តើឧបសគ្គអ្វីខ្លះ រារាំងជប៉ុនមិនអាចឈានដល់ការបង្កើតគ្រាប់បែកមហាប្រល័យលោក..?
S
Sinuon Nop
•
5 ម៉ោងមុន

រាជធានីតូក្យូ៖ ប្រទេសជប៉ុន បានសម្ងំដេកសិក្សាបច្ចេកវិទ្យាយោធាដ៏ទំនើប យ៉ាងស្ងប់ស្ងាត់ ក្នុងពិភពសន្ដិភាពអស់រយៈពេលជាច្រើនទសវត្សរ៍ ចាប់តាំងពីការចាញ់សង្គ្រាមលោកលើកទី២ រហូតមក។ យ៉ាងណា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ការមិនអើពើគោរពច្បាប់ទម្លាប់នៃសណ្ដាប់ធ្នាប់ពិភពលោករបស់ប្រទេសមហាអំណាច, ការគំរាមកំហែងពីមហាយក្សចិន រុស្ស៊ី និងកូរ៉េខាងជើង បានដាស់អង្រួនអតីតមហាអំណាចយោធាដ៏ខ្លាំងក្លាមួយកាលពីអតីតកាល ឱ្យក្រោកពីដំណេក និងចាប់ផ្ដើមបង្កើនសមត្ថភាពយោធាដែលខ្លួនបានសម្ងំស្រាវជ្រាវស្ងាត់ៗនោះឡើងវិញ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ នៅមានឧបសគ្គជាច្រើន មិនអាចធ្វើឱ្យប្រទេសមហាអំណាចសេដ្ឋកិច្ចអាស៊ីបូព៌ាមួយនេះ បង្កើតអាវុធនុយក្លេអ៊ែរបានទេ ថ្វីបើមានព្លុយតូញ៉ូម នៅពេញឃ្លាំងស្ដុកយ៉ាងណាក្ដី។ តើមានហេតុផលអ្វីខ្លះ ធ្វើឱ្យជប៉ុនជួបការលំបាកនេះ..?

សារព័ត៌មាន The Japan Times បានចេញផ្សាយនៅព្រឹកថ្ងៃពុធទី១១ ខែវិច្ឆិកានេះថា គណបក្សចម្រុះ ដែលកំពុងគ្រប់គ្រងអំណាចនៅប្រទេសជប៉ុន កាលពីថ្ងៃអង្គារ បានចាប់ផ្តើមបើកកិច្ចពិភាក្សាកម្រិតការងារលើកដំបូង ស្តីអំពីការកែសម្រួលយុទ្ធសាស្ត្រសន្តិសុខរបស់ប្រទេសឱ្យរួចរាល់នៅដំណាច់ឆ្នាំ២០២៦។ ក្នុងកិច្ចពិភាក្សានោះ ចំណុចសំខាន់ៗ ដែលបង្កឱ្យមានការខ្វែងគំនិតគ្នា រួមមាន៖ បញ្ហាពាក់ព័ន្ធនឹងការហាមឃាត់ ដែលមានរយៈពេលរាប់ទសវត្សរ៍មកហើយ លើការនាំចូលអាវុធនុយក្លេអ៊ែរមកក្នុងប្រទេស និងបញ្ហាការទទួលបាននាវាមុជទឹក ប្រើប្រាស់ដោយថាមពលនុយក្លេអ៊ែរ។គណបក្សនវានុវត្តន៍ជប៉ុន (Japan Innovation Party) ហៅកាត់ JIP ដែលគេស្គាល់ថា Nippon Ishin no Kai ចង់ឱ្យមានការដោះស្រាយបញ្ហាទាំងពីរនេះ នៅក្នុងការកែសម្រួលឯកសារសន្តិសុខសំខាន់ៗចំនួន៣។

ផ្ទុយទៅវិញ គណបក្សប្រជាធិបតេយ្យសេរី (Liberal Democratic Party) ហៅកាត់ LDP របស់លោកស្រីនាយករដ្ឋមន្រ្ដី សាណេអេ តាកៃឈិ មិនបានដាក់បញ្ចូលចំណុចទាំងពីរនេះ នៅក្នុងសំណើដែលខ្លួនបានលើកឡើង កាលពីខែមិថុនាកន្លងទៅ។លោក យ៉ាស៊ូកាហ្ស៊ូ ហាម៉ាដា (Yasukazu Hamada) សមាជិកសភាមកពីគណបក្ស LDP និងជាអតីតរដ្ឋមន្ត្រីការពារជាតិ រួមជាមួយលោក សេជិ ម៉ាអេហារ៉ា (Seiji Maehara) សមាជិកសភាជាន់ខ្ពស់មកពីគណបក្ស JIP បានដឹកនាំកិច្ចប្រជុំនេះ។ អ្នកចូលរួមបានឱ្យដឹងថា មិនមានការពិភាក្សាស៊ីជម្រៅ លើបញ្ហាដ៏ចម្រូងចម្រាសទាំងពីរ នៅក្នុងកិច្ចប្រជុំថ្ងៃនោះ។

ដោយឡែក លោក ស៊ីនជីរ៉ូ កូអ៊ិហ្ស៊ូមិ (Shinjiro Koizumi) រដ្ឋមន្រ្ដីក្រសួងការពារជាតិជប៉ុន បានអំពាវនាវជាថ្មីឱ្យមានកិច្ចពិភាក្សា អំពីការពិនិត្យឡើងវិញនូវ«គោលការណ៍មិនមានអាវុធនុយក្លេអ៊ែរទាំងបី» (Three Non-Nuclear Principles) របស់ប្រទេសជប៉ុន ដោយបានបង្ហាញការគាំទ្រ ចំពោះការពិចារណាលើការដាក់ឱ្យប្រើប្រាស់នាវាមុជទឹក ដំណើរការដោយថាមពលនុយក្លេអ៊ែរ។ ទន្ទឹមគ្នា ប្រមុខការពារជាតិរូបនេះ បានលើកឡើងថា គួរតែបង្កើតបរិយាកាសមួយ ដោយអនុញ្ញាតឱ្យមានកិច្ចពិភាក្សា អំពីគោលនយោបាយសន្តិសុខចាំបាច់នានា ដោយបើកចំហ ត្រង់ទៅត្រង់មក និងគ្មានការលម្អៀង។ បើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo News បានឱ្យដឹងថា រដ្ឋមន្រ្ដីក្រសួងការពារជាតិ លោក កូអ៊ិហ្ស៊ូមិ បានបន្ថែមថា ស្របពេលជប៉ុនកំពុងកែសម្រួលឯកសារសន្តិសុខសំខាន់ៗ ចំនួន៣របស់ខ្លួន សង្គមទាំងមូល គួរតែបង្កើតការយល់ដឹងរួមមួយ អំពីការគំរាមកំហែង ពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ។

បច្ចុប្បន្ន រដ្ឋាភិបាលរាជធានីតូក្យូ កំពុងពិចារណា បង្កើនថវិកាលើវិស័យការពារជាតិ នៅក្នុងរយៈពេល៥ឆ្នាំ ដោយកើនឡើងជិតទ្វេដង រហូតដល់ចំនួន៨០ពាន់ពាន់លាន ឬទ្រីលានយ៉េន ឬស្មើនឹង៥០៨ពាន់លានដុល្លារអាម៉េរិក។ រដ្ឋាភិបាលរបស់លោកស្រី សាណេអេ តាកៃឈិ បានបន្ធូរបន្ថយនូវការរឹតបន្ដឹង ពាក់ព័ន្ធនឹងគ្រឿងសព្វាវុធ។ ការសម្រេចចិត្តរបស់លោកស្រី បានបើកផ្លូវដល់ប្រទេសជប៉ុន អាចនាំចេញទ្រព្យសម្បត្ដិការពារជាតិ ទៅកាន់ប្រទេសនានា ខណៈប្រទេសអាស៊ីបូព៌ាមួយនេះ កំពុងហក់ចូលទៅក្នុងការប្រកួតប្រជែងទីផ្សារការពារជាតិ ជាមួយកូរ៉េខាងត្បូង ប្លុកអាស៊ាន និងពិភពលោក។

បើតាមទស្សនាវដ្ដីកងទ័ពចិន ចេញផ្សាយកាលពីពេលកន្លងទៅថា ជប៉ុន មានក្រុមអ្នកជំនាញអាវុធមហាប្រល័យលោក និងមានសារធាតុព្លុយតូញ៉ូមគ្រប់គ្រាន់ នៅក្នុងឃ្លាំងស្ដុករបស់ខ្លួន។ ប្រទេសមហាអំណាចសេដ្ឋកិច្ចទី២របស់អាស៊ីមួយនេះ អាចនឹងផលិតអាវុធនុយក្លេអ៊ែររហូតដល់ជាង៥០០០គ្រាប់ នៅក្នុងរយៈពេលយ៉ាងយូរត្រឹមមួយឆ្នាំ ប្រសិនបើរាជធានីតូក្យូលុបចោលច្បាប់ ដែលពួកគេប្រកាន់ខ្ជាប់ចំនួន៣ រួមមាន៖ មិនរក្សាទុកអាវុធនុយក្លេអ៊ែរ, មិនផលិតអាវុធនុយក្លេអ៊ែរ, និងមិននាំចូលអាវុធនុយក្លេអ៊ែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត