
រាជធានីភ្នំពេញ៖ រយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញចេញជនបរទេសសរុបចំនួន២៦៧១នាក់ (ស្រី៥៨៥នាក់) មាន២៩សញ្ជាតិ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីខុសច្បាប់មួយចំនួនទៀត ចេញពីប្រទេសកម្ពុជា...។

ការបណ្ដេញជនបរទេសប្រព្រឹត្តល្មើសច្បាប់ចេញពីប្រទេសកម្ពុជា អនុវត្តតាមអនុសាសន៍លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងណែនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍។ បើតាមការបញ្ជាក់របស់មន្រ្តីអគ្គនាយកអន្តោប្រវេសន៍ កាលពីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា ជនបរទេសដែលត្រូវបណ្ដេញចេញមាន២៩សញ្ជាតិ រួមមាន៖ ឥណ្ឌូណេស៊ី, ប៉ាគីស្ថាន, វៀតណាម, អាហ្វ្រិកខាងត្បូង, កាមេរូន, ហ្គាណា, ចិនតៃវ៉ាន់, ឡាវ, មីយ៉ាន់ម៉ា, នីហ្សេរីយ៉ា, អាម៉េរិក, ចិន, ឥណ្ឌា, ប៊ូរុនឌី, បង់ក្លាដេស, ស្រីលង្កា, សេរ៉ាឡេអូន, លីបេរីយ៉ា, ប៉ានីហ្សេរីយ៉ា, កូរ៉េ, កេនយ៉ា, បេនីន, រុស្សី, តូហ្គោល, នេប៉ាល់, អាល្លឺម៉ង់, ថៃ, និងម៉ាឡេស៊ី។ ក្នុងនោះ ជនជាតិថៃចំនួន៦៣៥នាក់ ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងជនជាតិចិន៣០៦នាក់ ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។

ដោយឡែក ជនបរទេសដែលនៅសល់ត្រូវបណ្ដេញចេញពីកម្ពុជា ដោយជាប់ពាក់ព័ន្ធករណីលួចឆ្លងដែន, បន្លំឯកសារក្លែងក្លាយ, ស្នាក់នៅគ្មានលិខិតឆ្លងដែន, ចាប់ជំរិទទារប្រាក់, ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ (QR Code ក្លែងក្លាយ), ឆបោកតាមប្រព័ន្ធអនឡាញ, ធ្វើការងារខុសច្បាប់, និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀតនៅក្នុងកម្ពុជា។ ពួកគេត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។

សូមជម្រាបថា ការបណ្ដេញចេញជនជាតិបរទេសដែលប្រព្រឹត្តអំពើខុសច្បាប់ចេញពីកម្ពុជាបន្តបន្ទាប់ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងប្រទេសកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងឡើយ ជាពិសេស ចំពោះមេខ្លោងដែលនៅពីក្រោយ។ វិធានការនេះក៏ជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយ ឱ្យមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕






