
រាជធានីភ្នំពេញ៖ កម្ពុជា កំពុងត្រូវបានលើកកម្ពស់ ក្លាយជាគោលដៅ សម្រាប់ការផលិតភាពយន្ត និងមាតិកាឌីជីថល ដោយមានការចាប់អារម្មណ៍ពីផលិតករចិន និងក្រុមហ៊ុនបច្ចេកវិទ្យា AI ក្នុងការផលិតវីដេអូផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ព្រមទាំង «សម្រស់ពិតរបស់កម្ពុជា» ទៅកាន់ទីផ្សារអន្តរជាតិ។

តាមរយៈជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូកម្ពុជា-ចិន នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ហួត ហាក់ បានស្វាគមន៍ និងគាំទ្រចំពោះគម្រោងផលិតភាពយន្តភាគខ្លីកម្ពុជា-ចិន ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ ជំនួបនេះ មានការចូលរួមពីអ្នកឧកញ៉ា លីម ហ៊ួរនីតូ ប្រធានសមាគមយុវជនឌីជីថលកម្ពុជា-ចិន លោក Zhang Wenya នាយកក្រុមហ៊ុន Unicorn Media Consulting Group Cambodia លោក Gao Weixiang នាយកប្រតិបត្តិក្រុមហ៊ុន VINCIS ព្រមទាំងតួសម្ដែងកម្ពុជា-ចិន និងអ្នកផលិតមាតិកាប្រមាណ៣០នាក់។

លោករដ្ឋមន្ត្រី បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម និងដៃគូពាក់ព័ន្ធ ក្នុងការប្រើប្រាស់ភាពយន្ត និងមាតិកាឌីជីថល ជាឧបករណ៍ផ្សព្វផ្សាយទេសចរណ៍។ ក្នុងន័យនេះ លោកលើកឡើងថា រាល់ការផលិតភាពយន្តនៅកម្ពុជា ត្រូវអនុវត្តតាមនីតិវិធី និងបទប្បញ្ញត្តិជាធរមាន ហើយត្រូវទទួលបានការអនុញ្ញាតជាផ្លូវការលើខ្លឹមសារ និងសាច់រឿងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅមុនពេលចាប់ផ្តើមថត។ ជាមួយគ្នា លោក ហួត ហាក់ បានបង្ហាញការចាប់អារម្មណ៍ ចំពោះវីដេអូ AI ដែលផលិតដោយក្រុមហ៊ុន VINCIS ស្តីពីតំបន់អង្គរ និងបានជំរុញឱ្យមានការអភិវឌ្ឍមាតិកាបែបនិទានកថា (Storytelling) ដោយបញ្ចូលបច្ចេកវិទ្យាទំនើប ជាមួយវប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ ម្ហូបអាហារ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

លោក ហួត ហាក់ ក៏បានលើកទឹកចិត្តដល់ផលិតករឲ្យមើលឃើញកម្ពុជា ជា«ស្ទូឌីយូធម្មជាតិ» ដែលមានទីតាំងថតចម្រុះជាច្រើន មិនត្រឹមតែតំបន់អង្គរប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងឆ្នេរសមុទ្រភាគនិរតី ព្រៃភ្នំ និងទឹកជ្រោះនៅភាគឦសាន តំបន់អេកូទេសចរណ៍ ព្រមទាំងស្ថាបត្យកម្មបេតិកភណ្ឌ និងសំណង់សម័យអាណានិគម នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តកំពត។ ក្រសួងទេសចរណ៍ រំពឹងថា ការផលិតភាពយន្តខ្លីកម្ពុជា-ចិន និងមាតិកាAI បែបច្នៃប្រឌិត នឹងជួយបង្ហាញភាពសម្បូរបែបរបស់កម្ពុជា និងពង្រីកការទទួលស្គាល់ប្រទេសកម្ពុជា ទៅកាន់ទស្សនិកជនអន្តរជាតិ៕






