សារពលរដ្ឋ! សូមកុំឱ្យសេចក្ដីថ្លៃថ្នូររបស់អ្នកទាបជាងក្មេងថ្នាក់បឋមសិក្សា ព្រោះការចោលសំរាមពាសវាលពាសកាល
Chanmarady Chuon
•
3 ម៉ោងមុន

ក្រុងស្ទឹងសែន៖ ថ្មីៗនេះ រូបភាពដ៏គួរឱ្យស្ញើចសរសើរ ប៉ុន្តែបង្កប់នូវភាពអាម៉ាសដែលមនុស្សមួយចំនួនបោះសំរាមចោលពេញទីសាធារណៈ កំលុងពេលទស្សនាការប្រកួតបុណ្យអុំទូកនៅឯខេត្តកំពង់ធំ ជាកន្លែងដែលប្អូនៗសិស្សានុសិស្សថ្នាក់បឋមសិក្សា បាននាំគ្នាដើររើស និងប្រមូលសំរាមយ៉ាងផុសផុល បន្ទាប់ពីត្រូវបានពង្រាយពាសវាលពាសកាល ក្រោយចប់ពិធីបុណ្យប្រណាំងទូកថ្នាក់ខេត្ត ក្រោមស្នាដៃមនុស្សពេញវ័យ។ ទន្ទឹមនឹងស្មារតីស្រឡាញ់បរិស្ថានដ៏ប្រពៃរបស់ក្មេងៗសិស្សសាលា វាក៏បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ផងដែរ អំពីឥរិយាបទមនុស្សខ្មែរមួយចំនួន ដែលនៅបន្តសកម្មភាពស៊ីកន្លែងណា ចោលសំណល់សំរាមកន្លែងនោះ ផ្ទុយពីការទទួលប្រកបដោយសីលធម៌...។

ជាក់ស្ដែង ក្រោយពិធីបុណ្យអុំទូក បណ្តែតប្រទីប និងបង្ហោះគោមនៅខេត្តកំពង់ធំ ឆ្នាំ២០២៦ រយៈពេល៣ថ្ងៃ (ថ្ងៃទី០៧ ០៨ និង០៩ វិច្ឆិកា) បិទបញ្ចប់ សម្រស់នៅតាមដងស្ទឹងសែន ក្នុងក្រុងស្ទឹងសែន បានប្រែក្លាយទៅជាទីលានចោលសំរាមសាធារណៈ ពីសំណាក់ភ្ញៀវទេសចរ និងអ្នកចូលរួមមកពីតាមបណ្តាភូមិស្រុករបស់ខេត្ត។ ដោយមើលឃើញពីទង្វើខ្វះអនាម័យ និងគ្មានមនសិកាស្រឡាញ់បរិស្ថាន លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានបញ្ជាឱ្យក្រុមការងារចុះធ្វើអនាម័យ សម្អាតបរិស្ថានយ៉ាងសកម្មនៅតាមដងស្ទឹងសែន។ ប៉ុន្តែ ទោះជាមានការចុះពន្លឿនយ៉ាងណាក្ដី ក៏បរិមាណសំរាមដែលត្រូវបានពង្រាយយ៉ាងសន្ធឹកសន្ធាប់ មិនទាន់អាចសម្អាតអស់ទាំងស្រុងនោះដែរ គិតត្រឹមល្ងាចថ្ងៃទី១០វិច្ឆិកា។

យ៉ាងណា មកដល់ព្រឹកថ្ងៃទី១១វិច្ឆិកា ស្ថានភាពនេះ បានរុញច្រានឱ្យប្អូនៗសិស្សានុសិស្សវ័យក្មេងៗ នាំគ្នាស្ម័គ្រចិត្តដើររើសសំរាមជំនួសមនុស្សចាស់ ដើម្បីរួមចំណែកជួយសម្អាតបរិស្ថានជាមួយមន្ត្រីរដ្ឋបាលខេត្តផង និងជាសារដាស់ស្មារតីពលរដ្ឋមួយចំនួន ចំពោះភាពអនាធិបតេយ្យនៃការចោលសំរាមនៅតាមទីសាធារណៈ។ តើវាជារឿងសមហេតុផលដែរឬទេ ដែលមនុស្សពេញវ័យ មានកាយសម្បទារឹងមាំ និងមានការអប់រំខ្ពស់ ប៉ុន្តែបែរជាគ្មានសណ្ដាប់ធ្នាប់ល្អលើការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ រហូតដល់ថ្នាក់សិស្សសាលាក្មេងវ័យៗ ត្រូវមកដើរប្រមូលសំរាមសម្អាតជំនួសមនុស្សព័យវ័យបែបនេះ? 

មហាជនដែលបានឃើញសំរាមរាប់តោន ត្រូវបានពង្រាយលើជណ្តើរថ្មប្របមាត់ស្ទឹង បានសម្ដែងការហួសចិត្តថា សំរាមដែលកាន់ក្នុងដៃ ហេតុអ្វីយើងមិនយកទៅចោលក្នុងធុង ព្រោះវាមិនមានទម្ងន់រហូតដល់យកទៅចោលនៅក្នុងធុងសំរាមនោះឡើយ។ ហេដ្ឋារចនាសម្ព័ន្ធ សួនច្បារ និងជណ្តើរថ្មីប្របមាត់ស្ទឹងរបស់ខេត្ត ត្រូវបានកសាងយ៉ាងស្រស់ស្អាតដោយរដ្ឋបាលខេត្ត ដើម្បីបង្អួតសម្រស់ប្រជែងយកចំណាត់ថ្នាក់ជាមួយបណ្តាខេត្តដទៃ ប៉ុន្តែបើគ្មានការចូលរួមពីប្រជាពលរដ្ឋខ្លួនឯងទេ ខេត្តកំពង់ធំ គ្មានសង្ឃឹមដណ្តើមបានជ័យលាភីល្អលើបណ្តាខេត្តផ្សេងៗទៀតឡើយ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពង់ធំ ភ្ញាក់ស្មារតី ត្រូវបង្កើនការចូលរួមសម្អាតបរិស្ថាន ដើម្បីលើកមុខមាត់ខេត្តកំពង់ធំឱ្យកាន់តែមានឈ្មោះល្បីរន្ទឺ ដូចបណ្ដាខេត្តធំៗមួយចំនួនក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្ន ល្មមដល់ពេលហើយដែលបងប្អូនប្រជាពលរដ្ឋ ត្រូវផ្លាស់ប្ដូរផ្នត់គំនិតដ៏អាក្រក់មួយនេះចោល! ព្រោះការចោលសំរាមពាសវាលពាសកាលបែបនេះ វាបង្ហាញគំរូអាក្រក់ ដល់មនុស្សខ្មែរជំនាណ់ក្រោយ និងបាត់បង់តម្លៃជាប្រជាជនមានភាពស៊ីវិល័យមួយក្នុងតំបន់ផងដែរ។ ជនជាតិខ្មែរយើងមានសេចក្ដីថ្លៃថ្នូរ ជាពូជអ្នកសាងអង្គរ ដូចតាខ្មែរកសាងប្រាសាទបុរាណពាសពេញតំបន់ ពុំមែនជាមនុស្សខ្ជិលច្រអូស និងគ្មានសីលធម៌រស់នៅនោះឡើយ ដូច្នេះ ការលើកឡើងអំពីការចូលរួមថែរក្សាបរិស្ថានទាំងអស់ខាងលើនេះ គ្រាន់តែចង់បង្ហាញថា សូម្បីសិស្សសាលាថ្នាក់បឋមសិក្សាមានវ័យតូចៗ ចេះស្រឡាញ់បរិស្ថាន ហេតុអ្វីយើងជាមនុស្សពេញវ័យ មិនអាចធ្វើដូចក្មេងៗសិស្សសាលាបឋមបាន?...នេះជាសំណួររបស់ពលរដ្ឋម្នាក់ ដែលបានផ្ញើមកកាន់អង្គភាពសារព័ត៌មាន SBM News ឱ្យជួយចុះផ្សាយ ក្រោយឃើញអ្នកមកលេងកម្សាន្តពិធីបុណ្យអុំទូក និងពលរដ្ឋខេត្តកំពង់ធំ បោះសំរាមចោលយ៉ាងអនាធិបតេយ្យបំផុត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត