
រាជធានីភ្នំពេញ៖ ដើម្បីបន្តជំរុញ និងលើកកម្ពស់សក្តានុពលទេសចរណ៍ធម្មជាតិ និងទាក់ទាញរំហូរភ្ញៀវទេសចរឱ្យទៅកម្សាន្តនៅតំបន់ភូមិភាគឦសានក្នុងរដូវកាលបៃតង ចាប់ពីខែឧសភា ដល់ខែតុលា ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង នឹងរៀបចំ «ព្រឹត្តិការណ៍ទេសចរណ៍រដូវកាល បៃតងឆ្នាំ២០២៦» រយៈពេល៣ថ្ងៃ…។

ក្រសួងទេសចរណ៍បានឱ្យដឹងថា «ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦» នឹងត្រូវធ្វើឡើង ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែសីហា នៅបរិវេណទីលានតេជោ-ធិបតី ទល់មុខសាលាខេត្តស្ទឹងត្រែងក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។ ព្រឹត្តិការណ៍នេះប្រារព្ធឡើងក្នុងគោលបំណងសំខាន់៣ រួមមាន៖ ១. លើកកម្ពស់ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ភូមិភាគឦសាន, ២. ជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងសហគមន៍ទេសចរណ៍ ដោយបង្កើនឱកាសការងារ និងប្រភពចំណូលផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងតំបន់ និង ៣. ចូលរួមគាំទ្រ និងផ្សព្វផ្សាយ «យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦» ដើម្បីសម្រេចឱ្យបាននូវទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងក្រសួង ក្នុងការទាក់ទាញលំហូរភ្ញៀវ និងរបាយទេសចរជាតិ-ទេសចរអន្តរជាតិពេញមួយឆ្នាំ និងគ្រប់រដូវកាល។

ក្នុងន័យនេះ ក្រសួងបានអំពាវនាវឱ្យសាធារណជន ភ្ញៀវជាតិ-អន្តរជាតិ ចូលរួមទស្សនាគាំទ្រព្រឹត្តិការណ៍នេះឱ្យបានច្រើនកុះករ ខណៈកម្មវិធីអមជាច្រើននឹងត្រូវបានរៀបចំឡើង ញ៉ាំងឱ្យព្រឹត្តិការណ៍នេះកាន់តែមានភាពអធិកអធម។ ព្រឹត្តិការណ៍ទាំងនោះ រួមមាន៖ ការរៀបចំស្តង់ពិព័រណ៍ម្ហូបអាហារ ផលិតផល មុខម្ហូបប្រចាំតំបន់ភូមិភាគឦសានដ៏មានឱជារស ផ្លែឈើធម្មជាតិប្រចាំរដូវកាល និងផលិតផលកែច្នៃរបស់សហគមន៍មូលដ្ឋាន, វេទិកាជជែកស្តីពី «សក្តានុពលអេកូទេសចរណ៍នៅភូមិភាគឦសានក្នុងរដូវកាលបៃតងឆ្នាំ២០២៦», កម្មវិធីកីឡាទេសចរណ៍រត់កម្សាន្តមហាជន, កម្មវិធីសម្ដែងទស្សនីយភាពសិល្បៈ និងការប្រគំតន្ត្រីផងដែរ៕




