
រដ្ឋធានីវ៉ាស៊ីនតោន៖ យោធាអាម៉េរិក ប្រកាសថា រដ្ឋធានីវ៉ាស៊ីនតោន រៀបចំផ្តល់ប្រាក់រង្វាន់រហូតដល់២០លានដុល្លារ និងជួយផ្លាស់ប្ដូរទីកន្លែងរស់នៅថែមទៀត ចំពោះអ្នកដែលផ្ដល់ព័ត៌មានសម្ងាត់ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ឡើងវិញថា រដ្ឋធានីតេហេរ៉ង់ ចង់បានកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាម។

បញ្ជាការដ្ឋានកណ្តាលអាម៉េរិក (CENTCOM) បានបង្ហោះសារលើបណ្តាញសង្គម X នៅថ្ងៃ៦ ខែវិច្ឆិកាថា កម្មវិធីផ្តល់ប្រាក់រង្វាន់ដើម្បីយុត្តិធម៌ (Rewards for Justice) របស់ក្រសួងសង្គ្រាមអាម៉េរិក កំពុងផ្តល់ប្រាក់រង្វាន់រហូតដល់២០លានដុល្លារអាម៉េរិក និងលទ្ធភាពជួយផ្លាស់ប្ដូរទីកន្លែងរស់នៅ សម្រាប់អ្នកផ្តល់ព័ត៌មានអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ រួមទាំងបរិក្ខារ ឧបករណ៍ និងបុគ្គលិកពាក់ព័ន្ធ ដូចជាអ្នកនៅក្នុងសហគមន៍វិទ្យាសាស្ត្រ ជាដើម។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៤ ក្រោមកម្មវិធីប្រាក់រង្វាន់សន្តិសុខជាតិរបស់ក្រសួងការបរទេសអាម៉េរិក ដើម្បីផ្តល់ប្រាក់សម្រាប់ព័ត៌មានណាដែលជួយការពារជីវិត និងផលប្រយោជន៍របស់ជនជាតិអាម៉េរិក។ នៅក្នុងសេចក្តីថ្លែងការណ៍អំពីប្រាក់រង្វាន់នេះ ក្រសួងការបរទេសអាម៉េរិកបានបញ្ជាក់ថា ៖«ការខកខានរបស់អ៊ីរ៉ង់ក្នុងការអនុវត្តតាមកាតព្វកិច្ចធានាសុវត្ថិភាពជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានធ្វើឱ្យទីភ្នាក់ងារនេះបាត់បង់ភស្តុតាង និងព័ត៌មានបន្តបន្ទាប់ ទាក់ទងនឹងការផលិតនៃសមាសភាគសំខាន់ៗរបស់អ៊ីរ៉ង់»។

លោក ត្រាំ តែងនិយាយជារឿយៗថា កងកម្លាំងអាម៉េរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់យ៉ាងមានប្រសិទ្ធភាពរួចទៅហើយ។ លោក ធ្លាប់បានអះអាងថា៖«ប្រសិនបើយើងមិនបានវាយប្រហារអ៊ីរ៉ង់ទេ នោះអ្នកនឹងមិនមានប្រទេសអ៊ីស្រាអែលដូចសព្វថ្ងៃនេះឡើយ។ ប្រសិនបើពួកគេមានអាវុធនុយក្លេអ៊ែរ ពួកគេច្បាស់ជាប្រើប្រាស់វាហើយ។ ពួកគេនឹងបំផ្លាញតំបន់មជ្ឈិមបូព៌ាទាំងមូល»។ ប្រធានាធិបតីរូបនេះ បន្ថែមថា អ៊ីរ៉ង់បានរងការខូចខាតសេដ្ឋកិច្ច និងយោធាយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលសង្គ្រាម៨ខែកន្លងមកនេះ។ អ៊ីរ៉ង់ គឺពិតជាចង់បញ្ចប់ជម្លោះនេះណាស់។ លោក ត្រាំ ថ្លែងដូច្នេះទៀតថា៖«យើងកំពុងដោះស្រាយជាមួយពួកគេឥឡូវនេះ។ ពួកគេចង់បានកិច្ចព្រមព្រៀងយ៉ាងខ្លាំង»៕




