
ក្រុងច្បារមន៖ ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ នៅសាលាពលទាហានយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានណែនាំដល់យុវជនយោធិនកាតព្វកិច្ចទាំងអស់ ត្រូវប្រកាន់ខ្ជាប់ស្មារតីស្នេហាជាតិ និងស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាល គោរពច្បាប់ និងបទបញ្ជារបស់កងទ័ព...។

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ថា ការបំពេញកាតព្វកិច្ចយោធា គឺជាកាតព្វកិច្ច និងកិត្តិយសរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការរួមចំណែកការពារជាតិ ព្រមទាំងជាឱកាសសម្រាប់យុវជនកសាងវិន័យ កាយសម្បទា ចំណេះដឹង ជំនាញ និងសមត្ថភាពរស់នៅជាក្រុម ដែលអាចយកទៅប្រើប្រាស់ក្នុងជីវិត និងការងារនាពេលអនាគត។ ដូច្នេះ យុរជនត្រូវពង្រឹងសាមគ្គីភាព ឯកភាព ខិតខំសិក្សារៀនសូត្រ និងហ្វឹកហាត់ឱ្យបានម៉ឺងម៉ាត់ ហើយត្រូវប្រើប្រាស់បណ្តាញសង្គម ប្រកបដោយការទទួលខុសត្រូវ រក្សាការសម្ងាត់កងទ័ព និងត្រូវចៀសវាងគ្រឿងញៀន ល្បែងស៊ីសង និងអំពើល្មើសគ្រប់ប្រភេទ ដើម្បីក្លាយជាយោធិនមានគុណភាព និងជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។ វគ្គហ្វឹកហ្វឺននេះ នឹងផ្តល់ចំណេះដឹង ជំនាញ បទពិសោធ និងអប់រំវិន័យកងទ័ពដល់យុវជន ដើម្បីកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងភាពអត់ធ្មត់ សម្រាប់ត្រៀមបំពេញភារកិច្ចការពារជាតិ ប្រជាជន អធិបតេយ្យភាព និងបូរណភាពទឹកដី នៅពេលប្រទេសជាតិត្រូវការ។

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានកោតសរសើរចំពោះយុវជនដែលបានស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាប្រកបដោយស្មារតីស្នេហាជាតិ និងបានថ្លែងអំណរគុណដល់មាតាបិតា អាណាព្យាបាល ដែលបានគាំទ្រកូនចៅឱ្យចូលរួមបំពេញភារកិច្ចការពារជាតិមាតុភូមិ។ សូមជម្រាបថា វគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ទី១ មានយោធិនកាតព្វកិច្ច៥ពាន់នាក់ ហើយវគ្គទី២ មានចំនួន៥ពាន់នាក់ទៀត ដែលនឹងចាប់ផ្តើមនៅចុងខែកុម្ភៈ ឬដើមខែមីនា ឆ្នាំ២០២៧។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចាត់ទុកការហ្វឹកហ្វឺនយោធិនកាតព្វកិច្ចនៅពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ ការស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ព្រោះជាកិត្តិយស មិនមែនជាបន្ទុក ហើយមិនត្រូវចាត់ទុកថា ជាការចំណាយនោះទេ ប៉ុន្តែជាការវិនិយោគដើម្បីយុវជនខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ៕





