
រាជធានីបាងកក៖ យោធាឈ្លានពានថៃ ដែលធ្លាប់តែអុងអាត់ដាក់កម្ពុជា និងអង្វរយោធាភូមាកុំឱ្យបាញ់ផ្លោងចូលដីខ្លួន ពេលនេះ រាជរដ្ឋាភិបាលរាជធានីបាងកក បានប្រកាសដាក់ខេត្ត១០របស់ខ្លួន តាមបណ្តោយព្រំដែនជាមួយភូមា ឱ្យស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ខណៈកងកម្លាំងរបបសឹកភូមា កំពុងប្រយុទ្ធគ្នាជាមួយកម្លាំងចលនាតស៊ូ ប្រឆាំងរដ្ឋាភិបាលរដ្ឋធានីណៃពិដោយ៉ាងក្ដៅគគុក...។

សារព័ត៌មាន Thaiger បានចេញផ្សាយនៅល្ងាចថ្ងៃអង្គារទី១០វិច្ឆិកាថា ក្រសួងមហាផ្ទៃថៃ បានបញ្ជាដល់ខេត្តចំនួន១០ នៅតាមបណ្តោយព្រំដែនជាប់ជាមួយភូមា ឱ្យបង្កើនការពង្រឹងសន្តិសុខ និងការត្រៀមរៀបចំ បន្ទាប់ពីគ្រាប់កាំភ្លើង បំណែកគ្រាប់ផ្លោង ពីការប្រយុទ្ធនៅប្រទេសភូមា បានធ្លាក់ចូលមកក្នុងស្រុកម៉ែសូត ខេត្តតាក បណ្ដាលឱ្យខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ បទបញ្ជា គ្របដណ្ដប់លើខេត្តចំនួន១០ រួមមាន៖ ខេត្តកញ្ចនបុរី, ជម្ពរ, ឈៀងរ៉ៃ, ឈៀងម៉ៃ, ប្រៈជួបគិរីខាន់, ពេជ្របុរី, តាក, ម៉ែហុងស៊ុន, រណង និងរាជបុរី។ ក្រសួងមហាផ្ទៃថៃ បានណែនាំដល់អភិបាលខេត្តខាងលើ ត្រូវសម្របសម្រួលការងារតាមរយៈមជ្ឈមណ្ឌលបញ្ជាការនៅតាមព្រំដែន ប្រចាំខេត្ត និងរាយការណ៍អំពីហេតុការណ៍ធ្ងន់ធ្ងរ ឬការវិវឌ្ឍសំខាន់ៗណាមួយ ជូនទៅក្រសួង ដើម្បីចាត់វិធានការបន្ត។

ក្រសួងមហាផ្ទៃ បានប្រកាសអំពីវិធានការទាំងនេះ កាលពីចន្ទទី៩ ខែវិច្ឆិកា ខណៈការប៉ះទង្គិចគ្នា រវាងកងកម្លាំងរបបយោធាភូមា និងក្រុមចលនាតស៊ូប្រឆាំង នៅតែបន្តកើតមាននៅជិតភូមិផាលូ ស្ថិតក្នុងប្រទេសភូមា ជាប់នឹងព្រំដែនជាមួយប្រទេសថៃ។ លោក អ៊ុនស៊ីត សាំពុនថារ៉ាត រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា អភិបាលខេត្តនានា ត្រូវបានណែនាំឱ្យសហការជាមួយកងទ័ព តម្រួតនគរបាល និងមន្ត្រីមូលដ្ឋាន ដើម្បីតាមដានស្ថានការណ៍ និងការពារប្រជាពលរដ្ឋ៕





