
ក្រុងប៉ោយប៉ែត៖ កម្លាំងសមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធកម្ពុជា និងភាគីថៃ បើកប្រតិបត្តិការរួមគ្នា ក្នុងការបញ្ជូនពលរដ្ឋថៃ ដែលផុតទោសត្រឡប់ទៅប្រទេសវិញ ព្រមទាំងទទួលយកពលរដ្ឋខ្មែរដែលអាជ្ញាធរថៃចាប់បញ្ជូនបកត្រឡប់ មកវិញសរុបចំនួន៤៣នាក់…។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង០៩:៤៥នាទីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រោមការដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយមានការចូលរួមពីកម្លាំងមន្ត្រីជំនាញពាក់ព័ន្ធ។ ដោយឡែក ភាគីថៃ ដឹកនាំដោយលោកស្រី អនុសេនីយ៍ឯក ប្រៈភារ័ត្ន ពីនប្រៈដាប់ (ประภารัตน์ ปิ่นประดับ) តំណាងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិក្លងលឹក ស្រុកអារញ្ញប្រទេស ខេត្តស្រះកែវ ព្រមទាំងមានការចូលរួមពីអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ។

យោងតាមរបាយការណ៍ផ្លូវការ បានឱ្យដឹងថា លទ្ធផលនៃកិច្ចប្រតិបត្តិការប្រគល់ និងទទួលពលរដ្ឋប្រទេសទាំងពីរ រួមមាន៖ ១.ការបញ្ជូនពលរដ្ឋថៃចេញពីកម្ពុជា៖ សមត្ថកិច្ចកម្ពុជាបានធ្វើការបណ្តេញពលរដ្ឋថៃចំនួន១១នាក់ (ស្រី០៥នាក់)ត្រឡប់ទៅប្រទេសថៃវិញ បន្ទាប់ពីពួកគេបានអនុវត្តទោសនៅពន្ធនាគាររួចរាល់ ជុំវិញបទល្មើសលួចស្នាក់នៅ និងធ្វើការងារដោយខុសច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ២.ការទទួលពលរដ្ឋខ្មែរពីភាគីថៃ៖ អាជ្ញាធរថៃ បានប្រគល់ពលរដ្ឋខ្មែរដែលបានឆ្លងដែនខុសច្បាប់ចំនួន៣២នាក់ (ស្រី០៧នាក់ និងកុមារ០៣នាក់) ជូនមកអាជ្ញាធរកម្ពុជាវិញ។

ភ្លាមៗបន្ទាប់ពីទទួលបានពលរដ្ឋខ្មែរទាំង៣២នាក់ សមត្ថកិច្ចប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសម្រួលផ្តល់អាហារសម្រន់ជូនពួកគាត់គ្រប់ៗគ្នា។ ជាមួយគ្នានោះ សមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើសម្រង់សាវតារទុកជាឯកសារនៅអង្គភាព រួចបានចាត់កម្លាំងជួយដឹកជញ្ជូនពួកគាត់បន្តទៅប្រគល់ជូនមន្ត្រីជំនាញនៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីរៀបចំនីតិវិធីសម្របសម្រួលបញ្ជូនពួកគាត់ត្រឡប់ទៅស្រុកកំណើតវិញ ដោយសុវត្ថិភាព៕





