
រដ្ឋធានីវ៉ាស៊ីនតោន៖ កងទ័ពអាកាសសហរដ្ឋអាម៉េរិក បានសម្រេចចិត្តជម្លៀសយន្តហោះចម្បាំង និងយន្តហោះយោធារបស់ខ្លួនបន្ទាន់ ចេញពីមូលដ្ឋានទ័ពអាកាសទី២ នៅក្នុងប្រទេសអង់គ្លេស កាលពីថ្ងៃចន្ទទី៩ ខែវិច្ឆិកា បន្ទាប់ពីប្រឈមមុខនឹងការគំរាមកំហែងពីសំណាក់ប្រទេសអ៊ីរ៉ង់។ ការជម្លៀសចេញយ៉ាងតក់ក្រហល់នេះ កើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋធានីវ៉ាស៊ីនតោន ដកយន្តហោះទម្លាក់គ្រាប់បែកចេញពីមូលដ្ឋានទ័ព RAF Fairford ដោយសារឧបទ្ទវហេតុសន្តិសុខ ជាប់ពាក់ព័ន្ធនឹងអ៊ីរ៉ង់។ នេះបើយោងតាមកាសែត Wall Street Journal បានទម្លាយដោយផ្អែកលើប្រភពព័ត៌មានស្និទ្ធនឹងរឿងនេះ...។

របាយការណ៍របស់ WSJ បង្ហាញថា យន្តហោះដឹកប្រេងឥន្ធនៈ mid-air refueling របស់សហរដ្ឋអាម៉េរិកចំនួន២គ្រឿង កំពុងឈរជើងនៅមូលដ្ឋានទ័ព RAF Mildenhall បានបង្វែរទិសដៅហោះហើរបន្ទាន់ទៅកាន់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃចន្ទ ខណៈយន្តហោះដឹកប្រេងជាច្រើនគ្រឿងផ្សេងទៀតនៅមូលដ្ឋាននោះ ក៏ត្រូវបានបញ្ជាឱ្យជម្លៀសចេញទៅកាន់អាល្លឺម៉ង់ និងទីតាំងផ្សេងទៀតជាបន្តបន្ទាប់ នៅថ្ងៃដដែលផងដែរ។ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិក កំពុងតែដេញដោល និងវាយតម្លៃយ៉ាងក្ដៅគគុកអំពីចរិតពិតប្រាកដនៃការគំរាមកំហែង ទៅលើមូលដ្ឋានទ័ព RAF Mildenhall នេះ។ សហរដ្ឋអាម៉េរិក បានដំឡើងកម្រិតប្រុងប្រយ័ត្នសន្តិសុខនៅមូលដ្ឋាន RAF Mildenhall និង RAF Lakenheath ទៅជាកម្រិត «FPCON Charlie» ដែលជាកម្រិតការពារខ្លួន និងប្រកាសអាសន្នសន្តិសុខខ្ពស់បំផុតទី២របស់ក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក។

អ្នកនាំពាក្យក្រសួងការពារជាតិអង់គ្លេស បានអះអាងថា៖«យើងមិនទម្លាប់ធ្វើអត្ថាធិប្បាយ លើសកម្មភាពរបស់ប្រទេសផ្សេងនោះឡើយ។ យន្តហោះ និងទ្រព្យសកម្មយោធា តែងមានការផ្លាស់ប្ដូរ និងផ្លាស់ទីជាទៀងទាត់ ទៅតាមតម្រូវការប្រតិបត្តិការ»។ ចំណែកអ្នកនាំពាក្យកងទ័ពអាកាសសហរដ្ឋអាម៉េរិក បានបដិសេធផ្តល់ព័ត៌មានលម្អិត អំពីការផ្លាស់ទីប្តូរទីតាំងយោធានេះ ដោយគ្រាន់តែអះអាងថា យន្តហោះសហរដ្ឋអាម៉េរិក តែងផ្លាស់ប្ដូរវេនគ្នារវាងមូលដ្ឋានប្រតិបត្តិការផ្សេងៗ ដោយសារហេតុផលជាច្រើន។ គួររំលឹកផងដែរថា បុរស៥នាក់ ត្រូវបានចាប់ខ្លួននៅខាងក្រៅមូលដ្ឋានទ័ពអាកាស RAF Fairford ភាគនិរតីនៃប្រទេសអង់គ្លេស កាលពីខែកញ្ញា ពាក់ព័ន្ធនឹងឧបទ្ទវហេតុសន្តិសុខដ៏ធ្ងន់ធ្ងរមួយ ហើយ២នាក់ផ្សេងទៀត ត្រូវចាប់ខ្លួនជាបន្តបន្ទាប់ ក្រោមបទសង្ស័យថា បានជួយសម្រួលដល់ភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់៕




