សិង្ហបុរី ឃាត់ទុកនាវាទេសចរណ៍ Odyssey ក្រោយចេញពីកម្ពុជា សង្ស័យពាក់ព័ន្ធវិបត្តិបំណុល
S
Sinuon Nop
•
5 ម៉ោងមុន

រដ្ឋធានីសិង្ហបុរី៖ នាវាទេសចរណ៍ដែលធ្វើដំណើរជុំវិញពិភពលោក សម្រាប់ស្នាក់នៅអចិន្ត្រៃយ៍ ឈ្មោះ «Odyssey» ដែលបានមកឈប់សំចតនៅកម្ពុជាមួយរយៈ ពេលនេះ ត្រូវបានតុលាការប្រទេសសិង្ហបុរី ឃាត់ទុក បន្ទាប់ពីក្រុមហ៊ុនអាម៉េរិកាំង ធ្វើប្រតិបត្តិការនាវានេះ ជួបប្រទះនឹងវិបត្តិហិរញ្ញវត្ថុ រហូតដល់ដួលរលំដោយសារតម្លៃថាមពលឡើងថ្លៃយ៉ាងគំហុក ក្រោយសង្គ្រាមសហរដ្ឋអាម៉េរិករួមដៃជាមួយអ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់ ផ្ទុះឡើង...។

នាវាទេសចរណ៍ Odyssey បានឃាត់ទុក ដោយអាជ្ញាធរសិង្ហបុរី
នាវាទេសចរណ៍ Odyssey បានឃាត់ទុក ដោយអាជ្ញាធរសិង្ហបុរី

បណ្ដាញទូរទស្សន៍របស់សិង្ហបុរី Channel News Asia បានចេញផ្សាយកាលពីរសៀលថ្ងៃអង្គារទី១០ ខែវិច្ឆិកាថា អាជ្ញាធរសិង្ហបុរី បានឃាត់ទុកនាវាទេសចរណ៍ Odyssey កាលពីថ្ងៃអាទិត្យទី០៨វិច្ឆិកា ក្រោយធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា។ រីឯអ្នកដំណើរប្រហែល២០០នាក់ បានតម្រូវឱ្យចុះចេញពីលើនាវា។ ហេតុការណ៍នេះ បានធ្វើឱ្យអ្នកដំណើរប្រហែល២០០នាក់ ក្នុងនោះមានអ្នកខ្លះ បានលក់ទ្រព្យសម្បត្តិទាំងអស់របស់ខ្លួន ដើម្បីបានមកស្នាក់នៅលើនាវា ដែលបានជាប់គាំង និងតម្រូវឱ្យប្រញាប់ប្រញាល់ រើអីវ៉ាន់របស់ពួកគេចេញ។ នាវាទេសចរណ៍«Odyssey» ដែលធ្លាប់ផ្សព្វផ្សាយអំពីការធ្វើដំណើរកម្សាន្ដ នៅជុំវិញពិភពលោក សម្រាប់គោលបំណងទេសចរណ៍ ឬការស្នាក់នៅរយៈពេលវែង ត្រូវបានអាជ្ញាធរសិង្ហបុរីរឹបអូស តាមដីកាតុលាការ បន្ទាប់ពីនាវានេះ ធ្វើដំណើរពីប្រទេសកម្ពុជា ចូលមកដល់ដែនទឹករបស់សិង្ហបុរី។

នាវាទេសចរណ៍ Odyssey ចូលសំចត នៅកំពង់ផែរបស់ប្រទេសកម្ពុជា 
នាវាទេសចរណ៍ Odyssey ចូលសំចត នៅកំពង់ផែរបស់ប្រទេសកម្ពុជា 

អាជ្ញាធរសមុទ្ទ និងកំពង់ផែសិង្ហបុរី (MPA) បានបញ្ជាក់កាលពីថ្ងៃចន្ទថា នាវាទេសចរណ៍មួយគ្រឿងនេះ ត្រូវបានរឹបអូសតាមដីកាតុលាការ។ បច្ចុប្បន្ន នាវានេះ កំពុងសំចតនៅក្នុងដែនទឹកនៃកំពង់ផែសិង្ហបុរី ដោយគ្មានអ្នកដំណើរនៅលើនាវានេះឡើយ។ ដោយឡែក ក្រុមនាវិកនៅតែបន្តស្នាក់នៅលើនាវាដដែល ដោយមានសុខភាពល្អ និងស្ថិតក្រោមការមើលថែទាំពីសំណាក់ម្ចាស់បំណុលរបស់នាវានេះ។ បើតាមគហេទំព័ររបស់តុលាការសិង្ហបុរី បានឱ្យដឹងថា នាវា Odyssey ត្រូវបានរឹបអូសកាលពីព្រឹកថ្ងៃអាទិត្យ នៅកំពង់ផែនាវាទូទៅមួយកន្លែង ក្បែរតំបន់ឆាងហ្គី (Changi)។ ការរឹបអូសនេះ ត្រូវបានអនុវត្តដោយក្រុមហ៊ុនមេធាវី Helmsman LLC ប៉ុន្តែក្រុមហ៊ុននេះ មិនបានបញ្ជាក់ថា ខ្លួនតំណាងឱ្យភាគីណានោះឡើយ។

កាលពីខែតុលា នាវាទេសចរណ៍មួយគ្រឿងនេះ បានចូលសំចត នៅកំពង់ផែខេត្តព្រះសីហនុ ប្រទេសកម្ពុជា ក្នុងដំណើរដែលបានគ្រោងទុក។ ប៉ុន្តែអ្នកដំណើរប្រហែល២០០នាក់ បានតម្រូវឱ្យចុះពីលើនាវា បន្ទាប់ពីក្រុមហ៊ុន Villa Vie Residences មានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាម៉េរិក ប្រកាសពីការផ្អាកប្រតិបត្តិការរបស់ខ្លួនភ្លាមៗ។ ក្រុមហ៊ុន បានអះអាងថា ខ្លួនរងផលប៉ះពាល់ ដោយសារតម្លៃប្រេងឥន្ធនៈកើនឡើងយ៉ាងខ្លាំង បណ្ដាលមកពីជម្លោះ រវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។ នៅក្នុងតំបន់ខ្លះ នៃទ្វីបអាស៊ី តម្លៃប្រេងឥន្ធនៈ សម្រាប់បន្ទប់ស្នាក់នៅមួយក្នុងមួយខែ កើនឡើងពីតម្លៃមធ្យម១៨០០ដុល្លារ ទៅដល់ប្រហែល ៦០០០ ឬដល់៨០០០ដុល្លារអាម៉េរិក។ នាវា Odyssey នេះមានផ្ទុកអ្នកដំណើរចំនួន២០៣នាក់ និងសមាជិកនាវិកចំនួន១៥៦នាក់។

ភ្ញៀវទេសេចររបស់នាវាទេសចរណ៍ Odyssey និងក្រុមមន្រ្ដីកម្ពុជា
ភ្ញៀវទេសេចររបស់នាវាទេសចរណ៍ Odyssey និងក្រុមមន្រ្ដីកម្ពុជា

អ្នកដំណើរមួយចំនួន បានឱ្យដឹងថា ពួកគេបានលក់ទ្រព្យសម្បត្តិទាំងអស់ដែលមាន ដើម្បីអាចចំណាយលើការធ្វើដំណើរនេះ ប៉ុន្តែពួកគេត្រូវបានផ្តល់ពេលត្រឹមតែ៧ម៉ោងប៉ុណ្ណោះ ដើម្បីរៀបចំអីវ៉ាន់ នៅមុនពេលតម្រូវឱ្យចុះចេញពីលើនាវានេះ។ នាវា Odyssey បានចេញដំណើរពីរាជធានីបែលហ្វាសត៍ (Belfast) ប្រទេសអៀរឡង់ដ៏ខាងជើង នៅក្នុងអំឡុងខែតុលា ឆ្នាំ២០២៤ ដោយគ្រោងធ្វើដំណើរនៅជុំវិញពិភពលោក នៅក្នុងរយៈពេល៣,៥ឆ្នាំ ឆ្លងកាត់ប្រទេសចំនួន១៥០។ អតិថិជនអាចទិញសិទ្ធិជាម្ចាស់បន្ទប់ស្នាក់នៅ ដោយមានតម្លៃចាប់ពី១២០ ០០០ដុល្លារ ដល់៤៤០ ០០០ដុល្លារ ឬជួលក្នុងតម្លៃចាប់ពី៣៥០០ដុល្លារក្នុងមួយខែ ដោយរួមបញ្ចូលទាំងកញ្ចប់ស្នាក់នៅ រយៈពេល៥ឆ្នាំផងដែរ៕

ភ្ញៀវទេសេចររបស់នាវាទេសចរណ៍ Odyssey និងក្រុមមន្រ្ដីកម្ពុជា
ភ្ញៀវទេសេចររបស់នាវាទេសចរណ៍ Odyssey និងក្រុមមន្រ្ដីកម្ពុជា
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត