
រាជធានីភ្នំពេញ៖ តាមការប៉ាន់ប្រមាណតាមបែបវិទ្យាសាស្រ្តដែលធ្វើឡើងក្នុងឆ្នាំ២០២៤ ចំនួនអ្នកឆ្លងថ្មីនៃមេរោគអេដស៍មានការថយចុះ។ ប៉ុន្តែការឆ្លងថ្មីភាគច្រើនគឺ កើតឡើងក្នុងចំណោមក្រុមយុវវ័យអាយុចន្លោះពី១៥-២៤ឆ្នាំ ជាក្រុមមានការធ្លាក់ចុះនូវការយល់ដឹងពីមេរោគអេដស៍។ នេះបើតតាមសេចក្តីប្រកាសរួមរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសុខាភិបាល (មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ) និងការិយាល័យពហុប្រទេសនៃអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី មានមូលដ្ឋាននៅរាជធានីភ្នំពេញ បង្ហាញនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤...។

បើតាមសេចក្តីប្រកាសអន្តរស្ថាប័នខាងលើបង្ហាញថា ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា នៅឆ្នាំ២០២៣ ទទួលលទ្ធផលល្អប្រសើរ និងមានវឌ្ឍនភាពគួរជាទីកត់សម្គាល់។ តាមការប៉ាន់ប្រមាណតាមបែបវិទ្យាសាស្រ្ត ធ្វើឡើងក្នុងឆ្នាំ២០២៤ ចំនួនអ្នកឆ្លងថ្មីនៃមេរោគអេដស៍មានការថយចុះពី១៣០០នាក់ នៅឆ្នាំ២០២២ មកនៅត្រឹម១២០០នាក់នៅឆ្នាំ២០២៣ ពោលគឺមានការធ្លាក់ចុះចំនួន១០០នាក់។ ឯការចម្លងមេរោគអេដស៍ពីម្តាយទៅកូនមានការថយចុះពីអត្រា១១ភាគរយ នៅឆ្នាំ២០២២ មកត្រឹម៨ភាគរយ នៅឆ្នាំ២០២៣។ ចំណែកឯគោលដៅ៩៥ ទី១.អត្រាអ្នកដឹងពីស្ថានភាពមេរោគអេដស៍របស់ខ្លួនបានកើនឡើងពី៨៦ភាគរយ នៅឆ្នាំ២០២២ ទៅ៨៩ភាគរយ នៅឆ្នាំ២០២៣ ដូច្នេះលើគោលដៅ៩៥-៩៥-៩៥ កម្ពុជាយើងសម្រេចបាន៨៩-៩៨-៩៨។

ទន្ទឹមនឹងវឌ្ឍនភាពល្អប្រសើរដែលសម្រេចបានក្នុងឆ្នាំ២០២៣ កម្ពុជាយើងក៏បានបន្ត និងកំពុងប្រឈមបញ្ហាមួយចំនួន ដែលក្នុងនោះ អត្រាឆ្លងថ្មីនៃមេរោគអេដស៍ក្នុងចំណោមក្រុមប្រជាជនគន្លឹះ ដែលជាក្រុមប្រឈមនឹងហានិភ័យខ្ពស់ រួមមាន៖ ក្រុមបុរសរួមភេទជាមួយបុរស ក្រុមអ្នកបំប្លែងភេទ ក្រុមស្ត្រីបម្រើសេវាកម្សាន្ត និងក្រុមប្រើប្រាស់-ចាក់គ្រឿងញៀន។ អន្តរស្ថាប័នសង្កត់ធ្ងន់ថា៖ «ជាពិសេសការឆ្លងថ្មីភាគច្រើន ក្នុងចំណោមក្រុមយុវវ័យអាយុចន្លោះពី១៥-២៤ឆ្នាំ ដែលជាក្រុមអាយុមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នូវការយល់ដឹងអំពីមេរោគអេដស៍»។ លោកស្រី ប៉ាទ្រីស្ប៉ា អុងពីន (Patricia Ongpin) នាយិកាប្រចាំប្រទេសរបស់អង្គការ UNAIDS ប្រចាំកម្ពុជា បានថ្លែងថា ជំហានចុងក្រោយដើម្បីសម្រេចបានគោលដៅឆ្លើយតបនឹងមេរោគអេដស៍ថ្នាក់ជាតិនឹងមានការលំបាក។ ប៉ុន្តែកម្ពុជាពិតជាអាចជម្នះបាន តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា លើការផ្ដល់សេវាបង្ការមេរោគអេដស៍ដែលមានលក្ខណៈរួមគ្នា នៅគ្រប់កម្រិត និងតាមវិស័យនានា ព្រមទាំងការដោះស្រាយឧបសគ្គ ដែលបង្កើតការមាក់ងាយ និងការរើសអើងលើអ្នកផ្ទុកមេរោគអេដស៍ អ្នករងផលប៉ះពាល់ ឬមានហានិភ័យនឹងការឆ្លងមេរោគអេដស៍។

ដោយឡែក ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានលើកឡើងថា ការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ត្រូវផ្អែកលើសសរស្ដម្ភបីគឺ៖ ទី១.ភាពជាអ្នកដឹកនាំ ឬភាពជាម្ចាស់។ ទី២.ភាពជាដៃគូ និងទី៣.ការវិនិយោគ រួមជាមួយគោលការណ៍រួមមួយគឺ៖ យុទ្ធសាស្ត្រ ឬក្របខ័ណ្ឌផែនការសកម្មភាពតែមួយ ស្ថាប័នសម្របសម្រួលតែមួយ និងប្រព័ន្ធតាមដាន និងវាយតម្លៃតែមួយ។ គួរជម្រាបថា អន្តរស្ថាប័នជំនាញទាំងនេះ បានចាត់ទុកថា លទ្ធផលនេះ ជាសញ្ញាវិជ្ជមានបញ្ជាក់ជាថ្មីថា ការប្រឹងប្រែងរួមក្នុងរយៈពេលមួយឆ្នាំនេះបាន នឹងកំពុងទទួលបានលទ្ធផលជាផ្លែផ្កា ថ្វីដ្បិតតែស្ថិតនៅឆ្ងាយពីគោលដៅឆ្លងថ្មីដែលបានកំណត់ឱ្យមានការឆ្លងថ្មីក្នុងរង្វង់២០០នាក់ក្នុងមួយឆ្នាំ នៅឆ្នាំ២០២៥ ក៏ដោយ។ ហេតុនេះទាមទារឱ្យកម្ពុជា បន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអនុវត្តឱ្យបានសម្រេចគោលដៅដែលបានកំណត់ក្នុងគោលនយោបាយជាតិ បញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល៕







