
រដ្ឋធានីតេហេរ៉ង់់៖ រដ្ឋធានីតេហេរ៉ង់ ចាត់ទុកកងទ័ពជើងទឹក និងកងទ័ពអាកាសរបស់អាហ្សង់ទីនជា«អង្គការភេរវកម្ម» ដូចដែលក្រសួងការបរទេសអ៊ីរ៉ង់ បានប្រកាសនៅថ្ងៃពុធទី១១ ខែវិច្ឆិកា។ នេះជាវិធានការតបតវិញ បន្ទាប់ពីរដ្ឋធានីប៊ុយណូស៊ែ (Buenos Aires) ចាត់ទុកកងទ័ពឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ ជាអង្គភាពភេរវកម្មកាលពីខែមេសាកន្លងទៅ...។

អាហ្សង់ទីន បានចាត់ទុកកងឆ្មាំបដិវត្តអ៊ីស្លាមរបស់អ៊ីរ៉ង់ ជាអង្គការភេរវកម្ម បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ជំរុញឱ្យបណ្តាប្រទេសសម្ព័ន្ធមិត្តធ្វើតាម។ នៅក្នុងសេចក្តីថ្លែងការណ៍ នាថ្ងៃពុធទី១១ ខែវិច្ឆិកានេះ ក្រសួងការបរទេសអ៊ីរ៉ង់ បានគូសរំលេចថា រដ្ឋធានីតេហេរ៉ង់ ចាត់ទុកកងទ័ពអាកាស និងកងទ័ពជើងទឹករបស់អាហ្សង់ទីន ជាអង្គការភេរវកម្ម ដើម្បីជាការសងសឹក។ ក្រសួងដដែលនេះបានបន្ថែមថា៖«វាច្បាស់ណាស់ថា ទំនួលខុសត្រូវចំពោះផលវិបាកទាំងអស់ ដែលកើតចេញពីបញ្ហានេះ នឹងធ្លាក់លើរដ្ឋាភិបាលអាហ្សង់ទីន»។

គេនៅចាំបានថា កាលពីខែមេសា អាហ្សង់ទីនបានប្រកាសថា វិធានការប្រឆាំងនឹងកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ ធ្វើឡើងដោយសារការគាំទ្ររបស់ក្រុមនេះ ចំពោះក្រុមហេសបូឡាហ៍ ដែលមានមូលដ្ឋាននៅលីបង់។ រដ្ឋធានីប៊ុយណូស៊ែ ចោទក្រុមហេសបូឡាហ៍ ថា ជាអ្នកនៅពីក្រោយការវាយប្រហារដោយគ្រាប់បែកដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រនៅឆ្នាំ១៩៩៤ លើមជ្ឈមណ្ឌលសហគមន៍ជ្វីហ្វ AMIA ក្នុងរាជរដ្ឋធានីអាហ្សង់ទីន ដែលបានសម្លាប់មនុស្ស៨៥នាក់ និងធ្វើឱ្យរបួសរាប់រយនាក់។ សូមជម្រាបថា IRGC ជាកងកម្លាំងយោធាជាន់ខ្ពស់នៅអ៊ីរ៉ង់ ហើយគ្រប់គ្រងផ្នែកធំៗនៃសេដ្ឋកិច្ចអ៊ីរ៉ង់៕



