ក្រុមហ៊ុនអាម៉េរិក GE ប្រមូលលុយពីចិនជិត១៣ពាន់លានដុល្លារ ចំពេលក្រុមហ៊ុនយន្ដហោះប៉េកាំង C919 ប្រឈមនឹងការលំបាកខ្លាំង
S
Sinuon Nop
•
3 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ ប្រតិបត្ដិករ​យន្តហោះ​ C919 ឈានមុខគេមួយរបស់ប្រទេសចិន បានធានា​នូវម៉ាស៊ីនយន្តហោះបម្រុង ប៉ុន្តែការប្រគល់យន្តហោះ ​ផលិតក្នុងស្រុកទាំងនេះ ​មានភាពយឺតយ៉ាវខ្លាំងជាងការរំពឹងទុក ដោយសារបញ្ហាប្រឈមមុខជាច្រើន នៅក្នុងការស្វែងរកគ្រឿងបន្លាស់ មកពីសហរដ្ឋអាម៉េរិក...។

ម៉ាស៊ីនយន្ដហោះរបស់ក្រុមហ៊ុនអាម៉េរិក  GE Aerospace
ម៉ាស៊ីនយន្ដហោះរបស់ក្រុមហ៊ុនអាម៉េរិក  GE Aerospace

​សារព័ត៌មានហុងកុង South China Morning Post បានចេញផ្សាយនៅរសៀល ថ្ងៃអង្គារទី១០ ខែវិច្ឆិកានេះថា ក្រុមហ៊ុនផ្គល់ផ្គង់ម៉ាស៊ីនយន្ដហោះរបស់អាម៉េរិកាំង GE Aerospace បានចុះហត្ថលេខាលើកិច្ចព្រម​​ព្រៀងជាច្រើន ​មានតម្លៃរហូតដល់ទៅ១២,៩ពាន់លានដុល្លារអាម៉េរិក ដោយបានបំបែកកំណត់ត្រាដ៏ធំបំផុតមួយ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្តរជាតិរបស់ប្រទេសចិន (CIIE) សម្រាប់ឆ្នាំ២០២៦។ កិច្ចព្រមព្រៀងទាំងនេះ រួមមាន៖ ការផ្គត់ផ្គង់ម៉ាស៊ីនយន្តហោះឱ្យក្រុមហ៊ុនអាកាសចរណ៍​ China Eastern Airlines (ឆាយណា អេស្ធើន អ៊ែរឡាញ) ដែលជាប្រតិបត្តិករដ៏ធំបំផុត​ នៅក្នុងប្រទេសចិន សម្រាប់យន្តហោះដឹកអ្នកដំណើរម៉ូដែល C919 ​ផលិតឡើង ដោយចិនផ្ទាល់។

យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍​ China Eastern​
យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍​ China Eastern​

ក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះរបស់សហរដ្ឋអាម៉េរិក GE Aerospace បានឱ្យដឹងថា ខ្លួនបានចុះកិច្ចព្រមព្រៀងលក់ម៉ាស៊ីនយន្តហោះចំនួន១៤គ្រឿង ជាមួយក្រុមហ៊ុន China Eastern Airlines ដែលជាសហគ្រាសរដ្ឋចិន។ នៅក្នុងចំណោមម៉ាស៊ីនយន្ដហោះទាំងនោះ រួមមាន ម៉ាស៊ីនម៉ូដែល Leap-1C សម្រាប់បំពាក់នៅក្នុងយន្តហោះ C919 ជាយន្តហោះមានតួតូច ត្រូវបានរចនាឡើងដើម្បីប្រកួតប្រជែង ជាមួយយន្តហោះ ផលិតដោយក្រុមហ៊ុនអឺរ៉ុប Airbus និងក្រុមហ៊ុនផលិតយន្ដហោះរបស់សហរដ្ឋអាម៉េរិក Boeing។ ក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះ​សហរដ្ឋអាម៉េរិក GE Aerospace បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ​កិច្ចព្រមព្រៀងទាំងនេះ គឺ​ផ្នែកមួយ នៃកិច្ចព្រមព្រៀងលក់ម៉ាស៊ីនយន្ដហោះ និងសេវាកម្មជាច្រើន ដែលក្រុមហ៊ុនបានចុះហត្ថលេខា ជាមួយក្រុមហ៊ុននានារបស់ចិន នៅក្នុងពិធីតាំងពិព័រណ៍របស់ចិន CIIE។

យន្ដហោះ ​C919 ផលិតដោយក្រុមហ៊ុនរដ្ឋចិន Comac
យន្ដហោះ ​C919 ផលិតដោយក្រុមហ៊ុនរដ្ឋចិន Comac

នេះ​ជាកិច្ចព្រមព្រៀងមានតម្លៃសរុបដ៏ធំបំផុត ដែលក្រុមហ៊ុនផលិតម៉ាស៊ីនយន្ដហោះរបស់សហរដ្ឋអាម៉េរិក ធ្លាប់ទទួលបាន នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មប្រចាំឆ្នាំនេះ។​ លោក លី ហានមីង (Li Hanming) អ្នកវិភាគវិស័យអាកាសចរណ៍ឯករាជ្យ បានបញ្ជាក់ថា៖ បច្ចុប្បន្ន ក្រុមហ៊ុន China Eastern Airlines ក្លាយជាអ្នកប្រើប្រាស់ដ៏ធំបំផុតរបស់​យន្ដហោះហោះ C919 ហើយក្រុមហ៊ុននេះ ពិតជាត្រូវការម៉ាស៊ីនបម្រុងទុកជាច្រើនគ្រឿង ដើម្បីធានាថា ប្រតិបត្តិការនៃកងយន្តហោះរបស់ខ្លួន ដំណើរការទៅដោយរលូន និងមានសុវត្ថិភាព​។ ម៉ាស៊ីនម៉ូដែល Leap-1C ធ្លាប់ត្រូវ​ដាក់ក្នុងបញ្ជីហាមឃាត់​​ នៅក្នុងអំឡុងពេលសង្គ្រាមពាណិជ្ជកម្ម រវាងចិន និងសហរដ្ឋអាម៉េរិក កាលពីឆ្នាំ២០២៥ ប៉ុន្តែឥឡូវ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានចេញអាជ្ញាប័ណ្ណនាំចេញឡើងវិញ សម្រាប់ម៉ាស៊ីនយន្ដហោះ ប្រភេទនេះ​​។​

ទោះជាយ៉ាងណាក៏ដោយ ការពឹងផ្អែករបស់ប្រទេសចិន ទៅលើក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនយន្ដហោះរបស់​សហរដ្ឋអាម៉េរិក សម្រាប់គ្រឿងបន្លាស់យន្តហោះដ៏សំខាន់ៗ ​នៅតែមិនមានការផ្លាស់ប្ដូរដដែល។​​ កិច្ចព្រមព្រៀងលើម៉ាស៊ីនយន្ដហោះថ្មីនេះ បានកើតឡើង ដោយសារក្រុមហ៊ុនផលិតយន្ដហោះ C919 ជាសាជីវកម្មយន្ដហោះ គ្រប់គ្រងដោយរដ្ឋចិន (Comac) ប្រឈមមុខនឹងការលំបាកជាច្រើន ចំពោះផលិតផលយន្ដហោះរបស់ខ្លួន និងការបញ្ចេញយន្ដហោះ ទៅកាន់គោលដៅនានា៕​​

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត