
រាជធានីភ្នំពេញ៖ តួកគីយ៉េ តាមរយៈឯកអគ្គរដ្ឋទូតទើបនឹងតែងតាំងថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា គូសបញ្ជាក់ពីសារសំខាន់ និងការប្ដេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពិសេសតាមរយៈការបណ្ដុះបណ្ដាលសិស្ស និស្សិត និងគ្រូនគរបាលកម្ពុជា។ ការគូសបញ្ជាក់របស់តួកគីយ៉េ ធ្វើឡើងតាមរយៈជំនួបទល់មុខ រវាង លោក មេតសុត អូចាន (Metsut Ozcan) ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជាមួយ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦..។

ក្នុងនាមឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក មេតសុត អូចាន បានលើកឡើង ពីការបន្តឆ្ពោះទៅមុខរបស់ភាគីតួកគីយ៉េ ទាំងសម្រាប់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដោយឡែកយន្តការសហប្រតិបត្តិការជាមួយកម្ពុជា ពិសេសក្នុងវិស័យសន្តិសុខ និងបណ្ដុះបណ្ដាល។ ឈរលើមូលដ្ឋានផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសន្តិសុខ អ្នកការទូតរូបនេះ បានថ្លែងអំណរគុណដល់ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ដែលផ្ដល់កិច្ចសហការយ៉ាងល្អ ក្នុងការងារសហការ ស្រាវជ្រាវមុខសញ្ញាល្មើសច្បាប់ ការសម្របសម្រួលបញ្ជូនជនជាតិតួកគីយ៉េ និងការឈានទៅរៀបចំចុះហត្ថលេខាលើអនុស្សរណៈទ្វេភាគី រវាងកម្លាំងអនុវត្តច្បាប់។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានវាយតម្លៃខ្ពស់ ចំពោះភាគីមិត្តដែលកន្លងមក និងបច្ចុប្បន្ន បាននិងកំពុងផ្ដល់ការគាំទ្រដល់ក្រសួងមហាផ្ទៃ តាមរយៈការទទួលបណ្ដុះបណ្ដាលសិស្ស និស្សិត និងគ្រូនគរបាលកម្ពុជា នៅប្រទេសតួកគីយ៉េ ព្រមទាំងការផ្ដល់កិច្ចសហការគាំទ្រការហ្វឹកហ្វឺនលើជំនាញល្បាត បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស រួមទាំងព្រំដែនសមុទ្ទ។ ទន្ទឹមគ្នានេះដែរ ភាគីទាំងពីរក៏បានផ្លាស់ប្ដូរយោបល់គ្នា ប្រកបដោយស្មារតី ផ្ដល់តម្លៃខ្ពស់ ដល់ការឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរបទពិសោធ លើការងារគ្រប់គ្រងរដ្ឋបាលដែនដី និងការបន្តធ្វើការរួមគ្នា ទាំងកម្រិតទ្វេភាគី និងជាមួយសហគមន៍អន្តរជាតិ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ រួមទាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕









