ក្រសួងទេសចរណ៍ ប្រកាសលេខទំនាក់ទំនងរហ័ស២៤ម៉ោង ករណីភ្ញៀវជួបបញ្ហា ឬត្រូវការជំនួយបន្ទាន់
S
Soriya Sou
•
02 កញ្ញា 2026 01:15 PM

រាជធានីភ្នំពេញ៖ ដើម្បីចូលរួមលើកកម្ពស់កិត្តិនាមព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ទំនុកចិត្ត និងភាពកក់ក្ដៅ ក្រសួងទេសចរណ៍ ប្រកាសថា ក្រសួងបាននិងកំពុងយកចិត្តទុកដាក់ផ្តល់សេវាជំនួយ និងដោះស្រាយបញ្ហាជូនភ្ញៀវទេសចរ តាមរយៈទំនាក់ទំនងរហ័សមកអង្គភាពជំនាញភ្លាមៗ បើសិនជួបបញ្ហាត្រូវការជំនួយបន្ទាន់…។

ក្រសួងទេសចរណ៍ បានប្រកាសនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ថា ករណីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជួបប្រទះបញ្ហាចៃដន្យ ឬត្រូវការជំនួយបន្ទាន់ ក្នុងអំឡុងពេលស្នាក់នៅ និងធ្វើដំណើរទេសចរណ៍នៅកម្ពុជា មានបញ្ហាពាក់ព័ន្ធនឹងនីតិវិធីចូល-ចេញ សូមទាក់ទងទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមលេខទូរសព្ទ៖ ០៦៨ ៣៨៦ ៦៩៩/០៧៨ ៣៨៦ ៦៩៩/០៨៧ ៣៨៦ ៦៩៩។ ប៉ុន្តែ បើមានបញ្ហាជុំវិញសន្តិសុខ និងសុវត្ថិភាព សូមទំនាក់ទំនងទៅអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈលេខ១១៧, នាយកដ្ឋាននគរបាលទេសចរណ៍ តាមរយៈលេខ៖ ០១៦ ៦៥៤ ៧៣៦ និងក្រុមប្រតិកម្មរហ័សសម្រាប់ជនបរទេស តាមរយៈលេខ៖ ០៣១ ២០១ ២៣៤៥/០៣១ ៦០១ ២៣៤៥។ ដោយឡែក បើមានករណីគ្រោះថ្នាក់ដល់រាងកាយ ឬត្រូវការជំនួយផ្នែកសុខភាពបន្ទាន់ សូមទំនាក់ទំនងរថយន្តសង្គ្រោះបន្ទាន់ តាមរយៈលេខ ១១៩។

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចទំនាក់ទំនងទៅកាន់លេខទូរសព្ទខាងលើតាមប្រភេទករណី ដែលបានបញ្ជាក់២៤ម៉ោងលើ២៤ម៉ោង ដើម្បីទទួលបានការជួយសង្គ្រោះ និងអន្តរាគមន៍ បានទាន់ពេលវេលា។ ជាការកត់សម្គាល់ ការជូនដំណឹងរបស់ក្រសួងទេសចរណ៍ កើតឡើងបន្ទាប់ពីថ្មីៗនេះ មានជនបរទេស២នាក់ ត្រូវបាននគរបាលចរាចរណ៍ផាកពិន័យរហូតដល់៥០០ដុល្លារអាម៉េរិក ខុសពីគោលការណ៍ច្បាប់កំណត់ ធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជា ដែលកំពុងព្យាយាមទាក់ទាញបរទេស ឱ្យមកទស្សនា។ យ៉ាងណាក៏ដោយ បញ្ហានេះ ត្រូវបានដោះស្រាយភ្លាមៗ ក្រោយមានការបង្ហោះចែកចាយលើបណ្ដាញសង្គម ដោយនគរបាលចរាចរណ៍ពាក់ស័ក្តិ៣ម្នាក់ ត្រូវបានថ្នាក់លើសម្រេចផ្អាកការងារជាបណ្ដោះអាសន្ន ខណៈមន្ត្រីកិច្ចសន្យាម្នាក់ទៀត ត្រូវបានលុបឈ្មោះចេញពីបញ្ជី។ បញ្ហានេះ បង្ហាញឱ្យយើងឃើញថា យុត្តិធម៌ និងកិត្តិយសរបស់កម្ពុជា គឺជាការទទួលខុសត្រូវរបស់មន្រ្តី និងពលរដ្ឋគ្រប់រូប មិនពឹងផ្អែកតែលើរាជរដ្ឋាភិបាលម្នាក់ឯងនោះទេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត