
រាជធានីបាងកក៖ ការវាយប្រហារដោយអាវុធ ការបំផ្ទុះគ្រាប់បែក ឬការលួចបង្កប់គ្រាប់បែកបំផ្ទុះ ឧស្សាហ៍កើតឡើងជាញឹកញាប់នៅប្រទេសថៃ។ មិនទាន់មានសញ្ញាណាមួយដែលបង្ហាញថា រាជរដ្ឋាភិបាលថៃ អាចទប់ស្កាត់ ឬបន្ថយអំពើវាយប្រហារដ៏គួរឱ្យភ័យខ្លាចនេះបានគូរឱ្យកត់សម្គាល់នៅឡើយទេ ប៉ុន្តែហាក់កើតមានកាន់តែច្រើនឡើងៗទៅវិញ។ ករណីដ៏រន្ធត់ថ្មីមួយទៀត ទើបនឹងកើតឡើងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺការបំផ្ទុះគ្រាប់បែកនៅតាមដងផ្លូវ ហើយក៏ត្រូវចំរថយន្ត១គ្រឿង ដឹកសិស្សសាលា...។

សំណាង! ក្នុងហេតុការណ៍នេះ មិនមានកូនសិស្សណាម្នាក់បាត់បង់ជីវិត ដោយមានកូនសិស្សតែ៣នាក់ប៉ុណ្ណោះដែលរងរបួស។ សារព័ត៌មានថៃ The Nation ផ្សាយថា រថយន្តដឹកសិស្ស បានត្រូវបំណែកគ្រាប់បែកដែលផ្ទុះ២លើកផ្ទួនៗគ្នា នៅតាមដងផ្លូវ។ ករណីផ្ទុះទី១ កើតឡើងនៅម៉ោងជាង៦ព្រឹក ហើយប្រមាណ១០នាទីក្រោយមក ក៏មានគ្រាប់បែកផ្ទុះនៅក្បែរនោះ ១បន្ថែមទៀត ដែលស្ថិតនៅចម្ងាយប្រមាណតែ៥០០ម៉ែត្រប៉ុណ្ណោះ ពីប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខរបស់សមត្ថកិច្ច ក្នុងស្រុកធុងវ៉ា (Thung Wa) ខេត្តសាតូន (Satun)។

របាយការណ៍ពីបញ្ជាការសន្តិសុខប្រចាំភូមិភាគទី៤ បង្ហាញថា រថយន្តដឹកសិស្សសាលាឯកជនមួយនេះ កំពុងដឹកសិស្ស១១នាក់ទៅសាលា វិជៀនម៉ាទូ (Wichienmatu) ក្នុងខេត្តត្រាំង (Trang)។ សិស្សដែលរងរបួសទាំង៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យធុងវ៉ា ខេត្តសាទុន។ ជាមួយគ្នា នៅព្រឹកថ្ងៃដដែលនេះ ក៏មានការបំផ្ទុះគ្រាប់បែកនៅទីតាំងចំនួន៣ ក្នុងខេត្តសង្ឃរា ឬសុងខ្លា (Songkhla) បណ្ដាលឱ្យបង្គោលអគ្គិសនីរងការខូចខាត និងដួលរលំ ហើយបង្កការកកស្ទះចរាចរណ៍។ អាជ្ញាធរ មិនបានរាយការណ៍ពីអ្នកស្លាប់ ឬរបួសក្នុងហេតុការណ៍នៅខេត្តសង្ឃរានេះទេ។

ទោះអាជ្ញាធរ មិនទាន់បញ្ជាក់ជាផ្លូវការថា ក្រុមណា ជាអ្នកបើកការវាយប្រហារក៏ដោយ តែគេអាចសន្និដ្ឋានថា ភាគរយខ្ពស់ គឺបង្កឡើងដោយក្រុមផ្តាច់ខ្លួន ពីព្រោះថា នៅយប់ថ្ងៃទី១០ ខែវិច្ឆិកា ក្រុមផ្តាច់ខ្លួន ទើបនឹងបើកការវាយប្រហារយ៉ាងសាហាវនៅតាមទីតាំងចំនួន៨កន្លែង ក្នុងខេត្តជាល ឬយ៉ាឡា (Yala) ដូចជា បំផ្ទុះគ្រាប់បែកនៅកន្លែងមន្រ្តីធ្វើការ ចាប់មន្រ្តីសន្តិសុខចង ដុតរថយន្តរដ្ឋ និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ។ល។ បច្ចុប្បន្ន កងកម្លាំងយោធា តម្រួតនគរបាល និងក្រុមជំនាញផ្នែកដោះមីន កំពុងពិនិត្យទីតាំងកើតហេតុខាងលើទាំងអស់ និងបង្កើនវិធានការការពារសន្តិសុខ៕








