
រដ្ឋធានីវ៉ាស៊ីនតោន៖ កងទ័ពសហរដ្ឋអាម៉េរិក បានបើកការវាយប្រហារក្នុងកម្រិតកំណត់ ទៅលើកោះ Qeshm របស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ដោយបានសង្កត់ធ្ងន់ថា ប្រតិបត្តិការនេះជាវិធានការការពារខ្លួន ដើម្បីការពារទ្រព្យសម្បត្តិ និងសមត្ថភាពយោធាអាម៉េរិកនៅក្នុងតំបន់...។

មន្ត្រីសហរដ្ឋអាម៉េរិក បានឱ្យដឹងថា ការវាយប្រហារនេះ ធ្វើឡើងបន្ទាប់ពីកងទ័ពអ៊ីរ៉ង់ បាញ់មីស៊ីលតម្រង់ទៅរកយន្តហោះរបស់សហរដ្ឋអាម៉េរិក។ ប្រតិបត្តិការនេះ មិនមែនជាប្រតិបត្តិការសឹកទ្រង់ទ្រាយធំដែលគេរំពឹងទុកនោះទេ ដោយសាររដ្ឋបាលលោក ត្រាំ បានរក្សាការវាយប្រហារនេះជាសម្ងាត់ ដើម្បីកុំឱ្យមានការប្រកាសអាសន្នហួសហេតុ មុនថ្ងៃបោះឆ្នោតពាក់កណ្តាលអាណត្តិមកដល់។ កោះ Qeshm មានទីតាំងស្ថិតនៅប្រមាណ១៤ម៉ាយល៍ ពីទីក្រុងកំពង់ផែបានដា អាបាស (Bandar Abbas) នៃប្រទេសអ៊ីរ៉ង់ ដែលជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការត្រួតត្រានាវាចរណ៍ តាមច្រកសមុទ្ទហ័រមូស្ស។

ទោះបីជាមានការវាយប្រហារកើតឡើងក៏ដោយ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហោះលើបណ្តាញសង្គម និងថ្លែងក្នុងកម្មវិធី Fox News ថា ការទូតជាមួយរដ្ឋធានីតេហេរ៉ង់ នៅតែបន្តដំណើរការ ហើយកិច្ចព្រមព្រៀងអាចនឹងកើតមានឡើង។ លោក ត្រាំ បន្ថែមថា៖«យើងមិនមែនកំពុងធ្វើសង្គ្រាមធំដុំនោះទេ..នេះមិនមែនជាសង្គ្រាមដែលកំពុងឆាបឆេះយ៉ាងខ្លាំងក្លានោះឡើយ។ វាអាចកើតឡើង ប្រសិនបើពួកគេមិនព្រមធ្វើកិច្ចព្រមព្រៀង ប៉ុន្តែពួកគេចង់បានកិច្ចព្រមព្រៀងយ៉ាងខ្លាំង»។

ជាមួយគ្នានេះ អនុប្រធានាធិបតី លោក ជេឌី វ៉ានស៍ (JD Vance) ក៏បានបញ្ជាក់ដែរថា ភាគីទាំងពីរសម្រេចបានផ្លែផ្កាខ្លះៗ ឆ្ពោះទៅរកការបញ្ចប់សង្គ្រាម ប៉ុន្តែលោកបានរំម្លឹកថា លោកប្រធានាធិបតីនៅតែរក្សាទុកនូវរាល់ជម្រើសយោធាទាំងអស់ ប្រសិនបើការចរចាមិនស្របតាមការរំពឹងទុក៕



