ថៃបញ្ជូនមន្រ្តីមកសង្កេតការណ៍ក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនី ព្រោះហាក់បារម្ភខ្លាំងខ្លាចកម្ពុជាលាតត្រដាងពីទង្វើឈ្លានពាន
Mao Sopha
•
4 ម៉ោងមុន

រាជធានីភ្នំពេញ៖ ថៃ នឹងបញ្ជូនតំណាងខ្លួនក្នុងនាមត្រឹមជាអ្នកសង្កេតការណ៍ប៉ុណ្ណោះ ឱ្យមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ បច្ចុប្បន្ន ថៃ មិនមែនជាសមាជិកពេញសិទ្ធិនៃអង្គការហ្វ្រង់កូហ្វូនី (Francophonie) ឬសហគមន៍នៃប្រជាជាតិប្រើភាសាបារាំងនោះទេ។ 

វិមានឯករាជ្យក្នុងរាជធានីភ្នំពេញ
វិមានឯករាជ្យក្នុងរាជធានីភ្នំពេញ

ថៃ ក្លាយជាអ្នកសង្កេតការណ៍នៃអង្គការអន្តរជាតិនេះតាំងពីឆ្នាំ២០០៨មក។ ឋានៈជាអ្នកសង្កេតការណ៍ អាចចូលរួមប្រជុំ ប៉ុន្តែជាទូទៅ មិនមានសិទ្ធិក្នុងការចូលរួមពិភាក្សា បញ្ចេញមតិ ដេញដោល ឬចូលរួមអនុម័តសេចក្តីសម្រេចអ្វីឡើយ (និយាយឱ្យខ្លី និងងាយយល់ គឺបានត្រឹមអង្គុយស្តាប់ និងកត់ត្រាប៉ុណ្ណោះ។ លោក ស៊ីហស័ក្តិ ភួងកេតកែវ (Sihasak Phuangketkeow) រដ្ឋមន្ត្រីការបរទេសថៃ បានប្រកាសនៅឯវិមានរាជរដ្ឋាភិបាលថៃក្នុងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ អំពីការសម្រេចចិត្តបញ្ចូនមន្រ្តីសង្កេតការណ៍ មកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា។ 

លោក សីហស័ក្តិ
លោក សីហស័ក្តិ

បើពិនិត្យមើល​ គេនឹងអាចដឹងថា ថៃហាក់ដូចជាបារម្ភខ្លាំងខ្លាចកម្ពុជា និយាយការពិតក្នុងវេទិកាអន្តរជាតិកម្រិតខ្ពស់មួយនេះ អំពីការឈ្លានពានមកលើកម្ពុជា ដូច្នេះហើយ ទើបដាច់ចិត្តបញ្ជូនមន្រ្តីខ្លួនមកចូលរួមសង្កេតការណ៍។ កាសែតថៃ ខាវសត បានចុះផ្សាយដោយផ្អែកតាមសម្តីលោក សីហស័ក្តិ ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី មានគោលបំណងពិភាក្សាអំពីបញ្ហានានាពាក់ព័ន្ធនឹងសហគមន៍ប្រើប្រាស់ភាសាបារាំង ហើយមិនគួរប្រើប្រាស់ជាវេទិកានេះ សម្រាប់ពិភាក្សាអំពីជម្លោះរវាងថៃ និងកម្ពុជានោះទេ។ លើសពីនេះ លោក ស្នើឱ្យកម្ពុជា ជៀសវាងការលើកយកភាពតានតឹងរវាងប្រទេសទាំងពីរមកពិភាក្សាក្នុងកិច្ចប្រជុំនេះ ដោយសំអាងហេតុផលថា ជម្លោះរវាងប្រទេសទាំងពីរ មិនស្ថិតក្នុងវិសាលភាពនៃកិច្ចប្រជុំឡើយ។ នេះជាភស្តតាងដែលបង្ហាញថៃ ដូចជាបារម្ភពិតមែន ទាំងដែលកិច្ចប្រជុំដ៏ធំមួយនេះ មិនទាន់មកដល់ផង។ 

រូបតំណាងអំពីការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា
រូបតំណាងអំពីការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា

ទោះយ៉ាងណាក៏ដោយ ថៃ គ្មានសិទ្ធិមកហាមឃាត់កម្ពុជាឡើយ។ ម្យ៉ាងទៀត វាជារឿងគួរអស់សំណើច ដែលថៃនៅតែបន្តរំលោភបំពានទឹកដីកម្ពុជានៅតាមបណ្តោយព្រំដែន តែបែរជាមកហាមកម្ពុជាម្តងហើយម្តងទៀត មិនឱ្យថ្លែងសារតាមវេទិកាអន្តរជាតិ អំពីទង្វើរំលោភបំពាននេះទៅវិញ។ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជា (ទទក) ស្តីពីការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស ថ្លែងថា កម្ពុជា តែងផ្តល់សារសំខាន់ជានិច្ចដល់គោលការណ៍ច្បាប់អន្តរជាតិ ការសន្ទនា និងសន្តិវិធី ក្នុងការដោះស្រាយជម្លោះជាមួយថៃ។ 

លោក ប្រាក់ សុខុន 
លោក ប្រាក់ សុខុន 

ជាមួយគ្នា លោក​ ប្រាក់ សុខុន ចាត់ទុកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជាឱកាសមាសសម្រាប់កម្ពុជា ដែលនឹងបង្ហាញឱ្យបណ្តាមេដឹកនាំ និងភ្ញៀវបរទេសមកពីទ្វីបទាំង៥ បានស្គាល់កម្ពុជាកាន់តែច្បាស់។ ក្នុងចំណោមបណ្តាមេដឹកនាំទាំងនោះ លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង ក៏នឹងមកចូលរួមកិច្ចប្រជុំដ៏ពិសេសនេះនៅកម្ពុជាផងដែរ៕ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ម៉ាក្រុង
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ម៉ាក្រុង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត