អ៊ីរ៉ង់ ប្រកាសអាសន្ន[សឹក]កម្រិតអតិបរមា ក្រោយអាម៉េរិក-អ៊ីស្រាអែល ត្រៀមបើកការវាយប្រហារជាថ្មី
N
Nary Vann
•
5 ម៉ោងមុន

រដ្ឋធានីតេហេរ៉ង់៖ មេដឹកនាំកំពូលថ្មីនៃប្រទេសអ៊ីរ៉ង់ លោក ម៉ូចតាបា ​ខាមេនី (Mojtaba Khamenei) បានផ្ញើសារប្រកាសអាសន្នយ៉ាងមុតស្រួច ទៅកាន់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ដោយបានបញ្ជាឱ្យរៀបចំការទប់ស្កាត់កម្រិតអតិបរមា និងត្រៀមខ្លួនសម្រាប់ការវាយបកភ្លាមៗ និងមានប្រសិទ្ធភាព ដោយគ្មានដែនកំណត់ភូមិសាស្ត្រ ប្រសិនបើប្រទេសជាតិត្រូវរងការវាយប្រហារម្ដងទៀត។ នេះបើយោងតាមការប្រកាសពីការិយាល័យមេដឹកនាំកំពូល កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។

នេះជាការចេញមុខបញ្ជាការផ្ទាល់ជាលើកដំបូងរបស់ លោក ម៉ូចតាបា ​ខាមេនី ជាមួយមេបញ្ជាការយោធាជាន់ខ្ពស់ ចាប់តាំងពីលោកឡើងកាន់តំណែងជំនួសឪពុក លោកអាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei) ដែលត្រូវបានធ្វើឃាត កាលពីខែមីនាកន្លងទៅ។ ជាមួយគ្នានេះ លោកក៏បានបញ្ជាឱ្យកងទ័ពធ្វើបច្ចុប្បន្នភាពបញ្ជីគោលដៅវាយប្រហារបន្ទាន់ ដោយរាប់បញ្ចូលទាំងទ្រព្យសម្បត្តិរូបវន្ត និងអរូបវន្តទាំងអស់របស់សត្រូវ គឺសហរដ្ឋអាម៉េរិក និងស៊ីយ៉ូនីស (អ៊ីស្រាអែល) ព្រមទាំងបានរម្លឹកសាជាថ្មី អំពីលទ្ធភាពនៃការកាត់ផ្តាច់ខ្សែកាបបាតសមុទ្ទ នៅច្រកសមុទ្ទយុទ្ធសាស្ត្រហ័រមូហ្សផងដែរ។​

ការប្រកាសអាសន្នសឹកពីសំណាក់រដ្ឋធានីតេហេរ៉ង់ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បោះពាក្យសម្តីថា លោកអាចនឹងបើកការវាយប្រហារយោធាជាថ្មី ក្រោយពេលសហរដ្ឋអាម៉េរិកបញ្ចប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅដើមសប្តាហ៍មុខ ទោះជារដ្ឋមន្ត្រីការបរទេស លោក ម៉ាកូ រូប៊ីអូ (Marco Rubio) លើកឡើងថា សហរដ្ឋអាម៉េរិក នៅតែបើកចំហចំពោះដំណោះស្រាយការទូតក៏ដោយ។ ដោយឡែក នៅក្នុងប្រទេសអ៊ីស្រាអែល លោក នាយករដ្ឋមន្ត្រី បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ត្រូវបានគេរាយការណ៍ថា បានលើកឡើងអំពី«ឱកាសប្រវត្តិសាស្ត្រមួយតែមួយគត់» ក្នុងការផ្តួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់ ចំពេលលទ្ធផលបោះឆ្នោតនៅអ៊ីស្រាអែល មិនទាន់អាចបង្កើតរដ្ឋាភិបាលថ្មីបាននៅឡើយ ធ្វើឱ្យសភាពការណ៍សន្តិសុខនៅក្នុងតំបន់ទាំងមូល កំពុងស្ថិតនៅលើចំណុចផ្ទុះសង្គ្រាមសាជាថ្មី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត