កម្ពុជា ជំរុញការកែច្នៃ-នាំចេញគ្រាប់ស្វាយចន្ទី និងម្រេច ទៅកាន់ទីផ្សារអឺរ៉ុបបង្កើនតម្លៃជួយកសិករ
អ
អុន សម្ផស្ស
•
6 ម៉ោងមុន

រាជធានីភ្នំពេញ៖ «ពីកម្ពុជាទៅកាន់ពិភពលោក៖ ការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប» គឺជាប្រធានបទនៃវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ បានប្រកាសបើកនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ ក្នុងពិធីបើក រដ្ឋមន្ត្រីអន្តរក្រសួងចំនួន៣ សុទ្ធតែប្រកាសពីស្មារតីរួម គឺតភ្ជាប់ខ្សែច្រវាក់តម្លៃ ចាប់ពីការដាំដុះ ការកែច្នៃ និងការពង្រឹងគុណភាព រហូតដល់ការស្វែងរកទីផ្សារ និងការនាំចេញដោយចីរភាព ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាពីប្រទេសផ្គត់ផ្គង់វត្ថុធាតុដើមកសិកម្ម ទៅជាប្រទេសផលិត និងនាំចេញផលិតផលកសិ-ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់...។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានលើកឡើងពីលក្ខណៈពិសេសនៃផលិតផលកម្ពុជា ដោយគ្រាប់ស្វាយចន្ទីកម្ពុជា មានទំហំធំ និងរសជាតិខ្ទិះឆ្ងាញ់ជាប់មាត់ ខណៈម្រេចកំពត ត្រូវបានចុងភៅលំដាប់កំពូលៗជ្រើសរើសជាគ្រឿងទេស សម្រាប់ចម្អិនម្ហូបនៅតាមភោជនីយដ្ឋានដ៏ប្រណីត ជុំវិញពិភពលោក។ លោកស្រី ក៏បានគូសបញ្ជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងជំរុញ និងសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ផលិតផលកសិ-កែច្នៃរបស់កម្ពុជា រួមទាំងគ្រាប់ស្វាយចន្ទី និងម្រេច បច្ចុប្បន្ន កំពុងមានវត្តមានដាក់លក់នៅតាមទីផ្សារអន្តរជាតិសរុបជាង ២៣០០០ទីតាំង ក្នុងនោះ មានបណ្តាញផ្សារធំៗ។ វឌ្ឍនភាពនេះ ឆ្លុះបញ្ចាំងពីការពង្រីកវត្តមានផលិតផលកម្ពុជា នៅលើទីផ្សារអន្តរជាតិ និងជាកម្លាំងជំរុញឱ្យបន្តពង្រឹងគុណភាព បង្កើនតម្លៃបន្ថែម និងស្វែងរកឱកាសទីផ្សារថ្មីៗបន្ថែមទៀត។

ហាក់មិនខុសគ្នា រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា ចាត់ទុកការបើក និងពង្រីកទីផ្សារនាំចេញទៅកាន់សហភាពអឺរ៉ុប ជាឱកាសសម្រាប់កម្ពុជា ក្នុងការលើកកម្ពស់ផលិតផលកសិកម្មក្នុងស្រុក បង្កើនសមត្ថភាពប្រកួតប្រជែង និងបង្កើតតម្លៃសេដ្ឋកិច្ចបន្ថែមពីផលិតកម្មកសិកម្ម។ ក្នុងន័យនេះ ក្រសួងកសិកម្មអះអាងថា នឹងបន្តគាំទ្រប្រជាកសិករតាមរយៈកម្មវិធីហិរញ្ញប្បទាន សម្រាប់លើកស្ទួយផលិតកម្ម ការរៀបចំសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ដើម្បីជួយកាត់បន្ថយថ្លៃដើមផលិតកម្ម តភ្ជាប់ខ្សែច្រវាក់តម្លៃ និងលើកកម្ពស់ការអនុវត្តកសិកម្មល្អ (GAP)។ ក្រសួងកសិកម្ម ក៏បានផ្តោតលើការពង្រឹងគុណភាព សុវត្ថិភាព និងភាពធន់នៃផលិតកម្មកសិកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារអន្តរជាតិ ជាពិសេស ទីផ្សារសហភាពអឺរ៉ុប ដែលមានស្ដង់ដារខ្ពស់លើគុណភាព និងសុវត្ថិភាពផលិតផល។

របាយការណ៍ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងឆ្នាំ២០២៥ បង្ហាញថា កម្ពុជា ផលិតស្វាយចន្ទីបានប្រមាណ១លានតោន ប៉ុន្តែភាគច្រើនត្រូវបាននាំចេញជាគ្រាប់ឆៅ។ រោងចក្រ និងសហគ្រាសកែច្នៃក្នុងស្រុក មានសមត្ថភាពកែច្នៃសរុបប្រមាណ៨៦៨០០តោនក្នុងមួយឆ្នាំ ខណៈបរិមាណកែច្នៃជាក់ស្តែង មានត្រឹម២២៦០០តោន ឬប្រមាណ២៦ភាគរយ នៃសមត្ថភាពដែលមានស្រាប់។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក ហែម វណ្ណឌី លើកឡើងថា៖«គោលដៅរបស់យើងមិនមែនគ្រាន់តែបង្កើនបរិមាណនាំចេញនោះទេ ប៉ុន្តែត្រូវជំរុញការកែច្នៃក្នុងស្រុក លើកកម្ពស់គុណភាព និងស្ដង់ដារ ព្រមទាំងកសាងម៉ាកសញ្ញា ដើម្បីឱ្យផលិតផលកម្ពុជាទទួលបានតម្លៃបន្ថែមកាន់តែខ្ពស់ និងការទទួលស្គាល់លើទីផ្សារអន្តរជាតិ»។

លោកបន្ថែមថា ការប្រើប្រាស់សមត្ថភាពកែច្នៃដែលមានស្រាប់ ឱ្យកាន់តែមានប្រសិទ្ធភាព ទាមទារឱ្យមានការផ្សារភ្ជាប់កាន់តែប្រសើររវាងការផ្គត់ផ្គង់វត្ថុធាតុដើម ហិរញ្ញប្បទាន បច្ចេកវិទ្យា ជំនាញ និងទីផ្សារ។ ចំពោះវិស័យម្រេច ការចុះបញ្ជីម្រេចកំពតជាផលិតផលសម្គាល់ភូមិសាស្ត្រនៅសហភាពអឺរ៉ុប ជាឧទាហរណ៍​នៃការប្រើប្រាស់លក្ខណៈពិសេសផ្នែករសជាតិ គុណភាព និងអត្តសញ្ញាណប្រភពដើម សម្រាប់បង្កើនគុណតម្លៃផលិតផលខ្មែរនៅលើទីផ្សារអន្តរជាតិ។ ក្រសួងឧស្សាហកម្ម កំពុងអនុវត្តគំនិតផ្តួចផ្តើមលើបច្ចេកវិទ្យាកែច្នៃម្ហូបអាហារ សេវាគាំទ្រធុរកិច្ច និងការវេចខ្ចប់ប្រកបដោយនិរន្តរភាព ដើម្បីជួយសហគ្រាសលើកកម្ពស់គុណភាពផលិតផល ពង្រឹងសមត្ថភាពកែច្នៃ និងបំពេញតាមតម្រូវការទីផ្សារ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត