
ក្រុងតាខ្មៅ៖ អាជ្ញាធរសមត្ថកិច្ចខេត្តកណ្តាល បានរៀបចំពិធីដុតបំផ្លាញចោលនូវបារីក្លែងក្លាយ ព្រមទាំងសម្ភារប្រើប្រាស់មិនរៀបរយ និងខុសច្បាប់សរុបប្រមាណ ៧៥០តោន នៅទីតាំងដីឡូតិ៍មួយកន្លែង ស្ថិតក្នុងស្រុកអង្គស្នួល ដើម្បីទប់ស្កាត់ការចរាចរទំនិញអត់គុណភាពលើទីផ្សារ...។

ប្រតិបត្តិការដុតបំផ្លាញទំនិញអត់ច្បាប់ទ្រង់ទ្រាយធំ ធ្វើឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបង្ក្រាប និងរឹបអូសបានជាបន្តបន្ទាប់នាពេលកន្លងមក ក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ និងអាជ្ញាធរពាក់ព័ន្ធ។ ទំនិញដែលត្រូវបានយកមកដុតបំផ្លាញចោលទាំងនោះ រួមមាន បារីក្លែងក្លាយ ផលិតផលគ្មានគុណភាព សម្ភារប្រើប្រាស់ខុសច្បាប់ និងទំនិញគេចពន្ធជាច្រើនប្រភេទទៀត ដែលអាចបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់។

ក្នុងនោះ រួមមាន៖ ប្រេងម៉ាស៊ីនម៉ាក Total និងម៉ាក Nova 2T, អំបោះដេររបួសម៉ាក ETHILON, បារីក្លែងម៉ាក និងសំបកវេចខ្ចប់, គ្រឿងអេឡិចត្រូនិចម៉ាក Apple, សម្លៀកបំពាក់ម៉ាក Boss, បន្ទះបិតបញ្ចុះកម្ដៅម៉ាក Cool-Kid, ថ្នាំដុសធ្មេញម៉ាក Sogate និង Crogate ផងដែរ។ សកម្មភាពនេះ មិនត្រឹមតែចូលរួមចំណែកការពារសុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារផលប្រយោជន៍ និងការប្រកួតប្រជែងដោយស្មោះត្រង់របស់ក្រុមហ៊ុនអាជីវកម្មស្របច្បាប់នៅក្នុងប្រទេសផងដែរ៕









