
ក្រុងប៉ោយប៉ែត៖ អាជ្ញាធរកម្ពុជា បានសម្រេចបើកទ្វាររបងព្រំដែនគោក បណ្ដេញជនជាតិថៃចំនួន៣៩នាក់ ចេញពីប្រទេស តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយជនជាតិថៃទាំងនោះអនុវត្តទោសទណ្ឌ ករណីលួចឆ្លងដែនចូលធ្វើការងារ ស្នាក់នៅដោយខុសច្បាប់ និងជាពិសេស ការលួចចូលដោយទុច្ចរិតក្នុងទីលានយោធា...។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទទួលបាននៅព្រឹកថ្ងៃពុធទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ប្រតិបត្តិការបណ្ដេញជនជាតិថៃសរុប៣៩នាក់ (ក្នុងនោះមានស្ត្រី១៦នាក់) ចេញពីកម្ពុជា ពាក់ព័ន្ធនឹងបទល្មើសជាច្រើនករណី រួមមាន៖ ករណីលួចជ្រៀតចូលក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដោយខុសច្បាប់, ករណីលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់ ដោយគ្មានលិខិតឆ្លងដែន, ករណីប្រើប្រាស់សារធាតុញៀន ព្រមទាំងករណីជនបរទេសដែលត្រូវបានអនុវត្តទោសចប់ ជុំវិញបទល្មើសឆ្លងដែនចូលកម្ពុជាដោយគ្មានការអនុញ្ញាត និងបទចូលដោយទុច្ចរិតក្នុងទីលានយោធា។

ប្រតិបត្តិការនេះ ត្រូវអនុវត្តឡើងយ៉ាងម៉ឺងម៉ាត់បំផុត ស្របតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានប្រកាសជំហរយ៉ាងច្បាស់ មិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ ដោយត្រូវបន្តបោសសម្អាត និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ។ ក្រោមការដឹកនាំតម្រង់ទិសដោយផ្ទាល់ពី លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចបាន និងកំពុងបន្តខិតខំប្រឹងប្រែងស្រាវជ្រាវ បង្ក្រាបដល់មេខ្លោង លុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា (Cybercrime) ព្រមទាំងជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព៕





