មេចារកម្មព្រមានពីផែនការឃា.តក.ម្មលើពលរដ្ឋអាម៉េរិករបស់អ៊ីរ៉ង់ ឈានដល់ដំណាក់កាលគ្រោះថ្នាក់បំផុត
N
Nary Vann
•
4 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានផ្នែកចារកិច្ចជាតិសហរដ្ឋអាម៉េរិក បានចេញលិខិតប្រកាសអាសន្នបន្ទាន់មួយ ផ្ញើជូនលោករដ្ឋមន្ត្រីការបរទេស ម៉ាកូ​ រូប៊ីអូ (Marco Rubio) កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ដោយព្រមានថា ប្រទេសអ៊ីរ៉ង់ បានបង្កើនសកម្មភាពយ៉ាងខ្លាំងក្លា ក្នុងការតម្រង់ទិសដៅវាយប្រហារលើមន្ត្រីសហរដ្ឋអាម៉េរិក ហើយផែនការប៉ុនប៉ងជីវិតលើពលរដ្ឋអាម៉េរិក បានឈានដល់ដំណាក់កាលជិតអនុវត្តខ្លាំងមែនទែនហើយ នៅតំបន់មជ្ឈិមបូព៌ា និងបណ្តាប្រទេសមួយចំនួន...។

ការប្រកាសអាសន្នផ្នែកចារកិច្ចនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានបញ្ជាឱ្យបុគ្គលិក និងគ្រួសារមន្ត្រីទូត ចាកចេញពីបេសកកម្មការទូតនៅប្រទេសអារ៉ាប៊ីសាអូឌីត ព្រមទាំងរៀបចំផែនការដកថយពីស្ថានទូតមួយចំនួនទៀត នៅក្នុងតំបន់។ លើសពីនេះ សហរដ្ឋអាម៉េរិក បានធ្វើបច្ចុប្បន្នភាព នៃការព្រមានធ្វើដំណើរ សម្រាប់ប្រទេសជាង១២ នៅតំបន់ឈូងសមុទ្ទ និងមជ្ឈិមបូព៌ា រួមមាន៖ អារ៉ាប៊ីសាអូឌីត កាតា អារ៉ាប់រួម អ៊ីរ៉ាក់ និងអ៊ីស្រាអែល ដោយសារការគំរាមកំហែងកើនឡើងពីសំណាក់ក្រុមហ៊ូធី និងបណ្តាញភេរវកម្មអ៊ីរ៉ង់។

ការកើនឡើងនៃជម្លោះនេះ ធ្វើឡើងចំពេលសង្គ្រាមជាមួយអ៊ីរ៉ង់រៀបនឹងឈានចូលដល់ខែទី៩ ដែលបាននិងកំពុងបង្កឱ្យមានការវាយប្រហារលើនាវាពាណិជ្ជកម្មនៅច្រកសមុទ្ទហ័រមូស្សយ៉ាងធ្ងន់ធ្ងរ។ ប្រភពចារកិច្ចទម្លាយថា អ៊ីរ៉ង់កំពុងត្រៀមលក្ខណៈវាយបកយ៉ាងចាស់ដៃ ប្រសិនបើសហរដ្ឋអាម៉េរិក ចាប់ផ្តើមការវាយប្រហារយោធាទ្រង់ទ្រាយធំ លើដែនដីរបស់ខ្លួនឡើងវិញ។ វិបត្តិសន្តិសុខដ៏ក្ដៅគគុកនេះ កំពុងបង្កើតជាសម្ពាធនយោបាយ និងបានទាញទម្លាក់ប្រជាប្រិយភាពរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ យ៉ាងខ្លាំង ខណៈការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាម៉េរិក នឹងចូលមកដល់នៅថ្ងៃទី៣ ខែវិច្ឆិកា ខាងមុខ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត