
ក្រុងសិរីសោភ័ណ៖ កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យចំនួន៧នាក់ ទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរ រក្សាទុកសារធាតុញៀន និងកាន់កាប់អាវុធដោយខុសច្បាប់...។

ផ្អែកតាមរបាយការណ៍ពីមន្រ្តីជំនាញ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា តាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ច បញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងដោយមានបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, កម្លាំងជំនាញបានបើកការស្រាវជ្រាវ ស៊ើបអង្កេត រហូតក្តាប់បានមុខសញ្ញាយ៉ាងច្បាស់លាស់ ឈានទៅដល់ការបំបែកសំណុំរឿង និងឃាត់ខ្លួនក្រុមជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន៧នាក់ នៅក្នុងភូមិសាស្ត្រភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងនោះ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ ថ្នាំញៀនមួយចំនួន អាវុធខុសច្បាប់ ព្រមទាំងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅដល់ដៃតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតិវិធីផ្តន្ទាទោសតាមច្បាប់ជាធរមាន ពាក់ព័ន្ធករណីជួញដូរ ដឹកជញ្ជូន រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងករណីលួច, សមគំនិតក្នុងអំពើលួច, ទទួលផលចោរកម្មស្ថានទម្ងន់ទោស, រួមទាំងករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត៕ រាយការណ៍ដោយ៖ ឈុន មករា





