
រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបន្តអំពាវនាវដល់មាតាបិតា និងអាណាព្យាបាល នាំកូនស្រីមានអាយុពី៩ ដល់១៤ឆ្នាំ ទៅទទួលវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន (HPV) នៅតាមសាលារៀន ឬមណ្ឌលសុខភាព ដើម្បីផ្តល់ការការពារសុខភាពដល់កុមារី និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកមាត់ស្បូន នាពេលអនាគត..។

ក្រសួងសុខាភិបាល តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ត្រីសុខាភិបាល មាតាបិតា កុមារី និងដៃគូសុខាភិបាល រួមមាន អង្គការសុខភាពពិភពលោក (WHO) អង្គការ UNICEF និងអង្គការ CHAI បានរៀបចំពិធីបើកយុទ្ធនាការ សុខាភិបាលផ្តល់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារីនៅទូទាំងប្រទេស កាលពីថ្ងៃទី១០វិច្ឆិកា។ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី អ៊ឹម សិទ្ធិការ្យ បានថ្លែងអំពាវនាវឱ្យមាតាបិតា និងអាណាព្យាបាល ចូលរួមសហការជាមួយមន្ត្រីសុខាភិបាល នាំកូនស្រីមានអាយុស្របតាមលក្ខខណ្ឌកំណត់ទៅទទួលវ៉ាក់សាំង HPV ដោយកុំឱ្យកុមារីណាម្នាក់ខកខានឱកាសទទួលបានការការពារសុខភាពដ៏មានតម្លៃនេះ។ ជាមួយគ្នា ក្រសួងអំពាវនាវដល់អាជ្ញាធររាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រសួងអប់រំ និងគណៈគ្រប់គ្រងសាលារៀនទាំងរដ្ឋ និងឯកជនត្រូវបន្តសហការផ្សព្វផ្សាយ កំណត់អត្តសញ្ញាណ ព្រមទាំងកៀរគរកុមារីក្នុងក្រុមអាយុគោលដៅ។

ជាពិសេស ត្រូវយកចិត្តទុកដាក់លើកុមារី ដែលមិនបានចូលរៀន ឬមិនមានឱកាសទទួលសេវាចាក់វ៉ាក់សាំងតាមសាលារៀន ដោយសម្របសម្រួលឱ្យពួកគេអាចទៅទទួលវ៉ាក់សាំងនៅតាមមណ្ឌលសុខភាព ឬទីតាំងផ្តល់សេវាតាមសហគមន៍ ដើម្បីធានាថា កុមារីគ្រប់រូបទទួលបានសេវាសុខាភិបាលដោយសមធម៌។ ដោយឡែក មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តទាំង២៥ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំផែនការអនុវត្តឱ្យបានច្បាស់លាស់ ពង្រឹងការសម្របសម្រួល និងផ្សព្វផ្សាយសម្ភារអប់រំសុខភាព ព្រមទាំងធានាថា ការផ្ដល់វ៉ាក់សាំងប្រព្រឹត្តទៅប្រកបដោយគុណភាព និងសុវត្ថិភាព។ ក្រសួងសុខាភិបាល ក៏បានជំរុញឱ្យដៃគូអភិវឌ្ឍន៍ និងអង្គការពាក់ព័ន្ធបន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ និងការកសាងសមត្ថភាព ដើម្បីធានានិរន្តរភាពនៃការផ្ដល់វ៉ាក់សាំង HPV និងពង្រឹងកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៅកម្ពុជា។

ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន មានប្រសិទ្ធភាពខ្ពស់ក្នុងការការពារស្ត្រីពីជំងឺដ៏កាចសាហាវនេះ តាមរយៈការកាត់ផ្តាច់នូវការចម្លងមេរោគមហារីកមាត់ស្បូន។ យោងទៅលើការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ របស់អង្គការសុខភាពពិភពលោកបង្ហាញថា៖ ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនចំនួន ១ដូស មានប្រសិទ្ធភាពខ្ពស់ប្រមាណពី ៨០ទៅ៩០ភាគរយ ក្នុងការកាត់បន្ថយការឆ្លង និងការការពារពីជំងឺមហារីកមាត់ស្បូន។ ជំងឺមហារីកមាត់ស្បូន ត្រូវបានគេប្រសិទ្ធនាមថាជា«ឃាតកលាក់មុខ» ទោះជាយ៉ាងណា វាក៏អាចការពារបានទាំងស្រុងតាមរយៈការចាក់ថ្នាំបង្ការ៕



