដូរវេន នៅឆ្នាំ២០២៦ បានប្រកាសកាលពីថ្ងៃពុធទី១១វិច្ឆិកាថា ប្រទេសភូមា ឬមីយ៉ាន់ម៉ា នឹងមានតំណាងចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅរដ្ឋធានីម៉ានីល ដោយតំណាងនោះ ជាអគ្គនាយកនៃនាយកដ្ឋានកិច្ចការអាស៊ាន នៃក្រសួងការបរទេសភូមា ហើយក៏មិនមែនជាប្រធានាធិបតី ឬជាមេដឹកនាំនយោបាយផ្សេងទៀតដែរ។យ៉ាងណា ជុំវិញសេចក្ដីប្រកាសរបស់ប្រធាអាស៊ានប្តូរវេននេះ សារព័ត៌មានភូមា បានទាក់ទងទៅមន្ត្រីក្រសួងការបរទេស នៃរដ្ឋាភិបាលបង្កើតថ្មី ដើម្បីសុំការអត្ថាធិប្បាយដែរ ប៉ុន្តែមិនមានការឆ្លើយតប។

ប្រមុខដឹកនាំ នៃបណ្ដាប្រទេសអាស៊ាន
ប្រមុខដឹកនាំ នៃបណ្ដាប្រទេសអាស៊ាន

ការសម្រេចចិត្តរបស់ប្រទេសហ្វីលីពីន នៅតែរក្សាវិធានការរឹតបន្ដឹងរបស់អាស៊ាន លើមេដឹកនាំយោធាភូមា ក្រោយអំពើរដ្ឋប្រហារយោធានាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបានបណ្ដេញរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សាន់ស៊ូជី (Aung San Suu Kyi) ចេញពីអំណាច។ បើតាមសេចក្តីថ្លែងការណ៍មួយ ចេញដោយក្រសួងការបរទេសហ្វីលីពីន បានឱ្យដឹងថា ប្រទេសភូមា នឹងមានតំណាងចូលរួម ដែលមានតួនាទីត្រឹមជាអគ្គនាយក នៃនាយកដ្ឋានកិច្ចការអាស៊ានរបស់ប្រទេសនេះតែប៉ុណ្ណោះ។ លោកស្រី ឃីន អូម៉ា (Khin Ohmar) សកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោមួយរូបរបស់ប្រទេសភូមា និងជាស្ថាបនិកនៃមូលនិធិសិទ្ធិមនុស្ស Progressive Voice បានប្រាប់សារព័ត៌មានភូមា The Irrawaddy ថា៖«យើងស្វាគមន៍ ចំពោះការបញ្ជាក់ជាផ្លូវការបែបនេះ ហើយថា គ្មានកិច្ចប្រជុំកំពូលណាមួយ អនុញ្ញាតដល់អតីតមេដឹកនាំរបបយោធា លោកឧត្ដមសេនីយ៍ មីន អ៊ុងឡាំង ចូលរួមនោះឡើយ»។

ស្របគ្នានេះដែរ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានសរសេរនៅលើគេហទំព័រ កាលពីថ្ងៃពុធ ថា ក្រុមមេដឹកនាំពិភពលោក នឹងមកជួបជុំគ្នា នៅក្នុងប្រទេសហ្វីលីពីន ចន្លោះពីថ្ងៃទី១៥-១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ គួរតែចាត់វិធានការឱ្យកាន់តែម៉ឺងម៉ាត់ ដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងវិបត្តិមនុស្សធម៌ នៅក្នុងប្រទេសភូមា។ ទន្ទឹមគ្នា កិច្ចប្រជុំកំពូលអាស៊ីបូព៌ា កិច្ចប្រជុំកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកិច្ចប្រជុំកំពូលជាមួយដៃគូផ្សេងៗទៀត នឹងមានការចូលរួមពីក្រុមមេដឹកនាំ នៃបណ្តាប្រទេសអាស៊ាន រួមទាំងសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប ជប៉ុន ចិន ឥណ្ឌា និងប្រទេសដទៃទៀត។ អង្គការសិទ្ធិមនុស្សដដែលនេះ បន្ដថា អាជ្ញាធររបបសឹកភូមា បានចាប់ខ្លួនមនុស្សជាង៣២០០០នាក់ ចំពោះការតវ៉ាប្រឆាំងនឹងរបបសឹកដោយអហិង្សា និងមនុស្សយ៉ាងតិច២៣០០នាក់បានស្លាប់ នៅក្នុងការឃុំឃាំង។

មេដឹកនាំរដ្ឋប្រហារយោធា លោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាំង
មេដឹកនាំរដ្ឋប្រហារយោធា លោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាំង

អ្នកជាប់ឃុំឃាំងទាំងនោះ បានប្រឈមមុខនឹងការធ្វើទារុណកម្ម និងគ្មានការព្យាបាល។ នៅក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះ មានជាង៦៦០០នាក់ ជាស្ត្រី ហើយអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានកត់ត្រា កាលពីពេលថ្មីៗថា ស្ត្រីដែលត្រូវបានចាប់ឃុំឃាំង ភាគច្រើន បានរងនូវអំពើហិង្សាផ្លូវភេទ ព្រមទាំងការខ្វះខាតការថែទាំសុខភាព នាអំឡុងពេលមានផ្ទៃពោះ និងការថែទាំផ្នែកសម្ភព ដែលជាស្ថានភាពដ៏គ្រោះថ្នាក់ និងជួនកាល អាចឈានដល់ការបាត់បង់ជីវិតថែមទៀតផង។ ដោយឡែក របាយការណ៍របស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា ជនស៊ីវិល យ៉ាងតិច៨៣៨៤នាក់ បានត្រូវសម្លាប់ ដោយរបបសឹក ចាប់តាំងពីមានអំពើរដ្ឋប្រហារ។

យុទ្ធនាការរបស់របបយោធា ប្រឆាំងនឹងក្រុមអ្នកតវ៉ា ក្រោយអំពីរដ្ឋប្រហារនោះ បានធ្វើឱ្យប្រជាពលរដ្ឋជាង៤លាននាក់ រត់ចោលផ្ទះសម្បែង។ អំពើរដ្ឋប្រហារនេះ ក៏បានអូសទាញប្រទេសភូមាទាំងមូល ធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ដោយមានមនុស្សស្លាប់ជាង១០០ ០០០នាក់។ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ចេញផ្សាយកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត