មន្រ្តីយោធាតួកគីយ៉េ បង្ហាញសក្ដានុពលឧស្សាហកម្មយោធារបស់ខ្លួន អាចចូលរួមចំណែកបំពេញតម្រូវការរបស់កម្ពុជា
S
Soriya Sou
•
4 ម៉ោងមុន

រាជធានីភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជួបជាមួយលោកវរសេនីយ៍ឯក អឺសហ្គូ ប៊ូលេនអូស (Ozgur Bulent Us) នាយការិយាល័យអនុព័ន្ធយោធានៃសាធារណរដ្ឋតួកគីយ៉េប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ដោយបានពិភាក្សាគ្នាជុំវិញការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ។ ក្នុងជំនួប លោកវរសេនីយ៍ឯក អឺសហ្គូ ប៊ូលេនអូស ក៏បានលើកឡើងពីសក្ដានុពលឧស្សាហកម្មយោធារបស់តួកគីយ៉េ ផងដែរ...។

នាយការិយាល័យអនុព័ន្ធយោធាតួកគីយ៉េប្រចាំកម្ពុជា បានសង្កត់ធ្ងន់ពីការប្ដេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ព្រមទាំងគាំទ្រការអនុវត្តកិច្ចព្រមព្រៀងក្របខណ្ឌយោធា ដែលបានចុះហត្ថលេខាកាលពីខែតុលាកន្លងទៅ ក្នុងឱកាសដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅតួកគីយ៉េ។ នៅចំពោះមុខអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយការិយាល័យអនុព័ន្ធយោធាតួកគីយ៉េ បានវាយតម្លៃខ្ពស់ចំពោះសក្ដានុពលនៃកិច្ចសហប្រតិបត្តិការការពារជាតិ និងឧស្សាហកម្មយោធារបស់តួកគីយ៉េ ដែលអាចចូលរួមចំណែកបំពេញតម្រូវការរបស់កងយោធពលខេមរភូមិន្ទ។ 

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន មានប្រសាសន៍ថា កម្ពុជា-តួកគីយ៉េ មានចំណងមិត្តភាព និងទំនាក់ទំនងការទូតរយៈពេល៦៧ឆ្នាំមកហើយ។ លោកបង្ហាញជំនឿថា កងទ័ពកម្ពុជា និងតួកគីយ៉េ នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលធនធានមនុស្ស, ការផ្លាស់ប្ដូរទស្សនកិច្ច និងព័ត៌មាន, ការប្រយុទ្ធប្រឆាំងភេរវកម្ម, ឧក្រិដ្ឋកម្មឆ្លងដែន, និងបទល្មើសបច្ចេកវិទ្យា ព្រមទាំងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មយោធា, មនុស្សធម៌, ការសង្គ្រោះគ្រោះមហន្តរាយ, និងការធ្វើលំហាត់ហ្វឹកហ្វឺនរួម។ ក្នុងន័យនេះ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានស្នើឱ្យភាគីតួកគីយ៉េ ពិចារណាបង្កើតការិយាល័យអនុព័ន្ធយោធា នៅរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការប្រាស្រ័យទាក់ទង និងជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។

ជាការឆ្លើយតប លោកវរសេនីយ៍ឯក អឺសហ្គូ ប៊ូលេនអូស បានសន្យាថា នឹងលើកយកសំណើបង្កើតការិយាល័យអនុព័ន្ធយោធាតួកគីយ៉េនៅកម្ពុជា ផ្ទាល់ ជូនថ្នាក់ដឹកនាំក្រសួងការពារជាតិតួកគីយ៉េ ដើម្បីពិនិត្យ និងពិចារណា។ ក្រៅពីពិភាក្សាលើកិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំងពីរ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានឆ្លៀតឱកាសជម្រាបភាគីតួកគីយ៉េពីស្ថានភាពតានតឹង និងផុយស្រួយនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ថា ព្រំដែនមិនត្រូវបានកែប្រែដោយការប្រើប្រាស់កម្លាំងឡើយ៕


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត