
ក្រុងសៀមរាប៖ នៅថ្ងៃទី១០វិច្ឆិកានេះ នគរបាលជាតិកម្ពុជា និងនគរបាលសហព័ន្ធអូស្ត្រាលី (AFP) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បាន បើកវគ្គបណ្ដុះបណ្ដាលស្តីពី«មូលដ្ឋានគ្រឹះនៃរូបិយបណ្ណគ្រីបតូ» ជូនដល់សិក្ខាកាមនគរបាលជាតិកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីការវិវត្តរ៍នៃបច្ចេកវិទ្យាថ្មីៗរបស់ពិភពលោក...។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានគូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានសិក្ខាកាមចូលរួមសរុបចំនួន២៥នាក់ ក្នុងនោះ មន្រ្តីនគរបាលកម្ពុជាមានចំនួន២០នាក់ និងមន្រ្តីនគរបាលមកពីប្រទេសឡាវ ចំនួន៥នាក់ បានចូលរួមសិក្សាអំពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល បានបង្កើតនូវកាលានុវត្តភាពជាច្រើន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ លើសពីនេះ ការបង្កើតនូវទម្រង់ថ្មីៗនៃទ្រព្យសម្បត្តិឌីជីថល ដូចជា រូបិយបណ្ណគ្រីបតូ (Cryptocurrency) ត្រូវបានជនល្មើសឆ្លងដែនមួយចំនួន យកទៅប្រើប្រាស់ជាមធ្យោបាយក្នុងសកម្មភាពបទល្មើសផ្សេងៗដូចជា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការសម្អាតប្រាក់ និងបទល្មើសហិរញ្ញវត្ថុ ឆ្លងដែនផ្សេងៗទៀត។

លោកបន្ថែមថា ការវិវត្តនៃបទល្មើសបច្ចេកវិទ្យាទាំងនេះ ទាមទារឱ្យកងកម្លាំងនគរបាលជាតិ ត្រូវមានចំណេះដឹង សមត្ថភាព និងជំនាញច្បាស់លាស់ ក្នុងការយល់ដឹងអំពីរចនាសម្ព័ន្ធបច្ចេកវិទ្យា យន្តការនៃប្រតិបត្តិការរូបិយបណ្ណគ្រីបតូ និងវិធីសាស្ដ្រស្រាវជ្រាវ ស្វែងរកតម្រុយ និងបង្ក្រាបបទល្មើសឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។លោកបន្តថា វគ្គបណ្ដុះបណ្ដាលនេះ ពិតជាមានសារសំខាន់ និងឆ្លើយតបចំទិសដៅ នឹងតម្រូវការជាក់ស្តែង ក្នុងការកសាង ពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់កម្ពុជា និងឡាវ ឱ្យមានចំណេះដឹង និងជំនាញទាន់សភាពការណ៍ ព្រមទាំងអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាព ទៅនឹងការវិវត្តនៃបច្ចេកវិទ្យាទំនើប និងបទល្មើសក្នុងយុគសម័យឌីជីថល។លោកសង្ឃឹមថា បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាល សិក្ខាកាមទាំងអស់នាំយកចំណេះដឹង និងជំនាញដែលទទួលបាន ទៅអនុវត្តបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ក៏ដូចជាចែករំលែកបន្តជូនដល់សហការី នៅតាមអង្គភាពរៀងៗខ្លួន៕





