ពីចម្ការកសិករ ទៅកាន់តុអាហារទេសចរ៖ ក្រសួង២ចាប់ដៃគ្នាជំរុញ«ខ្សែក្រវាត់បៃតង» តាមតំបន់ទេសចរណ៍
S
Soriya Sou
2 ថ្ងៃមុន

ក្រុងសៀមរាប៖ អន្តរក្រសួងចំនួន២ គឺក្រសួងទេសចរណ៍ និងក្រសួងកសិកម្ម បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) ស្តីពី«កិច្ចសហប្រតិបត្តិការជំរុញខ្សែក្រវាត់បៃតងនៅតំបន់ទេសចរណ៍ និងពង្រឹងប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្មកសិកម្ម» ពង្រឹងយុទ្ធសាស្ត្រកាត់បន្ថយការនាំចូលបន្លែ ត្រី សាច់ និងអាហារមកពីបរទេស...។

ពិធីចុះហត្ថលេខា បានធ្វើឡើងដោយលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម នៅសួនអាស៊ាន កូរ៉េ-កម្ពុជា ខេត្តសៀមរាប កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ធ្វើឡើងស្របតាមស្មារតី និងអនុសាសន៍ណែនាំនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ក្នុងគោលបំណងផ្តោតលើការកាត់បន្ថយ «ការលេចធ្លាយសេដ្ឋកិច្ច (Economic Leakage)» ក្នុងវិស័យទេសចរណ៍លោក ហួត ហាក់ គូសបញ្ជាក់ថា វិស័យទេសចរណ៍ និងកសិកម្ម គឺជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់ដែលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ ការអភិវឌ្ឍកសិកម្មក្នុងស្រុក មិនត្រឹមតែជួយបង្កើតប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាកសិករនៅមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះក្នុងការផ្គត់ផ្គង់ចំណីអាហារមានសុវត្ថិភាព និងលើកស្ទួយអត្តសញ្ញាណម្ហូបអាហារខ្មែរជូនដល់ភ្ញៀវទេសចរទៀតផង។ ជាការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក កំណើនភ្ញៀវទេសចរ គឺជាកាតាលីករជួយបង្កើតទីផ្សារដ៏ធំទូលាយសម្រាប់កសិករ និងសហគមន៍។

លោក ឌិត ទីណា បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការ«ខ្សែក្រវាត់បៃតង»នេះ នឹងជួយបង្កើតនូវខ្សែច្រវាក់ផ្គត់ផ្គង់តាមរយៈសហគមន៍កសិកម្ម សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ បង្កើនតម្លៃបន្ថែមសម្រាប់វិស័យកសិ-ទេសចរណ៍នៅតំបន់ជុំវិញ ជាពិសេស នៅតំបន់ទេសចរណ៍សំខាន់ៗដូចខេត្តសៀមរាបជាដើម។ លោកថា កសិករ និងសហគមន៍មូលដ្ឋាន នឹងទទួលបានប្រភពចំណូលផង ហើយវិស័យទេសចរណ៍នឹងមានការកើនឡើង ប្រកបដោយលទ្ធផលឈ្នះៗទាំងអស់គ្នា ស្តែងចេញជាការនាំចេញនៅនឹងកន្លែង។ ក្នុងន័យនេះ កសិករ និងសហគមន៍កសិកម្ម នឹងដើរតួនាទីក្នុងការផ្គត់ផ្គង់ផលិតផលកសិកម្ម ធានាបានទាំងនិរន្តរភាពនៃការផ្គត់ផ្គង់ តម្លៃ និងបរិមាណ តាមការតភ្ជាប់ទៅកាន់ទីផ្សារកសិ-ទេសចរណ៍។

លោករដ្ឋមន្រ្តីបន្ថែមថា នាំចេញនៅនឹងកន្លែង និងការបំពេញឱ្យគ្នាទៅវិញទៅមក គឺជាកត្តាសំខាន់ចាំបាច់សម្រាប់វិស័យកសិ-ទេសចរណ៍ ពោលគឺតំបន់ទេសចរណ៍នៅទីណា ប្រភពនៃការផ្គត់ផ្គង់គឺនៅទីនោះ ហើយមានលក្ខណៈពេញលេញរួមមាន៖ បន្លែ ត្រី សាច់ សំដៅពង្រីកវិសាលភាពផលិតកម្ម បង្កើនប្រាក់ចំណូលជូនសហគមន៍មូលដ្ឋានតាមរយៈវិស័យកសិកម្ម និងភាគលាភបន្ថែមនៃវិស័យទេសចរណ៍៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត